តេជគុណ លួន សាវ៉ាត៖ គ្មានយុត្តិធម៌ ការតវ៉ានឹងរាលដាលធំ
បន្ទាប់ពីមានការចាប់ខ្លួន ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន សកម្មជនដីធ្លី និងកម្មករទាំង ១០នាក់ កាលពិថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ រួចមក ហើយថ្ងៃនេះជាថ្ងៃកាត់ក្តីលើជនជាប់ចោទទាំងនោះ ខណៈនោះដែរមានប្រជាពលរដ្ឋនិងព្រះសង្ឃប្រមាណ ៣០០នាក់ បានមកធ្វើការតវ៉ានូវមុខតុលាការដើម្បីអោយមានការដោះលែងជនទាំងនោះ។
កងកម្លាំងត្រូវបានបញ្ជូនទៅមុខសាលាដំបូងរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)
បាតុកម្ម- ព្រះតេជគុណ លួន សាវ៉ាត ដែលកំពុងស្ថិតនៅក្នុងការតវ៉ាថ្ងៃនេះ នៅមុខតុលការរាជធានី បានអោយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ដឹងថា «ការមកធ្វើបាតុកម្មនៅថ្ងៃនេះ មិនមកដើម្បីបង្ករហឹង្សា ឬបញ្ហាណាមួយជាមួយអ្នណាទេ មកដើម្បីគ្រាន់តែតវ៉ាទាមទារមនុស្ស ដែលត្រូវបានគេវាយដំច្រំធាក់ និងត្រូវបានគេចោទប្រកាន់។»
ព្រះតេជគុណបានអោយដឹងទៀតថា «យើងមិនដឹងថា គេចោទប៉ុន្មានករណីនោះទេ តែអោយតែសកម្មជនដីធ្លី និងអ្នកកាពារសិទ្ធិមនុស្ស គ្មានអ្វីក្រៅពី ការញុះញង់ ការប្រើហឹង្សា បង្ករអន្តិសុខសណ្តាប់ធ្នាប់សង្គមជាដើម។»
ការកាត់ទោសនេះមិនទាន់បញ្ចប់នៅឡើយទេនោះ តែព្រះតេជគុណនៅបង្ហាញជំហរថា «បើមិនទាន់ទទួលបានយុត្តិធម៌ ជនរងគ្រោះមិនទទួលបានសេរីភាព ការតវ៉ានេះនឹងរីករាលជាទ្រង់ទ្រាយធំ»។
សូមបញ្ជាក់ថា លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា សកម្មជនដីធ្លី និងកម្មករទាំង ១០នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ នៅមុខរោងចក្រយ៉ាកជីង ខណៈពេលមានការបង្ក្រាបមួយពីសំណាក់កងកម្លាំងអាជ្ញាធរទៅលើក្រុមកម្មករ តែនៅតែមិនពេញចិត្តនឹងការតម្លើងប្រាក់ខែបន្តិចបន្ដួច របស់ក្រសួងការងារ។ ថ្ងៃនេះ អ្នកដែលបានចាប់ខ្លួនទាំងនោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីធ្វើការសាកសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។
នៅមុខសាលាដំបូងរាជធានីនោះដែរ កងកម្លាំងសមត្ថកិច្ច ដែលមានចំនួនរាប់រយនាក់ ដែលមានប្រដាប់ដោយ ដំបង កាំភ្លើង ខែល បានប្រាប់ដល់អ្នកតវ៉ាទាំងអស់ ឲ្យចេញពីមុខតុលាការ ដើម្បីបើកផ្លូវអោយគេធ្វើដំណើរ ដែលពេលនេះនៅមិនទាន់ការប្រើហិង្សាណាមួយទៅលើក្រុមបាតុករនោះទេ។ តែក្រុមបាតុករនៅតែមិនព្រមបើកផ្លូវដោយសំអាងថា គាត់មកទីនេះមិនបានបង្ករបញ្ហាណាមួយដល់សង្គមទេ ដោយគ្រាន់តែមកតវ៉ាអោយមានការដោះលែងអ្នកដែលគ្មានទោសប៉ុណ្ណោះ។
ដោយឡែងព្រះតេជគុណ ប៊ុត ប៊ុនតិញ ឯណោះវិញ បន្ទាប់ពីត្រូវបានដោះលែង ក្រោយការឃាត់ខ្លួននៅខេត្តព្រះវិហារនោះមក បានបង្ហោះវីដេអូមួយនៅលើហ្វេសប៊ុក ដោយព្រះតេជគុណ បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយតវ៉ាដើម្បីអោយមានការដោះលែង អ្នកដែលបានចាប់ខ្លួនទាំងនោះ៕
-------------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ