អ្នកច្បាប់ គាំទ្រការហៅរដ្ឋមន្រ្តីមកបំភ្លឺនៅរដ្ឋសភា
មជ្ឈដ្ឋានអ្នកច្បាប់បានសម្តែងការសាទរ ចំពោះគោលជំហរដែលមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាណត្តិទី៥នេះ និងអ្នកតំណាងរាស្រ្តមួយចំនួន បានអះអាងជាបន្តបន្ទាប់ថា នឹងបើកឲ្យសមាជិករដ្ឋាភិបាល មានរដ្ឋមន្រ្តីនិងអ្នកទទួលខុសត្រូវមួយចំនួនទៀត ត្រូវទៅឆ្លើយបំភ្លឺឬជជែកដេញដោល ជាមួយអ្នកតំណាងរាស្រ្តនៅក្នុងរដ្ឋសភា។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)
នយោបាយនិងច្បាប់ - លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៤ ខែមីនា នេះថា ការហៅសមាជិករដ្ឋាភិបាល ឬរដ្ឋមន្រ្តីទៅឆ្លើយបំភ្លឺចំពោះមុខអ្នកតំណាងរាស្រ្ត នៅក្នុងរដ្ឋសភា គឺបានផ្តល់ផលប្រយោជន៍ច្រើនណាស់ ដល់ការដឹកនាំប្រទេសដោយមិនមានកំហុសឆ្គង។ លោកសុខ សំអឿន បន្តថា បើរដ្ឋាភិបាល និងរដ្ឋសភាផ្តើមធ្វើដូច្នេះ វាមានន័យថា ជាការព្រមានដល់សមាជិករដ្ឋាភិបាល និងអ្នកទទួលខុសត្រូវផ្សេងៗទៀត ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការបំពេញតួនាទីរបស់ខ្លួន។
ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា រូបនេះបញ្ជាក់ ថា៖ «យ៉ាងហោចណាស់ ក៏ធ្វើឲ្យរដ្ឋមន្រ្តីខ្លាចរអា គឺត្រូវធ្វើការឲ្យស្អាត ឲ្យល្អ។ កាលពីអាណត្តិមុនៗ មិនសូវឃើញហៅមកសួរ ដល់ញ្ចឹងរដ្ឋាភិបាលធ្វើអ្វីស្រេចតែចិត្ត អត់មានអ្នកណាដឹង ហើយក៏អត់មានអ្នកសួរនាំ។ ត្រង់នឹងហើយដែលធ្វើឲ្យមានបញ្ហាច្រើន ដូចជា បញ្ហាដីធ្លី អភិបាលកិច្ច ជាដើម ផ្ទុះឡើងច្រើន ហើយអត់មានការដោះស្រាយ។»
ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មានរបស់រដ្ឋសភា លោក ឈាង វុន បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅវិមានព្រឹទ្ធសភា ថ្ងៃទី០៣ ខែមីនា ថា នៅអាណត្តិទី៥ នេះ អ្នកតំណាងរាស្រ្ត នឹងបង្កើនការកោះហៅរដ្ឋមន្រ្តីសាមី តាមក្រសួងរបស់រដ្ឋនីមួយៗ ទៅសាកសួរនៅរដ្ឋសភា អំពីបញ្ហារសើបទាំងឡាយ ដែលបានកើតឡើង នៅតាមក្រសួងទាំងនោះ។ លោក ឈាង វុន បានបញ្ជាក់ដូចនេះ ដោយយោងសម្តីលោក ហ៊ុន សែន ថា៖ «រដ្ឋមន្ត្រីនឹងត្រូវចូលខ្លួន ទៅបំភ្លឺពីកិច្ចការរបស់ខ្លួនក្នុងរដ្ឋសភា ហើយបើមិនហ៊ានចូលទេត្រូវចុះចេញពីតំណែង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងមកដែលបានថ្លែងសារនយោបាយ ជំរុញឲ្យបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់ គួរចូលប្រជុំសភានោះ បានពន្យល់ថា អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងមានសិទ្ធិហៅសមាជិករដ្ឋាភិបាល ទៅបភ្លឺ ក្នុងរដ្ឋសភាបាន ហើយថា បើរដ្ឋមន្ត្រីណាមិនចូលខ្លួនទៅបំភ្លឺពីកិច្ចការរបស់ខ្លួនក្នុងរដ្ឋសភា គឺត្រូវប្រឈមចុះចេញពីតំណែង។
គួរកត់សម្គាល់ថា បើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ឈាង វុន បានអះអាងយ៉ាងនេះក៏ដោយ ក៏កាលពីអាណត្តិកន្លងមក រដ្ឋសភាកម្ពុជា តែត្រូវបានគណបក្សជំទាស់ អ្នកច្បាប់ និងក្រុមអង្គការសង្គមស៊ីវិល វាយតម្លៃ ថា បានប្រព្រឹត្តទៅដោយខ្វះតម្លាភាព ពោលគឺមិនផ្តល់ឱកាសគ្រប់គ្រាន់ ឬមិនបានសហការល្អ ជាមួយ ក្រុមអ្នកតំណាងរាស្រ្តគណបក្សជំទាស់ និងក្រុមអង្គការសង្គមស៊ីវិលនោះទេ ។
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មីនា ២០១៤