សម រង្ស៊ី ថា ហ៊ុន សែន លោតល្ខោនដែលយួនឲ្យលេង រឿងព្រំដែនខ្មែរ-ឡាវ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ សីហា ២០១៧
- កែប្រែចុងក្រោយ: August 13, 2017
- ប្រធានបទ: ព្រំដែនខ្មែរ-ឡាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«លោក ហ៊ុន សែន កំពុងតែលោត ចូលទៅលេងល្ខោន ដែលយួនកំណត់ឲ្យលេង ដើម្បីបោកបញ្ឆោតប្រជារាស្ត្រខ្មែរ» លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ដូច្នេះ ជុំវិញរឿងរ៉ាវ«មួយចំអិនកំពិស» នៃជម្លោះព្រំដែន ខ្មែរ-ឡាវ រាប់ចាប់តាំងពីម្សិលម្ងៃ មកដល់រសៀលម្សិលម៉ិញនេះ ដែលបានបង្កឲ្យមានការចល័តទ័ព និងសព្វាវុធយ៉ាងគគ្រឹកគគ្រេង ទៅកាន់ព្រំដែន។
ការចល័តទ័ព និងសព្វាវុធ របស់កងទ័ពកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការលោក ហ៊ុន សែន បានបង្ហើបរឿងនេះ មកថ្លែងជាសាធារណៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ដោយបានដាក់ឱសានវាទ ទៅប្រទេសឡាវ សម្រាប់រយៈពេល៦ថ្ងៃ ដើម្បីឲ្យកងទ័ពឡាវ ដកចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ។
កងកម្លាំងប្រដាប់អាវុធទាំងនោះ របស់ប្រទេសឡាវ ត្រូវបានលោក ហ៊ុន សែន អះអាងដោយផ្ទាល់មាត់ថា មានប្រមាណជា៣០នាក់ ហើយបានចូលមកឈរជើង នៅក្នុងចំណុចមួយ ក្បែរទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា។
សម្រាប់លោក សម រង្ស៊ី វត្តមានរបស់កងទ័ពឡាវទាំងនោះ ជា«ល្បិច»សុទ្ធសាធ របស់ប្រទេសវៀតណាម ដែលបង្កើតឡើង ក្នុងកលឧបាយបង្វែចំណាប់អារម្មណ៍ពលរដ្ឋខ្មែរ ចេញពីការឈ្លានពាន ក្នុងទ្រង់ទ្រាយធំៗ សំណាក់ប្រទេសកុម្មុយនីស្ដបងធំមួយនេះ មកលើទឹកដីកម្ពុជា។
មេដឹកនាំប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួន នៅឯប្រទេសបារាំង បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោក ក្នុងដំណកស្រង់ទាំងស្រុង ដូចខាងក្រោមថា៖
«ប្រទេសលាវ ស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាម។ ថ្មីៗនេះ ប្រទេសវៀតណាម បានបញ្ជាឲ្យប្រទេសលាវ បង្ករឿងបន្តិចបន្តួច នៅតាមព្រំដែនរវាងប្រទេសលាវ និងប្រទេសកម្ពុជា។ បំណងរបស់ប្រទេសវៀតណាម គឺចង់ឲ្យប្រជារាស្ត្រខ្មែរ ឈប់គិតពីការឈ្លានពាន ក្នុងទ្រង់ទ្រាយធំ របស់ប្រទេសវៀតណាម មកលើទឹកដីប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ បានជាគេបង្វែរអារម្មណ៍ខ្មែរយើង ឲ្យទៅមើលខាងព្រំដែន ជាមួយប្រទេសលាវ ទៅវិញ ដើម្បីឲ្យយើងភ្លេច ពីការឈ្លានពានរបស់យួន មកលើទឹកដីប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តស្វាយរៀង កំពង់ចាម មណ្ឌលគីរី និងរតនគីរី។»
ក្រោយពីការថ្លែង របស់លោក ហ៊ុន សែន ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាស ក្នុងថ្ងៃទី១១ ខែសីហាដដែលថា លោក ហ៊ុន សែន នឹងធ្វើដំណើរក្នុងព្រឹកថ្ងៃសៅរ៍ ម្សិលម៉ិញនេះ ទៅកាន់រដ្ឋធានីវៀងចន្ទ ប្រទេសឡាវ ដើម្បីជួបជជែកពីបញ្ហាព្រំដែន ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថោងលន់ ស៊ីសូលីត។ ទីបំផុតទៅ លទ្ធផលចេញពីជំនួប រវាងបុរសខ្លាំងនៃប្រទេស «ជាមិត្ត» ទាងពីរ បានឲ្យដឹងថា ប្រទេសឡាវបានយល់ព្រម ដកកងទ័ពឡាវ ចេញពីចំណុច ដែលពួកគេឈរជើង ហើយសន្យាថា នឹងមិនឲ្យមានបញ្ហាកើតឡើង នៅតាមព្រំដែនដូច្នេះទៀតឡើយ។
ជម្លោះ និងដំណោះស្រាយដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើ ត្រូវបានលោក សម រង្ស៊ី ដែលជាគូបដិបក្ខនយោបាយ ដ៏មានសក្ដានុពល ទល់នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយតម្លៃថា ទាំងនេះគ្រាន់ជាការលោត «លេងល្ខោន» ដើរតួដោយលោក ហ៊ុន សែន ក្រោមការដឹកនាំរឿង ពីសំណាក់ប្រទេសវៀតណាមប៉ុណ្ណោះ។ លោកបានសរសេរថា៖ «លោក ហ៊ុន សែន កំពុងតែលោត ចូលទៅលេងល្ខោន ដែលយួនកំណត់ឲ្យលេង ដើម្បីបោកបញ្ឆោតប្រជារាស្ត្រខ្មែរ»៕