ចង់ចាប់នាងរំលោភ តែត្រូវនាងចាប់បោចសក់ ឲ្យទៅអាជ្ញាធរ
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ មេសា ២០១៤
- កែប្រែចុងក្រោយ: April 02, 2015
- ប្រធានបទ: ហិង្សា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជារឿងមួយកម្រណាស់ នៅក្នុងប្រទេសឥណ្ឌា ព្រោះបើសូម្បី នៅក្នុងពេលកើតហេតុ ក៏គ្មាននរណាម្នាក់ មកជួយនាងឡើយ។ ហេតុការណ៍ បានកើតឡើង កាលពីថ្ងៃសុក្រសប្ដាហ៍មុន វេលាម៉ោង២និង៣០នាទីរសៀល នៅក្បែរស្ថានីយ៍អាយស្ម័យាន Vile Parle ស្ថិតនៅជាយក្រុង ប៊ុមបៃ យុវតី ប្រាដនីយ៉ា ម៉ាន់ដារ (Pradnya Mandhare) អាយុ ២០ឆ្នាំ កំពុងរង់ចាំរថភ្លើងរបស់នាង ដើម្បីជិះត្រឡប់ទៅផ្ទះ បន្ទាប់ពីបានត្រឡប់ពីសាកលវិទ្យាល័យ ដែលនាងបានរៀន អស់ពេញមួយព្រឹក។
រំពេចនោះ បុរសម្នាក់ ដែលទំនងជាស្រវឹង បានព្យាយាមមកកេះកៀវ រាវស្ទាប និងធ្វើសកម្មភាពមួយចំនួនទៀត ទៅលើយុវតីជានិស្សិត។ នាង ម៉ាន់ដារ បានថ្លែងឡើង ប្រាប់សារព័ត៌មាន «Emirates24.7» ថា៖ «មើលទៅគាត់ណ្នឹង ទំនងជាស្រវឹងពិតហើយ។ គាត់បានមកជិតខ្ញុំ រួចបានរាវស្ទាបខ្ញុំ។»
ដំបូងឡើយ យុវតីគ្រាន់តែចង់រើបម្រះ ខ្លួននាងចេញពីក្រញ៉ាំ ជនល្មោភកាមប៉ុណ្ណោះ។ ប៉ុន្តែបុរសនោះ នៅតែព្យាយាមចាប់នាងទៀត។ យុវតី ប្រាដនីយ៉ា ម៉ាន់ដារ បានដកដង្ហើមយកកម្លាំង ហើយបានបញ្ចេញក្បាច់គុន ដ៏ស្វាហាប់ វាយទៅលើជនអាប្រិយ ដោយប្រើកាបូបរបស់នាង ជាអាវុធ។
នាងបានរៀបរាប់ទៀតថា៖ «អាគាត់នេះ ចង់វ៉ៃខ្ញុំ តែខ្ញុំមានកម្លាំងជាង ព្រោះគាត់ស្រវឹង។ មនុស្សនេះ គគ្រិចខ្លាំងណាស់ ខ្ញុំអត់ចង់ប៉ះគាត់សូម្បីបន្ដិច។» ប៉ុន្តែនាងបានបញ្ជាក់ថា នាងចាំបាច់ ត្រូវបោចសក់ក្បាល និងប្រើកម្លាំងធាតុរបស់នាង អូសជននេះ រហូតដល់ស្នងការនគរបាល ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនោះ។
នៅជុំវិញនាង មានមនុស្សប្រមាណជា១០នាក់ ដែលកំពុងភ្លឹកមើលឈុតឆាក ទាត់ធាក់ រវាងនាង និងបុរសល្មោភកាម។ ប៉ុន្តែគ្មាននរណាម្នាក់ ចូលមកជួយយកអាសារនាងឡើយ។ រីឯភ្នាក់ងារនគរបាលវិញ ក៏សម្ដែងការភ្ញាក់ផ្អើល ដែលបានឃើញយុវតីម្នាក់ ចាប់បុរសម្នាក់ បោះចូលមកក្នុង ទីស្នាក់ការរបស់ខ្លួន ដូច្នេះដែរ។ ពួកគេបានទទួលពាក្យបណ្ដឹងរបស់នាង ហើយយកបុរសប្រមឹក ដាក់ចូលទៅក្នុង បន្ទប់ចំរឹងដែក ឲ្យស្នាក់នៅជាបណ្ដោះអាសន្ន។
បន្ទាប់ពីព្រឹត្តិការណ៍នេះហើយ កេរ្តិ៍ឈ្មោះរបស់យុវតី ប្រាដនីយ៉ា ម៉ាន់ដារ បានល្បីរន្ទឺសុះសាយ ពេញប្រទេស ឥណ្ឌា។ នៅចំពោះប្រព័ន្ធច្បាប់ ដែលបានអនុវត្ត ប្រកបដោយភាពយឺតយ៉ាវ និងចំពោះប្រពៃណី ដែលស្រីមានភាពខ្មាសអៀនច្រើននោះ និស្សិតវ័យក្មេង បានពន្យល់ថា៖ «នារីទាំងអស់ ត្រូវតែតស៊ូ នៅក្នុងស្ថានភាពដូចគ្នានេះ ហើយមិនត្រូវស្ងាត់មាត់នោះទេ»៕
ជនសង្ស័យ ថាល្មោភកាមម្នាក់នេះ ក៏បានល្បីជាមួយយុវតីដែរ៖