ប៉ា សុជាតិវង្ស៖ បើ​ព្រះសង្ឃ​ចង់​ធ្វើ​នយោបាយ សឹក​សិន​ហើយ​ឈប់​នៅ​វត្ត

ស្របពេលនឹងគម្រោងធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ ដែលមានរយៈពេល៣ថ្ងៃ នឹងចាប់ផ្តើមធ្វើ​ក្នុងពេលឆាប់ៗនេះ ហើយអាចនឹងមានវត្តមានរបស់ព្រះសង្ឃចូលចូលរួមផងនោះ មន្រ្តីជាន់ខ្ពស់របស់សាលា​រាជធានី​ភ្នំពេញបានព្រមានថា ព្រះសង្ឃគួរសិកទៅជាគ្រហស្ថសិន ចាំចូលរួមសកម្មនយោបាយដើម្បីជាសវាង ផលប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា។ តែមន្រ្តីសង្គមស៊ីវិលអះអាងថាព្រះសង្ឃមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចូលរួមសកម្មនយោបាយ ព្រោះ​ព្រះសង្ឃក៏ជាប្រជាពលរដ្ឋ ដែលត្រូវបានធានាដោយច្បាប់ នៅក្នុងប្រទេសប្រជាធិបតេយ្យផងដែរ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: October 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្របពេលនឹងគម្រោងធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ ដែលមានរយៈពេល៣ថ្ងៃ នឹងចាប់ផ្តើមធ្វើ​ក្នុងពេលឆាប់ៗនេះ ហើយអាចនឹងមានវត្តមានរបស់ព្រះសង្ឃចូលចូលរួមផងនោះ មន្រ្តីជាន់ខ្ពស់របស់សាលា​រាជធានី​ភ្នំពេញបានព្រមានថា ព្រះសង្ឃគួរសិកទៅជាគ្រហស្ថសិន ចាំចូលរួមសកម្មនយោបាយដើម្បីជាសវាង ផលប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា។ តែមន្រ្តីសង្គមស៊ីវិលអះអាងថាព្រះសង្ឃមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចូលរួមសកម្មនយោបាយ ព្រោះ​ព្រះសង្ឃក៏ជាប្រជាពលរដ្ឋ ដែលត្រូវបានធានាដោយច្បាប់ នៅក្នុងប្រទេសប្រជាធិបតេយ្យផងដែរ។


ភាគមួយនៃព្រះសង្ឃ ដែលបានទៅចូលរួមក្នុងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិថ្ងៃទី០៧ខែកញ្ញា។ (រូបថត MONOROOM.info/ O. Vary)

អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានថ្លែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នេះថា ព្រះសង្ឃ គួរកុំចូលរួម​សកម្មភាពខាងនយោបាយ ឬចូលរួមក្នុងបាតុកម្មតវ៉ាផ្សេងៗ ពិសេសបាតុកម្មនៅតាមទីសាធារណៈតទៅទៀត។ អភិបាល​រាជធានីរូបនេះបន្តថា ព្រះសង្ឃ គួរកម្កល់ខ្លួនជាព្រះសង្ឃមានតម្លៃ សម្រាប់ជាសក្ការៈ ដល់ពុទ្ធបរិស័ទគ្រប់រូបគោរពបូជា និងគួរកុំជ្រកកោនក្រោមម្លប់ព្រះពុទ្ធសាសនា ហើយបែទៅជាបម្រើឱ្យគោលដៅផ្សេងៗ ដែលល្មើសច្បាប់ប្រទេសជាតិ និងខុសវិន័យសាសនា។

លោក ប៉ា សុជាតិវង្ស បញ្ជាក់ថា៖ «បើព្រះសង្ឃអង្គណា ចង់ធ្វើនយោបាយ គួរតែនាំគ្នាសឹកទៅ ឈប់នៅវត្ត ហើយទៅធ្វើ​នយោបាយដោយបើកចំហតែម្តង កុំនាំគ្នាមកជ្រកកោនក្នុងសាសនា ដើម្បីធ្វើនយោបាយមិនបានទេ»។

គួរម្លឹកថា បន្ទាប់ពីការចរចាមិនត្រូវគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើម្បីទម្លាយភាព​ទាល់​ច្រកនយោបាយ តាំងពីក្រោយការបោះឆ្នោត រហូតមកដល់ពេលនេះ គណបក្សសង្រ្គោះជាតិ បានបន្តធ្វើមហាបាតុកម្ម​អហិង្សាទាមទារ ជាច្រើនលើកច្រើនសារ ទាក់ទងនឹងលក្ខខណ្ឌចរចាសំខាន់ៗមួយចំនួន ហើយនៅក្នុងបាតុកម្មនោះ​គេ​ក៏សង្កេតឃើញមានវត្តមានព្រះសង្ឃជាច្រើនរយអង្គចូលរួមជាមួយបាតុកម្មផងដែរ។

ទន្ទឹមនឹងនេះ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ក៏បានកត់សម្គាល់ឃើញថា កន្លងមកមានមន្រ្តីសង្ឃ​ជាន់ខ្ពស់​មួយចំនួន ក៏បានចូលរួមសកម្មភាពនយោបាយជាចំហរផងដែរ រួមមានសម្តេចសង្ឃ ទេព វង្ស និងសម្តេចសង្ឃ បួរ គ្រី ដែល​ជាសម្តេចសង្ឃនៃគណៈមហានិកាយ និងគណៈធម្មយុត្តិ បានចេញសង្ឃប្រកាសគាំទ្រលទ្ធផលបោះឆ្នោត និងហាម​ឃាត់​មិនឲ្យព្រះសង្ឃគ្រប់អង្គចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ។ តែការចេញសង្ឃប្រកាសទាំងនោះ គេ​សង្កេត​ឃើញថា មិនមានមន្រ្តីរដ្ឋាភិបាលរូបណាហានចេញមុខ ចោទប្រកាន់ថាខុសច្បាប់ប្រទេសជាតិ ឬខុសវិន័យក្នុងសាសនា​នោះទេ។

ទាក់ទងនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានពន្យល់ថា ពាក្យថានយោបាយអ្នកណាក៏មានសិទ្ធិសេរីភាពដែរ ដូច្នេះព្រះសង្ឃឋាៈតូចឬធំក្តី ក៏ត្រូវតែមានសិទ្ធិទៅចូលរួម​គណបក្ស​កាន់អំណាច ឬគណបក្សផ្សេងទៀត ព្រោះព្រះសង្ឃក៏ជាប្រជាពលរដ្ឋ។

លោក យ៉ង់ គឹមអេង បញ្ជាក់ថា៖ «ព្រះសង្ឃក៏ជាប្រជាពលរដ្ឋនៅក្នុងសង្គម ដែលទទួលផលប៉ពាល់ ពីសង្គម ពីប្រទេស​ជាតិជាដើម ដូចនេះព្រះសង្ឃត្រូវតែបញ្ជេញមតិផ្ទាល់ខ្លួន វាជារឿងសាមញ្ញទេនៅប្រទេសប្រជាធិបតេយ្យ»៕

-------------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...