ត្រូវគោរពក្រមសីលធម៌៦ចំណុច បើចង់ចូលពិភាក្សារឿងប្រាក់ខែកម្មករ!
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ តុលា ២០១៤
- កែប្រែចុងក្រោយ: October 22, 2014
- ប្រធានបទ: បៀវត្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា «ចាប់ពីពេលនេះតទៅ យើងមិនធ្វើសន្និសិទ្ធិបែកគ្នាទេ បំភ្លឺគ្នាទៅវិញទៅមក កុំខ្លាច។ (….) គោលបំណងនៃការជួបគ្នា ហើយជួបគ្នាទៀត ចាប់ដៃគ្នា ការពារផលប្រយោជន៏រួម។» ការលើកឡើងរបស់មន្ត្រីអ្នកនាំពាក្យរូបនេះ ជាផ្នែកមួយ នៅក្នុងចំណុចជាច្រើន នៃការបង្កើតឲ្យមាននូវស្មារតីខិតមកកៀកគ្នា នៃគ្រប់ភាគីចូលរួមទាំងអស់ សម្រាប់ពិភាក្សា លើការតម្លើងប្រាក់ឈ្នួលអប្បបរមា ឲ្យដល់កម្មករកម្ពុជា។
ក្នុងជំនួបត្រីភាគីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤នេះ លោក ហេង សួរ បានលើកមកបញ្ជាក់នូវក្រមសីលធម៌ ចំនួនប្រាំមួយចំណុច សម្រាប់អនុវត្ត ក្នុងការពិភាក្សាគ្នាពេលក្រោយៗទៀត រួមមាន៖
១. មិនត្រូវប្រើប្រាស់ពាក្យពេចន៍បែបហិង្សា និងបង្កអរិភាពរវាងគ្នា និងគ្នា។
២. មិនត្រូវផ្សព្វផ្សាយព័ត៌មានណាមួយ ដែលអាចបង្កឲ្យមានអំបើហិង្សា ការប្រមូលផ្តុំខុសច្បាប់ ដែលប៉ះពាល់ដល់បរិយាកាសវិនិយោគ សន្តិសុខ និងសណ្តាប់។
៣. មិនត្រូវអវត្តមានពីកិច្ចប្រជុំ និងមិនអនុញ្ញាតឲ្យមានតំណាងជំនួសនោះឡើយ លើកលែងតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ បុគ្គល ដែលអវត្តមានក្នុងកិច្ចប្រជុំ អាចប្រឈមនឹងការបាត់បង់សុពលភាព នៃការចូលរួមសកម្មភាពត្រីភាគី នាពេលអនាគត។
៤. ត្រូវប្រើប្រាស់ហេតុផល និងទឡ្ហីករណ៍សមរម្យ ក្នុងការការពារអំណះអំណាងរបស់ខ្លួន ឬភាគីខ្លួន។
៥. ត្រូវរក្សានូវការសម្ងាត់ នៃព័ត៌មាន ប្រសិនជាមានសំណូមពរ។
៦. ត្រូវមានសុឆន្ទៈក្នុងការចរចា ដើម្បីរកដំណោះស្រាយ និងការពារនូវផលប្រយោជន៍សេដ្ឋកិច្ច របស់វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ក៏ដូចជាផលប្រយោជន៍របស់បងប្អូនកម្មករ និយោជិកក្នុងវិស័យនេះ។
អគ្គលេខាធិកានៃ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក គង់ អាទិត្យ តំណាងឲ្យភាគីកម្មករ បានលើកឡើងថា លោកគាំទ្រចំពោះសម្មភាពរបស់ក្រសួងការងារនៅពេលនេះ ដែលឈរជាកណ្តាល មិនមាននិន្នាការទៅរកភាគីណាមួយនោះ។ លោកបន្តថា យ៉ាងណាក៏ដោយ សម្រាប់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត ត្រូវស្ថិតនៅលើការថ្លឹងថ្លែងដោយស្មើភាពគ្នា ធ្វើយ៉ាងណាស្វែងរកយុត្តិធម៌ បានទៅដល់កម្មករ ដែលចាត់ទុកថាវិស័យកាត់ដេរទាំងមូល ឬសង្គមមាន«សន្តិភាព»បាន។
សម្រាប់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាវិញ ចាត់ទុកក្រមសីលធម៌ខាងលើនេះ ថាជាការឥតប្រយោជន៍ និងនាំមកនូវផលអាក្រក់។ តាមសេចក្តីថ្លែងការណ៍ របស់សហភាពសហជីពកម្ពុជា ចុះថ្ងៃទី២១ ខែតុលានេះ បានលើកឡើងថា កិច្ចប្រជុំដែលចាត់ទុកថាមានដំណើរការល្អ ត្រូវតែផ្តល់សេរីភាព សម្រាប់អ្នកចូលរូមគ្រប់ភាគី ក្នុងការបញ្ចេញនូវមតិរបស់ខ្លួន មិនត្រួវធ្វើការហាមឃាត់ ឬដាក់គំនាបយ៉ាងដូច្នេះទេ ដែលអាចបង្ហាញថា លទ្ធផលដែលបានពីកិច្ចប្រជុំនោះ មានលទ្ធផលមិនល្អដែលអាចទទួលយកបាន។
ដោយឡែក ចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ នៅមិនទាន់មានលទ្ធផលឲ្យប្រាកដ ពីការជជែកគ្នានេះទេ។ អគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ តំណាងឲ្យខាងភាគីនិយោជក ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បានលើកឡើងថា ចំពោះលទ្ធផល ពីជំនួបពីថ្ងៃទី២០ ខែតុលា នៅមិនទាន់ចាត់ទុកថា ជាលទ្ធផលនៃការខិតទៅរកភាពជិតគ្នា រវាងកម្មករនិយោជិក និងនិយោជកនៅឡើយ៕
---------------------------------------
សូមទស្សនាកិច្ចសម្ភាស នៃជំនួនត្រីភាគីជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖