កម្មករ​ SL បន្តរ​ទាម​ទារ​ឲ្យ​ដោះ​ស្រាយ​រឿង​ចាស់​ពី​នាយក​រដ្ឋមន្រ្តី

ជាថ្មីម្តងទៀត និងដោយមិនមានការដោះស្រាយ នូវបញ្ហារបស់ខ្លួន ជាពិសេសពីសំណាក់អាជ្ញាធរពាក់ព័ន្ធនោះ នាព្រឹកថ្ងៃ​ទី២១ ខែតុលានេះ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់អេសអ៊ិល(SL) ជិតបីពាន់នាក់ បាននាំគ្នាធ្វើដំណើរ​ដោយថ្មើរ​ជើង​ពីរោងចក្រ ឆ្ពោះមកកាន់វិមានឯករាជ្យ ក្នុងគោលបំណងចង់ឲ្យលោក នាយករដ្ឋមន្រ្តីហ៊ុនសែន ជួយអន្តរាគមន៍ដោះស្រាយ​នូវបញ្ហា ដែលសេសសល់នាពេលកន្លងមក ពាក់ព័ន្ធនឹង«វិវាទការងារ»។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្តងទៀត និងដោយមិនមានការដោះស្រាយ នូវបញ្ហារបស់ខ្លួន ជាពិសេសពីសំណាក់អាជ្ញាធរពាក់ព័ន្ធនោះ នាព្រឹកថ្ងៃ​ទី២១ ខែតុលានេះ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់អេសអ៊ិល(SL) ជិតបីពាន់នាក់ បាននាំគ្នាធ្វើដំណើរ​ដោយថ្មើរ​ជើង​ពីរោងចក្រ ឆ្ពោះមកកាន់វិមានឯករាជ្យ ក្នុងគោលបំណងចង់ឲ្យលោក នាយករដ្ឋមន្រ្តីហ៊ុនសែន ជួយអន្តរាគមន៍ដោះស្រាយ​នូវបញ្ហា ដែលសេសសល់នាពេលកន្លងមក ពាក់ព័ន្ធនឹង«វិវាទការងារ»។


ក្រុមកម្មករអ្នកធ្វើបាតុកម្ម បានលើកបង្ហាញ«រូបសម្ដេចៗ» នៅមុខផ្ទះ«សម្ដេច»នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ក្រុមកម្មករ កម្មការនី មកពីរោងចក្រអេសអ៊ិល(SL) បានជួបជុំគ្នានៅមុខផ្ទះលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្បែរវិមានឯករាជ្យវេលាម៉ោងជាងប្រាំពីរព្រឹក ក្នុងគោលបំណងស្នើសុំកិច្ចអន្តរាគមន៍ ដោះស្រាយបញ្ហាវិវាទការងារ នៅកន្លែងធ្វើការរបស់ពួកគាត់ ដែលបានអូសបន្លាយពេលវេលាអស់ជាងបីខែមកហើយនោះ។

ការជួបជុំ និងការប្រមូលផ្តុំនេះ ពួកគាត់សូមឲ្យជួយដោះស្រាយនូវចំណុចសំខាន់ៗ ដូចជាការរើសអើងបញ្ឈប់​តំណាង​កម្មករ ដោយមិនមានមូលហេតុពីសំណាក់ថៅកែរោងចក្រ និងមិនគោរពតាមលក្ខខណ្ឌការងារ តាមការកំណត់​ដោយ​ក្រសួងការងារជាដើម។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ជឹម ឃាង មន្រ្តីច្បាប់នៃសម្ព័ន្ធសហជីព​ប្រជាធិបតេយ្យកម្មករ​កាត់ដេរកម្ពុជា បានបញ្ជាក់ថា ការតវ៉ានៅព្រឹកថ្ងៃនេះ ជាងចិតសិបថ្ងៃមកហើយ រាប់ចាប់ពីថ្ងៃទី១២ ខែកញ្ញាមក ព្រោះតែ​ក្រុមហ៊ុនបានធ្វើការចល័តកម្មករ ដោយគ្មានច្បាប់ទន្លាប់ មានការចល័តកម្លាំងប៉ូលីសក្នុងរោងចក្រ និងស្នើរឲ្យដកលោក​ មាស សុត្ថា ប្រធានរដ្ឋបាលរោងចក្រកាត់ដេរ SL ចេញពីរោងចក្រកាត់ដេរ និងទាមទារឲ្យរោងចក្រ ផ្តល់ប្រាក់ឈ្នួលដល់​កម្មករ ក្នុងអំឡុងពេលកូដកម្មតវ៉ា តាមការសម្រេចក្រោយកិច្ចចរចា សម្របសម្រួលរវាងតំណាងរោងចក្រកាត់ដេរ សហជីព​កម្មករ និងអភិបាលរាជធានីភ្នំពេញ។

លោក ជឹម ឃាងបានបន្តរថា រោងចក្រតែងតែធ្វើការគេចវេស មិនព្រមចូលមកដោះស្រាយ ដោយមិនបានអនុវត្តតាម​ការ​សម្រេចរបស់តុលាការ ក៏ដូចជារបស់ទីស្តីការគណរដ្ឋមន្រ្តី ដែលតម្រូវឲ្យរោងចក្រមួយនេះ ធ្វើការដោះស្រាយ​ជាមួយ​កម្មករ។ លោកបានបន្ថែមថា ក្នុងការប៉ះទង្គិចកាលពីព្រឹកម៉ិញ ខណៈពេលកម្មករស្រែកស្នើដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជួយអន្តរាគមនោះ បានបង្កឲ្យមានរបួសស្រាល ពី៣០ ទៅ៤០នាក់ ភាគច្រើនជាស្រ្តី ដោយសារប៉ះជាមួយនឹង​ដំបងឆក់ ដំបងវាយ និងខែលជាដើម។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺពីលោក ឡុង ឌីម៉ង់ បានទេ នាល្ងាចនេះ ដោយលោកពុំទទួលទូរស័ព្ទ។ តែបើតាមការអះអាង របស់លោក លោក ជឹម ឃាង ដដែល បានបញ្ជាក់ថាកម្មករទាំងនោះ ក៏ត្រូវបានកម្លាំងខាងលើ​ធ្វើ​ការ​រុញច្រាន ចេញពីផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្ពោះទៅក្បែរព្រះបរមរូប ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទើប​ឃើញមានវត្តមានតំណាងក្រសួងការងារ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ  ចូលជួបជាមួយកម្មករ ជា​លទ្ធផលបានសន្យាថា និងធ្វើការដោះស្រាយនូវបញ្ហាទាំងនេះ ទៅតាមសំណើរកម្មករនាពេលខាងមុខ និងក្រោយពីជំនួប​ជាមួយតំណាងកម្មករ និងក្រុមហ៊ុននាព្រឹកថ្ងៃទី២២ខែតុលានេះ ព្រមទាំងស្ថាប័នពាក់ពន្ធ័នានាផង។

មន្រ្តីច្បាប់នៃសម្ព័ន្ធ លោក ជឹម ឃាង បានបញ្ជាក់ថា តាមគោលការណ៍សម្រាប់ជជែកពិភាក្សាគ្នានោះ អង្គការស៊ូការឌូ មានប្រាំចំណុច ដើម្បីឲ្យរដ្ឋាភិបាលជួយដោះស្រាយ ដូចជាមួយចំណុចដកលោក មាស សុត្ថា និងបួនចំណុចទៀត ទាក់​ទងនឹងវិវាទការងារ។ លោកបានឲ្យដឹងទៀតថា «បើក្រុមហ៊ុនគ្មានចេតនា ឬឆន្ទៈក្នុងការដោះស្រាយបញ្ហា ខាងរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាត្រូវធ្វើយ៉ាងណា ឲ្យសហជីពអាចធ្វើការទាមទារ នូវអ្វីដែលកម្មករបាត់បង់ និងទទួល​បាន​មកវិញតាមច្បាប់ការងារ»។

សូមរម្លឹកថា ការទាមទាររបស់កម្មករ កាលពីជាងពីរខែរមុន សុំឲ្យមានការដោះស្រាយពីរោងចក្រមានដប់មួយចំណុច តែ​រហូតមកដល់ពេលនេះ នៅសល់បួនចំណុចទៀតដែលមិនទាន់បានដោះស្រាយនៅឡើយ ដែលជាមូលហេតុឲ្យ​កម្មករ នៅតែបន្តរការទាមទាររបស់ពួកគេ។ ការទាមទាដែលសេសសល់នោះ រួមមានស្នើឲ្យតំណាងកម្មករម្នាក់ចូលធ្វើការងារវិញ និងការទាមទារប្រាក់អាហារប្រចាំថ្ងៃជាដើម។ រោងចក្រ SL មានកម្មករ កម្មការនីសរុបប្រមាណជិតប្រាំបីរពាន់នាក់ តែក៏​ត្រូវបានរោងចក្រនេះបញ្ឈប់អស់ជាងមួយពាន់នាក់ហើយ៕

------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី២១ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...