វេទិកាសាធារណៈរបស់សហជីពនឹងនៅតែធ្វើ ទោះសាលារាជធានីហាម
ទោះជាអាជ្ញាធររាជធានី បានបដិសេធមិនឲ្យក្រុមសហព័ន្ធសហជីពទាំង ១៨ ធ្វើការជូបជុំរៀបចំវេទិការសាធារណៈយ៉ាងណាក៏ដោយ ក៏សហព័ន្ធសហជីពទាំងនោះ បានអះអាងថា ការប្រមូលផ្តុំរៀបចំវេទិការសាធារណៈ នៅលើទីលានប្រជាធិបតេយ្យ នាថ្ងៃប្រារពទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនាខាងមុខនេះ នឹងមិនមានការប្រែប្រួលឡើយ។
ការជួបគ្នាដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
វិបត្តិការងារ - លោក សុខ ឈុនអឿង ប្រធានស្ដីទីសមាគមអ្នកប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថា វេទិការសាធារណៈ ដែលនឹងប្រារព្វធ្វើឡើង នៅលើទីលានប្រជាធិបតេ្យ នាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិនោះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែង សកម្មជនសិទ្ធិមនុស្សនិងកម្មករ ២១ នាក់ ដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុងដោយគ្មានលក្ខ័ណ្ឌ និងការតម្លើងប្រាក់ឈ្នួលអប្បរិមា ១៦០ ក្នុងមួយខែ សម្រាប់កម្មករគ្រប់វិស័យ។
លោកថ្លែងថា៖ «ការសម្រេចបដិសេធរបស់អាជ្ញាធររាជធានី នៅពេលនេះបង្ហាញថា អាជ្ញាធរថ្នាក់ក្រោម និងថ្នាក់កណ្ដាល អនុវត្តផ្ទុយពីសេចក្ដីណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល»៕
សូមអានអត្ថបទមុន ដែលសរសេរអំពី«សាលារាជធានី មិនឲ្យធ្វើវេទិកាសាធារណៈរបស់សហជីព នៅថ្ងៃ៨មីនា»។
លោកថា នៅពេលថ្មីៗកន្លងមកនេះ ប្រមុខរដ្ឋាភិបាលបានប្រកាស ឲ្យប្រជាពលរដ្ឋធ្វើការជួបប្រជុំគ្នាសម្ដែងមតិ ឬក្ដីកង្វល់របស់ខ្លួន ប៉ុន្តែហេតុអ្វីបានជាអាជ្ញាធររាជធានី ប្រើលេសគ្រប់រូបភាព ក្នុងគោលបំណងមិនបើកសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋទៅវិញ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលជាសមាជិកគណកម្មការសម្ព័ន្ធសហជីពទាំង១៨ បានថ្លែងថា ការលើកឡើងពីក្ដីកង្វល់របស់អាជ្ញាធររាជធានី គឺគ្រាន់តែជាលេសមិនចង់បើកសិទ្ធិសេរីភាពជូនពលរដ្ឋ ដើម្បីធ្វើការទាមទារតាមផ្លូវច្បាប់ប៉ុណ្ណោះ។ លោកថ្លែងថា៖ «ការជួបប្រជុំបើកវេទិការសាធារណៈនាថ្ងៃសិទ្ធិនារីអន្តរជាតិខាងមុខនេះ នឹងមិនប្រែប្រួលអ្វីឡើយ»។
ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួនបួន រួមមាន លោក គាត ឈុន ប្រធានគណៈកម្មាធិការប្រាក់ឈ្នួល លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអញ្ជើញឲ្យចូលរួមស្ដាប់ និងឆ្លើយតបទៅនឹងសំណួររបស់អ្នកចូលរួមប្រមាណមួយម៉ឺននាក់ ដែលភាគច្រើនជាកម្មករ ជុំវិញប្រធានបទមួយចំនួនទៀត ដែលទាក់ទងទៅនឹងកំណែទម្រង់ស៊ីជម្រៅ របស់រដ្ឋាភិបាល ក្នុងការលើកកំពស់សិទ្ធិនារីជាសាកល សិទ្ធិសេរីភាព និងជីវភាពរស់នៅសមរម្យរបស់ពលរដ្ឋ ការធានានូវសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង ប្រព័ន្ធយុត្តិធម៌សង្គម។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានថ្លែងថា អាជ្ញាធរ បានអនុញាតឲ្យក្រុមសហជីពទាំង ១៨ រៀបចំវេទិការសាធារណៈរបស់ពួកគេ នៅក្នុងស្ថាប័ន ឬការិយាល័យរបស់ពួកគេ ប៉ុន្តែមិនអនុញាតឲ្យរៀបចំធ្វើនៅលើទីលានប្រជាធិបតេយ្យនោះទេ។ លោកថា៖ «ព្រោះប្រធានបទ ដែលពួកគេគ្រោងលើកយកមកពិភាក្សា និងចំនួនអ្នកចូលរួម នៅនៅក្នុងវេទិការខាងមុខនេះ អាចនឹងបង្កឲ្យមានភាពចលាចល និង អុជអាលបំផ្ទុះភ្លើងកំហឹងពលរដ្ឋ ឲ្យប្រើអំពើហឹង្សា ខូចសណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គមសាជាថ្មីបាន»៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ០៤ មីនា ២០១៤