វីដេអូ អូបាម៉ា ចំអក​ឲ្យ ហ៊ុន សែន ដែល​តាំង​ខ្លួន​ជា​គ្រូ?

ប្រធានាធិបតេយ្យអាមេរិក បានថ្លែងចំអកដាក់មេដឹកនាំ ដែលកាន់អំណាចយូរ នៅក្នុងលោកថា បើទោះ​ជា​លោក​នៅ​ក្មេង មាន​លុយ មានអំណាច មានសិទ្ធិ ក្នុងការបន្តអំណាច តែលោកនឹងមិនក្រាញ នឹង​អំណាច​ឡើយ។ សារ​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ប្រើប្រាស់បណ្ដាញសង្គម យកមកបង្ហោះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី​កម្ពុជា បាន​តាំង​ខ្លួន​ជា​គ្រូ​បង្រៀន ប្រធានាធិបតីអាមេរិក ពីបញ្ហានៃ«ការផ្លាស់ប្ដូរ» កាលពីពេលថ្មីៗនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ក. សុភាន់ - ភ្នំពេញថ្ងៃទី២៥ សីហា២០១៥
  • កែប្រែចុងក្រោយ: August 27, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងវីដេអូមួយ ដែលថតពីការថ្លែង របស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលបាន​និយាយក្នុង​លក្ខខណ្ឌទូទៅ ត្រូវបានមនុស្សមួយចំនួន យកមកប្រៀបធៀប ថាមានន័យចង់​បញ្ឆិត​បញ្ឆៀង ឲ្យបុរសខ្លាំង​កម្ពុជា ដែលកាន់អំណាច តាំងពីជាង៣​ទសវត្ស​មក​ហើយ។ នៅក្នុងវីដេអូនោះ លោក អូបាម៉ា បាននិយាយថា តើហេតុអីបានជាមេដឹកនាំខ្លះ ស្រឡាញ់អំណាច ហើយ​បន្តរយៈពេល ដឹកនាំប្រទេស​របស់ខ្លួន ដើម្បីឲ្យពួកគេ បានបន្តស្ថិតក្នុងតំណែង បានយូរតទៅមុខទៀត? សំរាប់ខ្លួនលោកប្រធានាធិបតី​ផ្ទាល់វិញ ទោះបីជាលោក​នៅ​ក្មេង លោកមានប្រាក់ច្រើន ហើយអាចបន្តធ្វើ​ការងារ​ជាប្រធាធិបតីនេះ អាច​ឈ្នះ​ការបោះឆ្នោតទៀត និងទោះ​ជាលោកមានសិទ្ធិ ឈរឈ្មោះបន្តនោះក៏​ដោយ​  តែលោកនឹងមិនធ្វើដូច្នោះឡើយ ព្រោះអ្នកផ្សេងគេអាច​មាន​គំនិត​ថ្មី ចំណេះដឹងថ្មី ថាមពលថ្មី ដែលនាំឲ្យប្រទេសជាតិ មានភាពរីកចំរើនថែម​ទៀត​បាន។

ការលើកឡើងរបស់លោក អូបាម៉ា នេះ មិនមែនទើបនឹងត្រូវបានធ្វើ ក្នុងពេលថ្មីៗនេះឡើយ តែវីដេអូនៃការថ្លែង​របស់លោក ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមិនចូល​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យកមកបង្ហោះ ចែករំលែក ដើម្បីជាការឆ្លើយតប នឹងការថ្លែងកាលពីថ្ងៃទី ២២ ខែ​សីហា ឆ្នាំ២០១៥ របស់លោក ហ៊ុន សែន ដែលបានតាំងខ្លួនលោក ថាជា«គ្រូបង្រៀន»ប្រធានាធិបតីអាមេរិក សម្រាប់បញ្ហានៃការផ្លាស់ប្ដូរ។

មានប្រសាសន៍នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន​អះអាងថា៖ «ថ្ងៃមុនខ្ញុំជួប ជាមួយឯកអគ្គរដ្ឋទូតអាមេរិក មុនពេលដែលចាក​ចេញពី​កម្ពុជា។ នៅពេលដែល​គាត់ និយាយជាមួយខ្ញុំ គាត់និយាយយ៉ាងច្រើន អំពីអ្វីដែលហៅថាការ “ផ្លាស់ប្ដូរ”។ ខ្ញុំក៏​បាននិយាយទៅកាន់គាត់​វិញ​ថា តើអ្នកភ្លេចទេ ឬអ្នកកំពុងនិយាយ ជាមួយអ្នកណា? ឯកឧត្តមកំពុងនិយាយ ជាមួយអ្នកណា? ឯកឧត្តម​ពិត​ជា កំពុងនិយាយជាមួយ “សាស្ត្រាចារ្យម្នាក់” ដែលអាចបង្រៀនឯកឧត្តម ឬ​ប្រធានាធិបតី ប្រទេសឯកឧត្តម ឬ​នាយក​រដ្ឋមន្ត្រីប្រទេសផ្សេង លើបញ្ហាការផ្លាស់ប្ដូរ។»

» សូមអានអត្ថបទបន្ថែម ដោយចុចនៅលើទីនេះ

នៅក្នុងវីដេអូនោះ លោក អូបាម៉ា បានថ្លែងទៀតថា អ្នកខ្លះថាមានតែ“គេ”ទេ ដែលអាចដឹកនាំ និងរក្សា​ស្ថេរភាព​ប្រទេស នោះបាន។ លោកបានបង្ហាញ ការយល់ឃើញរបស់ខ្លួន យ៉ាងដូច្នេះថា តែសំរាប់លោកវិញ លោកមិន​យល់ដូច្នេះឡើយ។ លោកនឹងជំរុញ ឲ្យមេដឹកនាំទាំងឡាយ ចេះគោរពច្បាប់ និងផ្តល់ឱកាស ដល់អ្នកថ្មី បាន​កាន់កាប់កិច្ចការដឹកនាំប្រទេសផងដែរ។ លោកបានថ្លេងទៀតថា៖ «ខ្ញុំពិតជាមានឱកាស និងវិធីសាស្ត្រច្រើន ដែលខ្ញុំអាចឈ្នះ តែខ្ញុំមិនធ្វើ។ ខ្ញុំគោរពច្បាប់។ (I actually Think about the opportunity any way I can win but I can't. I respect to the law)»។

» សូមទស្សនាជាវីដេអូ របស់លោក អូបាម៉ា ដូចខាងក្រោម៖

ចំពោះការតាំងខ្លួន ជាគ្រូបង្រៀនគេឯង មិនមែនទើបនឹងត្រូវបានលោក ហ៊ុន សែន យកមកអួតអាង ជាលើក​ទី​មួយនោះទេ តែក្នុងពេលកន្លងមក លោក ហ៊ុន សែន ក៏ធ្លាប់តាំងខ្លួន បង្រៀនអតីតនាយករដ្ឋមន្ត្រីទីមួយ ក្នុង​រដ្ឋាភិបាលចម្រុះអាណត្តិដំបូង ព្រះអង្គម្ចាស់ នរោត្តម រណរិទ្ធិ នោះដែរ។ ប្រតិកម្មតប នឹងទ្រង់ រណឫទ្ធិ ដែលជា​ប្រធានគណបក្សហ្វុនស៊ីនប៉ិច ក្នុងការទម្លាយព័ត៌មានថា មេដឹកនាំនយោបាយសំខាន់ៗ នឹងត្រូវកោះហៅ ឲ្យ​ចូលគាល់ព្រះមហាក្សត្រ ទាក់ទងបញ្ហាព្រំដែននោះ លោក ហ៊ុន សែន បានចំអក និងបង្រៀនព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដូច្នេះថា៖ «ពីមុនតាមស៊ីកេរ្តិ៍ព្រះបិតា ឥឡូវមកតាមស៊ីកេរ្តិ៍ ព្រះរាជអានុជទៀត។ សុំប៉ុណ្នឹង​បានទេ ឲ្យចេះឈរលើ ជំហរខ្លួនឯងបានទេ។ ព្រះអង្គគួរតែចេះធ្វើនយោបាយ ដោយខ្លួនព្រះអង្គផ្ទាល់ កុំចាំតែ​ព្រះបិតា និងព្រះរាជអនុជ អញ្ចឹង។»

» សូមអានអត្ថបទបន្ថែម ដោយចុចនៅលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...