អង្គការ​សិទ្ធិ​មនុស្ស ស្នើ​បារាំង​ប្រាប់ ហ៊ុន សែន ឲ្យ​ដោះ​លែង​មនុស្ស​២១នាក់

អង្គការសិទ្ធិមនុស្ស ជាតិនិងអន្តរជាតិចំនួន៤ បានសរសេរលិខិតចំហរមួយ ទៅកាន់ប្រធានាធិបតីបារាំង ដើម្បី​ឲ្យ​ប្រទេស​បារាំង ស្នើ​ទៅ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ឲ្យធ្វើការដោះលែងម​នុស្ស​២១នាក់ ដែល​ត្រូ​វ​​បាន​ចាប់​ឃុំ តាំងពីខែកក្កដាកន្លងមក។ ក្នុងចំណោមមនុស្ស ទាំង២១នាក់នោះ មានលោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​កម្ពុជា មួយ​រូប​ផង។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 25, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងសូមលោកប្រធានាធិបតី (ហ្វ្រង់ស៊័រ ហូឡង់) ស្នើទៅលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យ​ធ្វើការ​ដោះលែង ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ នូវជនទាំង២១នាក់ ដែលត្រូវបានជាប់ឃុំ តាំងពីខែកក្កដា (ឆ្នាំ​២០១៥) មក» នេះជាឃ្លាមួយ មាននៅក្នុងលិខិតចំហរ ចេញរួមគ្នា របស់អង្គការការពារសិទ្ធិមនុស្ស​ចំនួនបួន ផ្ញើរ​ទៅ​​កាន់​ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ក្នុងក្របខណ្ឌ​នៃដំណើរ​ទស្សនកិច្ច​​ជាផ្លូវការ របស់​នាយក​រដ្ឋមន្ត្រីកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា នៅសាធារណរដ្ឋបារាំង។

លិខិតចំហរ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានបង្ហាញពីកង្វល់ដ៏ខ្លាំងក្លា របស់​អង្គការសិទ្ធិមនុស្សទាំងបួន នៅចំពោះអំពើហិង្សា ក្នុងវិស័យសិទ្ធិមនុស្ស ដែលនៅតែបន្តមាន នៅក្នុង​ប្រទេសកម្ពុជា។ អង្គការទាំងបួន ដែលរួមមាន សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) សម្ព័ន្ធសិទ្ធិមនុស្ស​ប្រចាំ​ប្រទេសបារាំង (LDH) សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស នៅកម្ពុជា (LICADHO) និង​សមាគម​ការពារ​សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) បានសរសេរថា តាំងពីខែកក្កដាមក អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន សកម្មជនការពារបរិស្ថាន ៤នាក់ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ១៤នាក់ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សមរង្ស៊ី ១នាក់ ព្រះសង្ឃ១អង្គ និងនិស្សិតមួយនាក់។

ចុះហត្ថលេខាដោយនាយិកា នាយករបស់អង្គការទាំងបួន លិខិតដដែលបានពន្យល់ថា អ្នកទាំងប៉ុន្មាន​ខាង​លើនេះ ត្រូវបានចាប់ដាក់ពន្ធនាគារ ដោយគ្រាន់តែពួកគេ បានអនុវត្តន៍នូវសិទ្ធិរបស់ពួកគេ ធានាដោយច្បាប់​អន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស។ សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ មកពីគណបក្សសមរង្ស៊ី ដែលមាន​សញ្ជាតិ​បារាំងកម្ពុជា ក៏ត្រូវបានជាប់ទោស ដោយមូលហេតុនយោបាយ នៅក្នុងបទចោទប្រកាន់ជាច្រើន ដែល​លក្ខណៈប្រឌិតឡើង ទាក់ទងនឹងការផ្សាយ ឯកសារវីដេអូ ក្លែងសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ នៅ​លើ​បណ្ដាញសង្គម ខណៈលោក សុខហួរ ខ្លួនឯងមិនបានដឹង ពីការក្លែងបន្លំនេះ។

«ថ្ងៃនេះ ជាថ្ងៃខួបនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដែលប្រទេសបារាំង កម្ពុជា និងប្រទេសទាំង​១៧​ផ្សេងទៀត បានចុះហត្ថលេខារួមគ្នា នៅក្នុងឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងសន្តិភាពនោះ (...) មានចែងថា ពលរដ្ឋ​កម្ពុជាទាំងអស់ នឹងទទលបាននូវសិទ្ធិ និងសេរីភាព ដែលមានចែង នៅក្នុងសេចក្ដីប្រកាសជាសកល ស្ដីពី​សិទ្ធិ​មនុស្ស និងនៅច្បាប់អន្តរជាតិ ទាក់ទងនឹងសិទ្ធិមនុស្ស។ (តែ) ២០ឆ្នាំក្រោយមក ការសន្យាទាំងឡាយ ដែល​ទាក់​ទង​នឹង​សិទ្ធិមនុស្ស មានចែងក្នុងកិច្ចព្រមព្រៀង សន្ដិភាព ហាក់ដូចជាបានរលាយបាត់ បន្តិចម្ដងៗ។»

លិខិតចំហរ បានសរសរ ទៅកាន់ប្រធានាធិបតីបារាំងទៀតថា៖ «ប្រទេសបារាំង ត្រូវបានមានជំហររួចជាស្រេច ធ្វើការថ្កោលទោសជាសាធារណៈ ចំពោះអំពើហិង្សាដ៏ធ្ងន់ធ្ងរ ស្ដីពីសិទ្ធិមនុស្ស ដែលចេះតែបន្តកើតមាន នៅក្នុង​ប្រទេសកម្ពុជា (...)។យើងសូមជំរុញឲ្យលោក យកបញ្ហាទាំងនេះ មកជជែកក្នុងជំនួបជាមួយលោក ហ៊ុន សែន និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរព លើកស្ទួយ និងធានាឲ្យបាន ពីសិទ្ធិមនុស្ស ព្រមទាំងកិច្ចព្រមព្រៀង ជា​លក្ខណៈអន្តរជាតិទាំងឡាយ។»

ទាក់ទងនឹងករណី ជនទាំង២១នាក់ខាងលើនេះ រដ្ឋាភិបាលកម្ពុជា​តែងបានធ្វើការបដិសេធ កន្លងមកជា​រឿយៗ ពីការលើកឡើងថា មានការពាក់ព័ន្ធ ដល់បញ្ហានយោបាយ ឬការបំបិតសិទ្ធិសេរីភាព។ ផ្ទុយទៅវិញ រដ្ឋាភិបាល​បាន​ថ្លែងអះអាងទៀតថា ករណីទាំងប៉ុន្មាននេះ ជាការអនុវត្តច្បាប់ ក្នុងនាមកម្ពុជាជានីតិរដ្ឋ ហើយអ្វីៗ បានស្ថិត​ក្នុងអំណាចតុលាការ ជាអ្នកសម្រេចទាំងស្រុង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...