ក្រសួងការងារ ថាអ្នកបញ្ជាទិញអន្តរជាតិ មិនចង់ឲ្យផលិតកម្មធ្លាក់ចុះ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២៧ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ទោះយ៉ាងណាក៏ដោយ ការតាំងចិត្ត និងតម្លាភាព នៃការចូលរួមនៃភាគីពាក់ព័ន្ធទាំងអស់ គឺជាចំណុចគន្លឹះ ដែលអាចធ្វើឲ្យស្ថានភាព និងស្ថេរភាពនៃការបញ្ជាទិញពីអន្តរជាតិនានា ដែលអាចស្ថាឡើងវិញបាន។» នេះជាលទ្ធផលរួមនៃជំនួបពិភាក្សា«ពង្រឹងវិស័យកាត់ដេរនៅកម្ពុជា» រវាងតំណាងកម្ពុជា និងអ្នកបញ្ជាទិញអន្តរជាតិ នៅទីស្តីការគណរដ្ឋមន្រ្តី ដែលលើកឡើងដោយលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។
កិច្ចប្រជុំ នៅទីស្ដីការរដ្ឋមន្ត្រី រវាងរដ្ឋាភិបាលកម្ពុជា និងអ្នកបញ្ជាទិញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Samneang)
ប្រាក់ឈ្នួលអប្បរមា - ក្នុងកិច្ចពិភាក្សា«បិទ»ទ្វា បានចាប់ផ្តើមតាំពីម៉ោង៣ និងអូសបន្លាយរហូតម៉ោងជាង៦ល្ងាច ទើបបញ្ចប់។ សមាសភាពនៃកិច្ចពិភាក្សានេះ រួមមានលោក គាត ឈុន ឧបនាយករដ្ឋមន្រ្តីប្រចាំការ តំណាងរដ្ឋាភិបាល លោកអ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងតំណាងអ្នកបញ្ជាទិញអន្តរជាតិមានចំនួន១៨រូប ដែលមកក្រុមហ៊ុនធំៗ និងពីសម្ពព័ន្ធសហជីពអន្តរជាតិ។
ក្នុងបទសម្ភាសជាមួយ អ្នកសារព័ត៌មានកាលពីថ្ងៃទី២៦ ខែឧសភា ម្សិលមិញ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថាជំនួនរវាងកម្ពុជា និងអ្នកបញ្ជាទិញអន្តរជាតិនេះ បានធ្វើការពិភាក្សាទៅលើ ការកំណត់តម្លៃឈ្នួលអប្បរមានៅកម្ពុជា ការវិវឌ្ឍន៍នៃសេចក្តីព្រាងច្បាប់សហជីព ការអនុវត្តនីតិរដ្ឋ ពិសេសអ្នកដែលជាប់ចោទទាំង២៣នាក់ ដែលកំពុងក្នុងសមត្ថកិច្ចរបស់តុលាការ។
លោកបានថ្លែងពីការព្រួយបារម្ម របស់តំណាងសម្ពព័ន្ធសហជីពអន្តរជាតិថា រាល់បាតុកម្ម និងកួដ្ឋកម្មកន្លងមកបានធ្វើឲ្យចង្វាក់ផលិតកម្មរបស់ពួកគាត់ មានភាពរអាក់រអួលច្រើន។ «មិនមានយន្តការណាមួយ និងគ្មានស្ថេរភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈ អាចព្យាករណ៍បានទេ នោះការបញ្ជាទិញរបស់គាត់នឹងត្រូវកាត់បន្ថយ។ (...) គាត់ស្រាលាញ់កម្ពុជា ហើយគាត់មិនចង់ឃើញការធ្លាក់ចុះ នៃការបញ្ជាទិញពីកម្ពុជាឡើយ។»
ខាងតំណាងសម្ព័ន្ធសហជីពអន្តរជាតិ មិនអាចសុំទំនាក់ទំនង ដើម្បីបញ្ជាក់ពីលទ្ធផល នៃជំនួបរយៈពេលជាងបីម៉ោងនេះបានទេ។ តែលោក ហេង សួរ បានបញ្ជាក់ទៀតថា ភាគីបញ្ជាទិញអន្តរជាតិ ក្រៅពីការទទួលយកនូវវឌ្ឍនភាពនៃចំណុចមួយចំនួន ក្នុងកិច្ចពិភាក្សានេះ ក៏បានស្នើដល់ភាកីកម្ពុជា ធ្វើយ៉ាងណាក្នុងកិច្ចពិភាក្សានៃការតម្លើងប្រាក់ឈ្នួលអតិបរមា ត្រូវមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជាមួយនិងគ្នានេះ ក៏សុំឲ្យរដ្ឋាភិបាលធ្វើការបង្កើនល្បឿន នៃសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដើម្បីជួយសម្រួលដល់ការងាររបស់ប្រព័ន្ធតុលាការ ធ្វើយ៉ាងណាឲ្យអ្នកទាំង២៣នាក់ ដែលកំពុងជាប់ឃុំនេះ អាចទទួលបាននូវសេវាយុត្តិធម៌ និងការដោះលែងបានឆាប់រហ័ស។
លោក ហេង សួរ បានធ្វើការរម្លឹកថា អ្វីដែលជាសំណូមពររបស់ដៃគូបញ្ជាទិញអន្តរជាតិនេះ ជាគោលការណ៍រួមរបស់រដ្ឋាភិបាលដែលបានប្រកាន់យក ក្រោយពីមានជំនួបជាមួយតំណាង អ្នករាយការណ៍អង្គការសហប្រជាជាតិថា នឹងផ្តល់នូវភាពយុត្តិធម៌ដល់អ្នកទាំង២៣នាក់នោះ។ លោកបន្ថែមដូច្នេះថា «រដ្ឋាភិបានធានានូវសេវាយុត្តិធម៌ជូនដល់អ្នកដែលជាប់ឃុំទាំង២១នាក់។ តែទោះយ៉ាងណាក៏ដោយ ទុកឲ្យប្រព័ន្ធយុត្តិធម៌ យន្តការតុលាការធ្វើទៅតាមនីតិវិធីរបស់គេ។ (...) មានទោស ឬគ្មានទោសទុកឲ្យតុលាការជាអ្នកសម្រេច។»
តំណាងសម្ព័ន្ធសហជីពអន្តរជាតិបន្តថា និងគ្រោងជួបខាង GMAC បន្តពិភាក្សាពីបញ្ហាប្រាក់ខែអប្បរមានេះ។ បន្ទាប់មកបន្តជួបខាងសហជីព ដើម្បីជួបពិភាក្សា ឲ្យគាត់បានធ្វើការថ្លឹងថ្លែង ឲ្យបានដិតដល់ជុំវិញរាល់ព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងមកនេះ។ លោកទទួលស្គាល់ លើការស្វែងរកដំណោះស្រាយមួយ ដែលត្រូវការនូវពេលវេលា និងមិនអាចធ្វើការដោះស្រាយ ក្នុងរយៈពេលដ៏ខ្លីមួយបានទេ។
លោកបន្តថា ខាងតំណាងសម្ពព័ន្ធសហជីពអន្តរជាតិចង់ឃើញ នូវភាគីទាំងពីរ(សហជីព និងជីម៉ាក់) ជួបចចារគ្នា នឹងគិតយកប្រយោជន៍រួម។ «ទាំងសហជីព ទាំងនិយោជកត្រូវតែអង្គុយជាមួយគ្នាធ្វើការ។ ហើយគាត់លើកទឹកចិត្តឲ្យមានយន្តការនៃការជួបចចារគ្នាបន្តទៅទៀត។ (...) មានតម្លាភាពក្នុងការនិយាយគ្នា និងមានភាពស្មោះត្រង់ ដើម្បីការពារនូវប្រយោជន៍រួម។ (...) មានតែការជួបគ្នា និងការចែករំលែកព័ត៌មានជាមួយគ្នាដោយតម្លាភាព វាអាចជួយឲ្យយន្តការនៃការចចារ មានលក្ខណៈផ្លែផ្កាជាមុន។ (...) យើងជិះទូកតែមួយ។»
ទស្សនាវដ្តីមិនអាចទាក់ទង ជាមួយលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានទេ ដោយលោកពុំទទួលទូរស័ព្ទ។ តែក្នុងកិច្ចសម្ភាសជាមួយលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា លោកបានបញ្ជាក់យ៉ាងខ្លីថា លោក និងអ្នកផ្សេងទៀត មិនបានទទួលលិខិតក្នុងការចូលរួមពិភាក្សា ជាមួយអ្នកបញ្ជាទិញអន្តរជាតិទាំងនោះទេ។ តាមព័ត៌មានច្បាស់ការណ៍មួយ ក្រុមសហជីពនឹងធ្វើការជួបជុំគ្នា នៅវេលាម៉ោង១២ថ្ងៃត្រង់នេះ នៅសណ្ឋាគារសាន់វ៉េ ដើម្បីពិភាក្សាការងារមួយចំនួន ដែលក្រុមសហជីពប្រឈមនឹងការចាប់ខ្លួន នៅពេលមានការជួបជុំ ឬទាមទាអ្វីដែលជាការមិនពេញចិត្តរបស់ខ្លួននោះ៕