ឆ្ពោះទៅបាល់ទាត់ពិភពលោក៖ ប្រេស៊ីលបំបាក់បារាំង យ៉ាងចាស់ដៃ ៣-០
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រាប់បាល់បញ្ចូលទីរបស់កីឡាករឆែលស៊ី អូស្កា (Oscar), ហឺណានេស (Hernanes) របស់ក្រុមឡាស៊ីអូ (Lazio) និងលូកាស មូរ៉ា (Lucas Moura) របស់ក្រុមប៉ារីស (PSG) បានជួយឲ្យប្រេស៊ីលយកឈ្នះបារាំង ៣-០ កាលពីថ្ងៃអាទិត្យយប់មិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ហើយបានធ្វើឲ្យដំណើរទៅកាន់តំបន់អាមេរិកខាងត្បូងរបស់បារាំង មិនអាចទទួលបានជ័យជំនះ និងថែមទាំងមិនអាចមានគ្រាប់បាល់បញ្ចូលទីថែមទៀត។
កីឡាករឌឺប៊ូសឈី របស់បារាំង និងកីឡាករណឺម៉ា របស់ប្រេស៊ីល។ (រូបថត reuters)
បន្ទាប់ពីប្រកួតស្មើជាមួយអង់គ្លេស ២-២ ប្រេស៊ីលនឹងត្រៀមប្រកួតពានរង្វាន់ ខនហ្វឺដឺរ៉េសិនខាប់ (Confederations Cup) យ៉ាងកក់ក្តៅ និងមានទំនុកចិត្តបំផុត បន្ទាប់ពីឈ្នះបារាំងយ៉ាងចាស់ដៃនេះរួចមក។
រីឯក្រុមជម្រើសជាតិបារាំងវិញ ជាការខកចិត្តធំបំផុត ខណៈដែលខ្លួនទើបតែប្រកួតចាញ់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ១-០ ដែរ កាលពី៤ថ្ងៃមុននោះ។
កីឡាករបារាំង ការីម បិនស្ស៊ីម៉ា (Karim Benzema) បាននិយាយថា «យើងមិនអាចរកគ្រាប់បាល់បញ្ចូលទីបានទេ។ យើងខំព្យាយាមនៅវគ្គទី១ ប៉ុន្តែក្រោយមកពួកគេក៏គ្របដណ្តប់យើងវិញ។ វាជាការបរាជ័យមួយដ៏ធំ ៣-០។»
គ្រាប់បាល់ទី១ កើតឡើងនៅនាទីទី៥៤ ដោយកីឡាករខ្សែបម្រើវ័យក្មេងដែលលេងឲ្យក្រុមតោខៀវឆែលស៊ី អូស្កា បន្ទាប់ពីកីឡាកររូបនេះ ទទួលបាល់មកពីមិត្តរួមក្រុម ហ្វ្រេដ (Fred) ចេញពីស្លាបឆ្វេងរួចមក ហើយអូស្កា ក៏អ្នកទាត់បញ្ចូលទីបានសម្រេច។
ខ្សែបម្រើឆ្នើមរបស់ក្រុមអាស៊ីអូ ប្រទេសអ៊ីតាលី ហឺណានេស បានទាត់កាប់មួយជើងឆ្វេង ទៅកៀកនឹងបង្គោលទីខាងស្តាំបានយ៉ាងល្អ ខណៈដែលរូបគាត់ទើបតែដូរចូលលេង មិនទាន់បានបែកញើសអាវផងនោះ។
នៅក្នុងម៉ោងបន្ថែម កីឡាករខ្សែការពារបារាំង ដេប៊ូជី (Debuchy) បានទៅទាក់ជើងកីឡាករម៉ាសេឡូ (Marcelo) ឲ្យដួលនៅក្នុងតំបន់គ្រោះថ្នាក់ ហើយក៏ដូចជាជូនអំណោយ១គ្រាប់ទៀត ទៅឲ្យក្រុមប្រេស៊ីលដែរ ខណៈដែលកីឡាករលូកាស មូរ៉ា ជាអ្នកពិឃាតទាត់បញ្ចូលទី នូវបាល់ពិន័យបានសម្រេច៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ