ព្រះអង្គ ធម្មិកោ សួរចំអក៖ នរណាខ្លះចង់ទៅដើរលេងនៅស្ទឹងត្រែង?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ សីហា ២០១៧
- កែប្រែចុងក្រោយ: August 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមការសង្កេតកន្លងមក ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវបានអ្នកសារព័ត៌មានស្គាល់ថា ជាព្រះញាតិវង្សមួយអង្គ ដែលមិនចូលចិត្ត មានបន្ទូលវែងអន្លាយ ឬបន្ទូលលេងសើចអ្វីឡើយ។ តែថ្ងៃនេះ ព្រះអង្គម្ចាស់បានមានបន្ទូល តែមួយឃ្លាប៉ុណ្ណោះ តែវាហាក់បានបង្ហាញ ពីការចំអកយ៉ាងជូរចត់មួយ សម្រាប់ហេតុការណ៍ នៃការចល័តទ័ព និងចល័តសព្វាវុធ ទៅព្រំដែនខ្មែរ-ឡាវ ដែលត្រូវបានធ្វើឡើង តាំងពីម្សិលម៉ិញនេះមក។
ជាមួយនឹងរូបថតមួយសន្លឹក ដែលបង្ហាញពីក្រុមនាយទាហាន ពោរពេញដោយស័ក្តិ និងផ្កាយរះ ពេញព្រោងព្រាតនៅលើស្មារនោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ បានសរសេរសួរឡើងនៅប៉ុន្មានម៉ោងមុន លើទំព័រហ្វេសប៊ុករបស់ព្រះអង្គថា៖ «តោះ! ថ្ងៃចុងសប្តាហ៍នេះ នរណាខ្លះ ចង់ទៅដើរលេង នៅស្ទឹងត្រែង?»។
ព្រឹត្តិការណ៍នៃការចល័តទ័ព និងចល័តសព្វាវុធ យ៉ាងខ្លាំងក្លា បានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីការថ្លែង របស់លោក ហ៊ុន សែន ដែលលើកឡើងជាសាធារណៈ ជុំវិញវត្តមានយោធាឡាវ នៅលើចំណុចមួយ ដែលលោកនាយករដ្ឋមន្ត្រីអះអាងថា ស្ថិតក្នុងទឹកដីកម្ពុជា។
«៥០០០ ទល់នឹង ៣០»
លោកឧត្ដមសេនីយ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សំដីមករាយការណ៍ថា ការចល័តទ័ពរបស់កម្ពុជា មានចំនួន៥០០០នាក់ ខណៈលោក ហ៊ុន សែន បានបញ្ជាក់ពីម្សិលម៉ិញថា វត្តមានកងទ័ពឡាវ ដែលលោកថា ស្ថិតក្នុងទឹកដីកម្ពុជា មានចំនួន តែ៣០នាក់ប៉ុណ្ណោះ។ ការចល័តទ័ពនេះ នៅមិនទាន់រាប់ពី រថក្រោះ, រថពាសដែក និងកាំភ្លើងធំជាច្រើនគ្រឿង ដែលលោក គន់ គីម ថានឹងទៅដល់គោលដៅ នៃសមរភូមិព្រំដែនកម្ពុជា-ឡាវ នៅព្រឹកថ្ងៃសៅរ៍នេះផងទេ។
ព័ត៌មានចុងក្រោយ ដែលទើបនឹងធ្លាក់មកដល់ ពីជំនួបក្នុងរដ្ឋធានីវៀងចន្ទ (ប្រទេសឡាវ) រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ បានឲ្យដឹងថា ប្រទេសឡាវបានយល់ព្រម ដកកងទ័ពឡាវ ចេញពីចំណុច ដែលពួកគេឈរជើង ហើយសន្យាថា នឹងមិនឲ្យមានបញ្ហាកើតឡើង នៅតាមព្រំដែនដូច្នេះទៀតឡើយ។
អ្នកឃ្លាំមើលស្ថានការណ៍មួយចំនួន បានរំពឹងទុករួចហើយថា បញ្ហាព្រំដែន ជាមួយប្រទេសឡាវ ដែលជា«មិត្តម៉ឺនឆ្នាំ»របស់កម្ពុជានេះ នឹងមិនឈានទៅដល់ ការផ្ទុុះអាវុធ ឬសង្គ្រាមអ្វីឡើយ បើគេធ្លាប់បានមើលឃើញ បញ្ហាព្រំដែន នៅច្រើនចំណុចផ្សេងទៀត ដែលកម្ពុជាធ្លាប់មាន ជាមួយប្រទេសវៀតណាម ដែលជា«មិត្តម៉ឺនឆ្នាំ»របស់កម្ពុជាដែរនោះ៕