ហ៊ុន សែន៖ «ខ្ញុំ​នឹង​ចូលរួម​កំដរ​ឯ.ឧ នូវ​គ្រប់​ទម្រង់​លេង»

«គ្រប់ទម្រង់លេង និងគ្រប់កាលៈទេសៈគ្រប់រដូវកាល និងគ្រប់រស់ជាតិ (ក្តៅ.ត្រជាក់.ផ្អែម.ល្វីង.ជូរចត់) ។ល។ ខ្ញុំ​កំដរ ឯ.ឧ បានទាំងអស់» ជាភាសាជាថ្មីទៀត របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅ​ក្នុង​សារ​មួយ ផ្ញើរ​ទៅ​លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២១ សីហា២០១៥
  • កែប្រែចុងក្រោយ: August 21, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីការផ្ទៀងផ្ទាត់គ្នា នៃផែនទីរបស់ UN និងផែនទីរដ្ឋាភិបាល បញ្ជាក់អះអាង ដោយរដ្ឋាភិបាលខ្លួនឯង ថាមានភាពដូចគ្នានោះ នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បានផ្ញើរសារមួយតាមទូរស័ព្ទ កាលពីថ្ងៃទី២០ ខែសីហា ទៅឲ្យលោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ដោយព្រមានមេដឹកនាំ​គណបក្ស​ប្រឆាំង កុំឲ្យយកបញ្ហាព្រំដែន កម្ពុជា-វៀតណាម ជាល្បែងបោកប្រាសប្រជាជន និងត្រូវ«អប់រំផ្ទៃក្នុងបក្ស» កុំ​ឱយធ្វើសកម្មភាពទុច្ចរិច្ច បំផ្លាញការខិតខំ របស់រដ្ឋាភិបាលលើការងារព្រំដែន ដែលត្រូវបានកំណត់ដោយ​ច្បាប់។

ស្រង់សំណេរនៅក្នុងសារនោះ ដោយសារព័ត៌មានក្នុងស្រុក លោក ហ៊ុន សែន បានប្រើភាសាគម្រាមថា៖ «គ្រប់​ទម្រង់លេង និងគ្រប់កាលៈទេសៈ គ្រប់រដូវកាល និងគ្រប់រស់ជាតិ (ក្តៅ.ត្រជាក់.ផ្អែម.ល្វីង.ជូរចត់) ។ល។ ខ្ញុំកំដរ ឯ.ឧ បានទាំងអស់ ដូចដែលធ្លាប់បានធ្វើចំពោះខ្ញុំកន្លងមក តាំងពី មានស៊ីអត់សែន មានសែនអត់ស៊ី រហូតមកដល់វប្បធម៏សន្ទនា ដែលយើងបានរួមគ្នាកសាងឡើង ដែលជាប្រយោជន៏សំរាប់ជាតិ និងប្រជាជន​យើង វែងឆ្ងាយទៅមុខទៀត។»

«សុំឯ.ឧកុំបន្ទោសខ្ញុំថា ប្រើល្បិចយកសត្វមានពឹសចេញពីរូង ព្រោះផែនទីត្រឹមត្រូវរបស់​ឯ.ឧ សាហាវជាង​សត្វអសិរពឹសទៅទៀត ព្រោះផែនទីនេះ មិនត្រឹមតែបោសប្រាស់ប្រជាជនប៉ុណ្ណោះទេ តែផែនទីនេះ បានធ្វើ​ឲ្យសហការី ឯ.ឧ ខ្លះជាប់គុក និងខ្លះទៀត កំពុងរត់គេចខ្លួន។»

លោកនាយករដ្ឋមន្ត្រី បានលើកយកច្បាប់ទាក់ទង នឹងសិទ្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា នឹងវៀតណាមលើ​បញ្ហា​ព្រំដែន បន្ថែមនឹងការផ្សព្វផ្សាយ នូវឯកសារ (ផែនទី) ទាំងអស់ មកបញ្ជាក់ នៅក្នុងសារនោះ ដោយ​សង្ឃឹម​ថា លោក សម រង្ស៊ី នឹងបំភ្លឺដល់ក្រុម«អ្នក​ដែលបញ្ចេញយោបល់» របស់គណបក្សសង្គ្រោះជាតិ កុំឲ្យ​ដើរ​ចោទប្រកាន់ «ផែនទីរដ្ឋាភិបាលជាផែនទីក្លែងក្លាយ ឬផែនទីចោរ»។

លោក ហ៊ុន សែន បានសរសេរពន្យល់ថា៖ «ឯ.ឧ (សម រង្ស៊ី) អាចយល់ថា ហេតុអ្វីបានជា លោក ហុង ស៊ុនហួ ត្រូវចាប់ខ្លួន និងសកម្មភាពផ្លូវច្បាប់ នឹងត្រូវប្រកាន់យក សំរាប់អ្នកណាក៏ដោយ ដែលនិយាយថា ផែនទី​ក្លែង​ក្លាយ ធ្វើសកម្មភាពញុះញង់ បោកប្រាស់ប្រជាពលរដ្ឋ បង្ករអស្ថេរភាព ដើម្បីកេងចំណេញយកសន្លឹកឆ្នោត ដោយ​មិនគិតពីផលប្រយោជន៏ស្របច្បាប់ របស់ជាតិនិងប្រជាជន (...)។ ឯ.ឧអាចចោទសួរខ្ញុំថា បើមានផែនទី​ត្រឹមត្រូវហើយ ថែមទាំងមានច្បាប់គាំពារទៀត ហេតុអ្វីចាំបាច់ទៅសុំខ្ចីផែនទីពី អង្គការសហប្រជាជាតិ នឹងពី​ប្រទេសផ្សេងទៀត? ត្រង់ចំណុចនេះ ឯ.ឧអាចយល់ ពីបំណងល្អរបស់ខ្ញុំ ដែលចង់ឲ្យខ្មែរទាំងអស់ឯកភាពគ្នា លើផែនទីងាយស្រួលរួមគ្នា ការពារទឹកដីតាមផែនទី ដែលរាជរដ្ឋាភិបាលមាន។»

ចំពោះខ្លឹមសារ នៃសារលិខិត របស់លោកនាយករដ្ឋមន្រ្តីខាងលើនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាច​ស្វែងរក ការបកស្រាយពីគណបក្សសង្គ្រោះជាតិបាននៅឡើយ។ ដោយឡែក លោក អ៊ូច័ន្ធរិទ្ធ ដែលមាន​វត្តមាន ក្នុងការចូលរួមពិនិត្យផែនទី រវាងរដ្ឋាភិបាល និង UN ដែរ បានបង្ហាញនូវគោលជំហរ របស់គណបក្ស​សង្គ្រោះជាតិថា គណបក្សលោក មិនធ្លាប់ធ្វើការចោទប្រកាន់រដ្ឋាភិបាល ថាបានប្រើប្រាស់ នូវផែនទីក្លែងក្លាយ​ម្តងណាឡើយ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំសុំបញ្ជាក់សារជាថ្មី សមាជិកម្នាក់ មិនអាចយកជាជំហរ គណបក្ស​បានឡើយ។ គណបក្សសង្គ្រោះជាតិ សូមបញ្ជាក់ជាថ្មីថា យើងមិនដែលបានចោទរដ្ឋាភិបាល លោកប្រើប្រាស់​ផែនទីក្លែងក្លាយទេ។ (...) យើងចង់ឲ្យមានការផ្ទៀងផ្ទាត់ ដើម្បីឯកភាពជាតិ ថាយើងប្រើប្រាស់ផែនទី​មួយ​ត្រឹមត្រូវ ការពារផលប្រយោជន៍ជាតិរបស់យើង។»

គួរកត់សម្គាល់ដែរថា ភាសា«កំដរលេង» របស់លោក ហ៊ុន សែន ធ្លាប់ត្រូវបានប្រើម្ដងហើយ កាលពី​អំឡុង​ជម្លោះទឹកដី នៅជុំវិញប្រាសាទព្រះវិហារ ជាមួយប្រទេសថៃ។ លោក ហ៊ុន សែន នៅពេលនោះ បានថ្លែងតប​ជាសាធារណៈ ទៅនាយករដ្ឋមន្ត្រីថៃ អាភីសីត វីចាជីវា វិញថា៖ «បើឯ.ឧចង់លេង ខ្ញុំកំដរម៉ាលេងបាន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...