យ៉ង់ គឹមអេង៖ «ហ៊ុន សែន ច្រឡំ​អង្គការ​សង្គម​ស៊ីវិល​ដែល​បង្កើត​ដោយ​បក្ស»

មិនត្រឹមតែបានព្រមាន ថានឹងបង្កើតច្បាប់ គ្រប់គ្រង សមាគម និងអង្គការសង្គមស៊ីវិលនោះ តែលោក ហ៊ុន សែន បានព្រមាន ទៅកាន់បុគ្គល នៃអង្គការសង្គមស៊ីវិលណា ដែលតាំងខ្លួនជាអព្យាក្រិត្យ តែបែរជាដើរឃោសនា ឲ្យគណបក្សនយោបាយទៅវិញ នោះថែមទៀត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 02, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនត្រឹមតែថ្លែងជាសាធារណៈ ព្រមានថា នឹងធ្វើច្បាប់ គ្រប់គ្រង សមាគម និងអង្គការសង្គមស៊ីវិលនោះ លោក ហ៊ុន សែន ថែមទាំងបានរិះគន់យ៉ាងចាស់ដៃ ទៅលើបុគ្គល នៃអង្គការសង្គមស៊ីវិលណាក៏ដោយ ដែលជ្រកក្រោយ​ផ្លាក​អព្យាក្រិត្យ ឬឯករាជ្យ តែបែរជាដើរឃោសនា ឲ្យគណបក្សនយោបាយទៅវិញនោះ។

ក្នុងពិធីដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពាន និងផ្លូវជាតិលេខ៩ មិត្តភាពកម្ពុជា-ចិន ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែមេសា ម្សិលម៉ិញនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានឆ្លើយតប ទៅកាន់អង្គការ​សង្គម​ស៊ីវិលមួយចំនួន ដែលចាត់ទុកច្បាប់ គ.ជ.ប ថ្មី ថាមាន«ភាពអាក្រក់» ជាងមុន(ច្បាប់ចាស់) ខណៈដែល​តំណាង​រាស្រ្ត​១២៣រូប នៃរដ្ឋសភាគាំទ្រ សមាជិកព្រឹទ្ធភា ទាំងមួលឯកភាព ក្រុមព្រឹក្សាធម្មនុញ្ញទទួលយក និងចុងក្រោយ​ព្រះ​មហា​ក្សត្រ បានឡាយព្រះហត្ថលេខាទៅទៀតនោះ។ លោកបានសួរថា តើនៅកម្ពុជា មានអ្នកណាដែលធំជាង ព្រះ​មហា​ក្សត្រ​ទៅទៀតនោះ?

ប្រតិកម្មទៅនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី កម្ពុជា លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានធ្វើការបង្ហាញថា លោក​នាយក​រដ្ឋមន្រ្តី កំពុងយល់ច្រឡំ ទៅនឹងអង្គការសមាគម ដែលបង្កើតឡើង ដោយគណបក្សនយោបាយ។ លោកបន្តថា មាន​តែ​អង្គការ សមាគម សង្គមស៊ីវិល ឬសហជីព ដែលបានបង្កើតឡើង ដោយគណបក្សនយោបាយទេ ដែលជាអ្នកចេញមុខ និងគាំទ្រទៅនិងសកម្មភាពនយោបាយ របស់គណបក្សនោះ។ ឯសង្គមស៊ីវិលឯករាជ្យ មិនមានយន្តការនយោបាយ និង​ការឃោសនា ឲ្យគណបក្សនយោបាយណាមួយឡើយ ព្រោះអង្គការសង្គមស៊ីវិលទាំងនោះ ស្ថិតនៅឯករាជ្យ។

លោក គឹមអេង បានថ្លែងឡើងថា៖ «ពួកយើងធ្វើការទៅលើវិជ្ជាជីវៈ ពួកយើងអព្យាក្រិត្យ យើងធ្វើការវិភាគ ដោយ​ឈរ​លើគោលការណ៍។ យើងមិនដែលធ្វើការវិភាគ ឬឃោសនា តម្រូវចិត្ត ឬបំពេញចិត្ត បុគ្គល ឬគណបក្សនយោបាយ​ណា​មួយឡើយ។»

សម្រាប់លោក ហ៊ុន សែន លោកមិនបានគិតដូច្នោះទេ។ លោកនាយករដ្ឋមន្រ្តី បានចោទប្រកាន់អង្គការសង្គម​ស៊ីវិល​មួយចំនួន ថាបានធ្វើប្រជាភិថុត ទៅលើច្បាប់ថ្មីទាក់ទងនឹង គ.ជ.ប ដែលថា ច្បាប់នេះមាន «ភាពអាក្រក់» ជាងមុន។ លោកបានសួរថា តើចំណុចណា ដែលគិតថា មានភាពអាក្រក់ជាងមុន? តែសម្រាប់លោកផ្ទាល់វិញ គិតថាច្បាប់នេះ នឹងមានដំណើរការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលធានាបាននូវនីតិរដ្ឋ និងសុខដុមនីយកម្ម។ លោក​បានបញ្ជាក់ជាថ្មីថា ទាំងនេះ ជាលទ្ធផល នៃការកែទម្រង់ ដែលឈានទៅ រកភាពកាន់តែល្អឡើង។

លោក ហ៊ុន សែន បានព្រមានខ្លាំងៗ ទៅកាន់សង្គមស៊ីវិលទាំងនោះថា បើអង្គការសង្គមស៊ីវិលណា ដែលមានចេតនា ដើរ​ឃោសនាឲ្យគណបក្សណាមួយ (ឃោសនាបោះឆ្នោត) ត្រូវជាប់ទោស ត្រូវបង់ប្រាក់ ដោយពុំទាន់គិតរឿង​ព្រហ្មទណ្ឌ។ លោកថា៖ «កាលពីមុន គ្រាន់តែជេរគេ បង់លុយទេ។ ឥឡូវជេរគេបង់លុយផង និងជេម្តងទៀត កាត់សិទ្ធិ​បោះឆ្នោត កាត់សិទ្ធិនយោបាយចោលតែម្តង។ ដើម្បីភាពរាងចាល និងដើម្បីប្រទេសក្លាយជានីតិរដ្ឋ។ (...) អាហ្នឹង​ត្រឹម​ត្រូវអត់? អាហ្នឹងត្រឹមត្រូវ កែបានអាហ្នឹងតើ បើចង់កែ មានតែកែអញ្ចឹង បើអាមុនអន់ អាក្រោយវាទៅចឹង។»

ជានិច្ចជកាល លោកនាយករដ្ឋមន្រ្តី តែងបានថ្លែង ពីរដ្ឋមួយ ដែលត្រូវមានអំណាច«អធិបតេយ្យ» មិនអាចទទួលយក ការរិះគន់របស់នណាម្នាក់ទេ។ លោក ហ៊ុន សែន បានថ្លែងថា៖ «សូមឲ្យអ្នកនោះ រំពឹងលើជាតិក្រោយ ដើម្បីទទួលនូវអ្វី ដែលខ្លួនចង់បានទៅចុះ។ (...) ចាំជាតិក្រោយចុះ ចាំមើលឃើញច្បាប់ថ្មី។»

ប៉ុន្តែប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង នៅតែស្នើសុំ ឲ្យលោកនាយក​រដ្ឋ​មន្រ្តី បែងចែកឲ្យច្បាស់ ពីអង្គការសង្គមស៊ីវិល ដែលបង្កើតឡើង ដោយបក្សនយោបាយ និងអង្គការសង្គម​ស៊ីវិល​ឯករាជ្យ។ លោកថា សហជីពមួយចំនួន បានបង្ហាញការគាំទ្រ ទៅលើគោលនយោបាយ របស់គណបក្ស​ប្រជាជន​កម្ពុជា និងសហជីពមួយចំនួនទៀត ក៏គាំទ្រលើនយោបាយ របស់គណបក្សប្រឆាំងដែរ។ តែសម្រាប់សង្គមស៊ីវិល ដែល​ប្រកាន់នូវគោលការណ៍អព្យាក្រិត្យ ឯករាជ្យ មិនមាននិន្នាការនយោបាយ លើគណបក្សណាឡើយ។ អ្វីដែល​ចង់​បាន គឺ​ជម្រុញឲ្យមានការអនុវត្តច្បាប់ ពីមន្រ្តីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់កំពូល។

លោក យ៉ង់ គឹមអេង បានថ្លែងថា៖ «យើងធ្វើការទាមទារយ៉ាងណា ឲ្យមានការកែលំអរ សង្គមស៊ីវិល និងប្រជាពលរដ្ឋ​ទទួលបាននុវយុត្តិធម៌ នោះរដ្ឋាភិបាលក៏មានកិត្តិយស មានមុខមានមាត់។ (...) យើងមិនចង់បានអ្វី លើសពីនេះ រហូត​ទៅកាន់អំណាច ឬចង់បុគ្គលណាម្នាក់ កាន់អំណាចរដ្ឋអីនោះ យើងមិនខ្វល់ពីរឿងនេះទេ។ សំខាន់បំផុត ឲ្យតែអ្នកដែល​កាន់អំណាចនោះ ផ្តល់នូវភាពយុត្តិធម៌ មកដល់ពលរដ្ឋបាន។ នេះជាបំណងប្រាថ្នា របស់សង្គមស៊ិវិល(ឯករាជ្យ)។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...