អ្នកច្បាប់ថារដ្ឋាភិបាលត្រូវតែគោរពច្បាប់ និងសិទ្ធិមនុស្សឡើងវិញ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 20, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ការឃាត់ខ្លួនបុគ្គលណាមួយ លុះត្រាណាមើលឃើញថា សកម្មភាពរបស់គាត់ មានតម្រុយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ទើបមានសិទ្ធិឃាត់ខ្លួន។ កុំចេះតែឃាត់ៗនោះ នាំឲ្យមានការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់បុគ្គល។» នេះជាកាលើកឡើងរបស់អ្នកច្បាប់មួយរូប និងមេធាវីការពារក្ដីអោយលោកសុខ ឈុនអឿនកាលពីព្រឹកថ្ងៃទី២០ ខែមករា នៅស្នាក់ការសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កងទាហ៊ានដែលមកពីកងឆ័ត្រយោង៩១១ ត្រូវបានបញ្ជូនមកធ្វើការបង្ក្រាបបាតុករស៊ីវិល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ។ (រូបថត REUTERS/Samrang Pring)
ច្បាប់និងសិទ្ធិ - ក្រោយពីស្ថានភាពនយោបាយតឹងតែង ដែលមកទល់នឹងពេលនេះ នៅមិនទាន់រកច្រកចេញបាននៅឡើយនោះ ក្រុមអាជ្ញាធរដែលដឹកនាំដោយរដ្ឋាភិបាលសព្វថ្ងៃ បានរិតបណ្តឹងនូវការជួបជុំ ការសម្តែងមតិរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រកបរបរយកព័ត៌មាន របស់អ្នកសារព័ត៌មានជាដើម។
អ្នកច្បាប់មួយរូប លោក គីម សុជាតិ ជាមេធាវីការពារក្ដីអោយលោកសុខ ឈុនអឿន ដែលទើបនឹងត្រូវបានអាជ្ញាធរ ដោះលែងនៅថ្ងៃទី២០ ខែមករានេះ ពីការឃុំខ្លួនដោយគ្មានកំហុសនោះ បានបរិហារក្រុមអាជ្ញាធរ ក្រុមសមត្ថកិច្ច ឬក្រុមសន្តិសុខរបស់ខណ្ឌដូនពេញ ក៏ដូចជារដ្ឋាភិបាល ថាតែងតែធ្វើការចាប់ខ្លួនបុគ្គលណាម្នាក់ក្នុងពេលបច្ចុប្បន្ននេះ មិនសូវជាអនុវត្តតាមច្បាប់ឡើយ ដោយភាគច្រើនពីក្នុងនោះ ធ្វើតាមបញ្ជាថ្នាក់លើ ឬធ្វើទៅតាមអារម្មណ៍ភ័យខ្លាចរបស់ខ្លួនតែប៉ុណ្ណោះ។
មតិប្រជាពលរដ្ឋទូទៅ បានលើកជាចំណោទថា តើការជួបជុំគ្នា ដើម្បីប្រារព្វពីធីបែបសាសនាណាមួយ នៅកន្លែងមួយដែលគេដឹងថា ជាកន្លែងប្រារព្វពិធីទៅតាមទំនៀមទំលាប់ដូនតា ដូចជានៅរមណីដ្ឋានវត្តភ្នំ នៅព្រះអង្គដងកើរនៅតាមទីវត្តអារាម និងនៅតាមទីសាធារណៈនោះ ចាំបាច់មានការសុំច្បាប់ពីអាជ្ញាធរដែរ ឬយ៉ាងណា?
ករណីនេះត្រូវបានអ្នកច្បាប់រូបនេះ បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួន ទាក់ទងនឹងផ្លូវច្បាប់ថា «ការជួបជុំ ការអុជធូប មិនចាំបាច់សុំការអនុញ្ញាតិពីអាជ្ញាធរទេ។ (...) ហើយបើអាជ្ញាធរចេះតែឃាត់ៗ គ្រាន់តែមនុស្សឥតមានប៉ះពាល់អ្វីផង ទៅឃាត់នោះ (វា)ប៉ះពាល់ដល់សិទ្ធិសេរីភាព និងកិតិ្តយស។ ចង់មិនចង់មានការឃាត់ខ្លួន នោះបណ្តាញសារព័ត៌មាននឹងធ្វើការចុះផ្សាយ ដែលអាចប៉ះពាល់ដល់កិត្តិយស សិទ្ធិសេរីភាព។»
រីឯលោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្សរបស់សមាគមអាដហុក ក៏បានថ្លែងបញ្ជាក់ទៅនឹងករណីនេះដែរថា រាល់ការជួបជុំរបស់ប្រជាពលរដ្ឋ ក្នុងការបួងសួងនេះ មិនមែនជាការខុសនឹងច្បាប់នោះទេ។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាល ពីរាល់ករណីនៃការចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្ស ឬតំណាងប្រជាពលរដ្ឋ និងកម្មករមួយចំនួននាពេលកន្លងមកបានទេក្នុងល្ងាចនេះ។ តែតាមការបញ្ជាក់របស់លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស សមាគមអាដហុក បានបង្ហាញថា «ការហាមឃាត់ មិនឲ្យមានការជួបជុំ ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋពីសំណាក់ក្រុមសមត្ថកិច្ចនាពេលកន្លងមក ជាករណីខុសច្បាប់។»
ក្នុងរបាយការណ៍៧ចំណុច របស់លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា បានលើកឡើងកាលពីថ្ងៃទី១៦ ខែមករា នេះថា អាជ្ញាធរបានប្រើកម្លាំងប្រដាប់អាវុធ ហួសប្រមាណក្នុងការបង្ក្រាបទៅលើក្រុមជនស៊ីវិល ដែលធ្វើបាតុកម្មដោយអហិង្សា។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា «បាតុកម្ម ឬការតវ៉ាណាមួយដែលនឹងកើតឡើងនាពេលអនាគត រដ្ឋាភិបាលត្រូវប្រយ័ត្នប្រយែងពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការប្រើប្រាស់កម្លាំង ដែលឆ្លើយតបទៅនឹងភាពចាំបាច់ ភាពស្របច្បាប់ ភាពសមាមាត្រ៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤