បទពណ៌នា៖ មតិ​ពី​ក្នុង​បាតុកម្ម​ប្រឆាំង​កឹម សុខា ដឹកនាំ​ដោយ​ជុំ ម៉ី

ភ្នំពេញ៖ នៅក្នុងបាតុកម្មមហាជន នៅទីលានប្រជាធិបតេយ្យ បើទោះជាគេដឹងថា លោក ជុំ ម៉ី និងបាតុករភាគច្រើន នៅ​តែ​ចិញ្ចឹមចិត្តតម្រូវឲ្យ​លោកកឹម សុខា សុំទោសនោះយ៉ាងណាក៏ដោយ តែមតិមួយចំនួន ក៏បានបញ្ជាក់ផ្ទុយមកវិញ ពីភាព​មិន​សមទំនង​នៃ​ការរៀបចំបាតុកម្មក្នុងថ្ងៃអាទិត្យនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ នៅក្នុងបាតុកម្មមហាជន នៅទីលានប្រជាធិបតេយ្យ បើទោះជាគេដឹងថា លោក ជុំ ម៉ី និងបាតុករភាគច្រើន នៅ​តែ​ចិញ្ចឹមចិត្តតម្រូវឲ្យ​លោកកឹម សុខា សុំទោសនោះយ៉ាងណាក៏ដោយ តែមតិមួយចំនួន ក៏បានបញ្ជាក់ផ្ទុយមកវិញ ពីភាព​មិន​សមទំនង​នៃ​ការរៀបចំបាតុកម្មក្នុងថ្ងៃអាទិត្យនេះ។


ការដង្ហែក្បួនរបស់ពួកបាតុករ ឆ្ពោះទៅកាន់ទីស្នាក់ការកណ្ដាលនៃគណបក្សសង្គ្រោះជាតិ។ (រូបថត O.Vary/MONOROOM.info)

វេលាម៉ោងជាងប្រាំបីព្រឹក នាថ្ងៃអាទិត្យ ទី៩ ខែមិថុនា នេះនៅទីលានប្រជាធិបតេយ្យ នៅជិតវត្តភ្នំ ក្រោមការដឹកនាំរបស់​លោកតា ជុំ ម៉ី អាយុ៨៣ឆ្នាំ ជាប្រធានសមាគមក្សេមក្សាន្ត បណ្ដាជនរាប់ពាន់នាក់បានលើកបដា និងផ្ទាំងរូបភាពជាច្រើន ដែលសុទ្ធសឹងមានអត្ថន័យប្រឆាំងទៅនឹងលោក កឹម សុខា ព្រមទាំងបង្ខំឲ្យលោកអនុប្រធានគណបក្សសង្គោះជាតិរូបនេះ ធ្វើការសុំទោសដល់ព្រលឹង អ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នៅឯគុកទួលស្លែង។

លោកតា ជុំ ម៉ី បានថ្លែងនៅកាន់មហាបាតុមករទាំងអស់ ដែលបានចូលរួមថា លោកនឹងមិនព្រមកន្តើយឡើយ ដរាប​ណា​លោកនៅមានជីវិត លោកនឹងនៅតែបន្តរ និងបង្ខំឲ្យលោកកឹម សុខា ធ្វើការសុំទោសឲ្យទាល់តែបាន។ លោកតាបន្ត​ដោយ​កំហឹង ខឹងនឹងលោក កឹម សុខា ថាបាតុកម្មនេះស្តែងឡើងដោយឆន្ទៈ មិនបានកាន់ជើងគណបក្សនយោបាយ ឬបំរើឲ្យ​ប្រយោជន៍បក្សណាមួយនោះទេ។ អ្វីដែលសំខាន់ និងចង់បាននោះ គ្រាន់តែចង់ឲ្យលោក កឹម សុខា ទៅអុជធូបសុំទោស​នៅគុកទួលស្លែងតែប៉ុណ្ណោះ។ លោកបន្តថា បាតុកម្មនេះប្រឆាំងតែចំពោះលោក កឹម សុខា ប៉ុណ្ណោះ មិនមានពាក់ពន្ធ័​ជា​មួយគណបក្សសង្គ្រោះជាតិ សមាជិកបក្សដ៏ទឬទៀត និងក៏មិនមានពាក់ន្ធ័នឹងគ្រួសាររបស់លោក កឹម សុខា ផងដែរ។

នាវេលាព្រឹកនោះ ក៏មានវត្តមានសាក្សីរស់ចំនួនប្រាំពីរនាក់ផ្សេងទៀត បានឡើងមកថ្លែងនូវការខឹងសម្បា ចំពោះពាក្យ​សម្តីដែលបានលើកឡើង ដោយលោក កឹម សុខា និងព្រមទាំងបន្តរធ្វើការថ្គោលទោស ដរាបណាលោក កឹម សុខា នៅតែ​មិនមានការសុំទោសនោះ។

មានវត្តមានជាមួយគ្នានោះ ប្រជាជនឥស្លាមក៏បានសម្តែង នូវការខឹងសម្បាចំពោះលោក កឹមសុខាដែរ ទាក់ទងនឹងអ្វី​ដែល​គេជឿថា ជាការលើកឡើងរបស់លោកកឹម សុខា។ ពួកគាត់បន្តថាទាំងទឹកភ្នែកថា បងប្អូន ឪពុកម្តាយ ត្រូវបានស្លាប់អស់​ក្នុងជំនាន់ប៉ុល ពត ហើយពួកគាត់ក៏សឹង មិនរក្សាជីវិតបានផងក្នុងរបបនោះ តើឲ្យគាត់ទ្រាំម្តេចនឹងបានទៅ ចំពោះពាក្យ​សម្តី«មិនមានការទទួលខុសត្រូវ»ទាំងនេះ។

នៅក្នុងចំណោមអ្នកទៅចូលរួម បណ្ដាជនមួយចំនួន មិនមានបំណងក្លាយជាបាតុករនោះទេ តែពួកគេទៅកាន់ទីនោះ ដើម្បី​គ្រាន់តែ​ចង់ដឹងថា​ តើបាតុកម្មនេះមានសណ្ឋានបែបណាប៉ុណ្ណោះ។

ជាករណីរបស់ប្អូនប្រុសម្នាក់ឈ្មោះ ជិន សុវណ្ណ ធ្វើការនៅក្រុមហ៊ុនមួយជិតវិមានឯករាជ្យ ដែលបានអះអាងថា ប្អូនមិន​បានចូលរួមធ្វើបាតុកម្មនោះទេ។ វត្តមានរបស់ប្អូននៅទីនេះ ដោយសារតែចង់ឃើញ នូវទិដ្ឋភាពទូទៅនៃបាតុកម្ម ដែល​ប្អូនគិតថាមានការជួយរៀបចំពីរដ្ឋាភិបាល។ ប្អូនបានសម្តែងនូវការព្រួយបារម្មណ៍ ចំពោះការចូលរួមធ្វើបាតុកម្ម របស់​ប្រជាពលរដ្ឋទាំងអស់ថា «មិនគួរណាបងប្អូនប្រជាពលរដ្ឋខ្មែរ យោងតែលើសម្លេងតែមួយមុខ ហើយធ្វើការសម្រេច និង​ផ្តន្ទាទោសនោះទេ»។

ប្អូនប្រុសម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ក៏បានធ្វើការចាប់អារម្មណ៍ និងចោទសួរដែរថា បើបានឮសម្លេងលោក កឹម សុខា តាមវិទ្យុ ឬការចាក់ផ្សាយ​ប្រពន្ធ័ផ្សព្វផ្សាយនានារបស់រដ្ឋ ហេតុអ្វីបានពួកគាត់ (ប្រជាពលរដ្ឋ) នាំគ្នាជឿជាក់ទាំងស្រុង? ចុះ​ចំពោះការដែលលោក កឹម សុខា និយាយបកស្រាយតាមវិទ្យុឯករាជ្យមួយចំនួន ថាលោកមិនបាននិយាយ ហើយលោក​បញ្ជាក់ថាជាសម្លេងកាត់តនោះ ហេតុអ្វីបានជាមិនជឿ។ «នេះមិនមែនលំអៀង និងជាការប្រកាន់បក្សទេឬ?» លោក កឹម សុខា ក៏សុំឲ្យមានការតទល់គ្នាចំពោះមុខរវាងរូបលោក និងលោកនាយករដ្ឋមន្ត្រី ដើម្បីធ្វើការបកស្រាយចំពោះបញ្ហានេះ តែត្រូវបានបដិសេធចោល។ ប្អូនប្រុសដែលជានិស្សិតម្នាក់ផងនេះ បានចោទសួរបន្ថែមថា ហេតុដូចម្ដេច បានជាបងប្អូន​ប្រជាពលរដ្ឋមិនព្រមធ្វើបាតុកម្ម ទាមទាឲ្យពួកគាត់បានជួបគ្នា និងបកស្រាយតទល់គ្នាទៅ? នោះមុខជាដឹងសរ ដឹងខ្មៅ​មិន​ខាន។ ហើយចាំដល់ពេលនោះ នឹងនាំគ្នាធ្វើបាតុកម្ម​ថ្គោល​ទោស រកភាពយុត្តិធម៌ ក៏មិនទាន់ហួសពេលដែរ។

អង្គការសង្គមស៊ីវិលជាតិ និងងន្តរជាតិ ដែលបានតាមដាវនូវស្ថានការណ៍នៃការធ្វើបាតុកម្មនេះ បានសម្តែងការពេញចិត្ត ពេញថ្លើមជាទូទៅ ចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរ ដោយមានការរៀបចំល្អ ស្ដីពីការគោរពច្បាប់ និងសិទ្ធិ​មនុស្ស។ តែក្នុងនោះ សង្គមស៊ីវិលមួយចំនួន  ក៏បានទាញចំណាប់អារម្មណ៍ ចំពោះបាតុកម្មនាថ្ងៃនេះ ទៅនឹងបាតុកម្ម ដែលមានក្នុង​ពេលកន្លងមកថា មានភាពខុសប្លែកគ្នា។

លោក មឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ និងលោក វុន ពៅ ប្រធាន​សមាគមប្រចាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រពន្ធ័ បានធ្វើការប្រៀបធៀបថា បាតុកម្មនាថ្ងែនេះអាជ្ញាធរ​បាន​អនុញ្ញាតិ ឲ្យមានការដង្ហែទាំងអស់គ្នា ហើយមានចំនួនមួយលើសលប់រហូតជិតប្រាំពាន់នាក់។ លោកបន្តថា មានទាំង​ទទួលទឹកសុទ្ធ មានបង្គន់អនាម័យ មានឡានសង្គ្រោះបន្ទាន់ជាដើម «ផ្ទុយស្រលះ»ទៅនឹងបាតុកម្មមុនៗ។

លោក មឿន តុលា បានថ្លែងឡើងថា «យើងនៅក្នុងប្រទេសតែមួយ យើងនៅក្នុងប្រពន្ធ័ច្បាប់តែមួយ បើសិនយើងអាច​អនុវត្តសិទ្ធិដូចគ្នា អាចដើរបានច្រើន អាចធ្វើបាតុកម្មដោយសន្តិវិធី និងមានការយកចិត្តទុកដាក់ពីអាជ្ញាធរ មានការ​ថែ​ទាំ​សុខភាពពីពេទ្យជារឿងមួយល្អ។ (…) សូមឲ្យយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋទូទៅដូចគ្នា កុំធ្វើទៅលើតែមួយក្រុម និងក្រុមផ្សេងទៀត ត្រូវបានបិទបាំងនូវការអនុវត្តសិទ្ធិនោះ។»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...