គួរ​បង្កើត​ច្បាប់ ដាក់​«ឃុំ»​ទីលាន​ប្រជាធិបតេយ្យ ដោយ​បន្លា​លួស!

ទីលានប្រជាធិបតេយ្យ នៅតែបន្តជាប់«ឃុំ»ដោយបន្លាលួស រនាំងព្រមជាមួយនឹងក្រុមកម្លាំងសន្តិសុខជាតិ ជាច្រើន​នាក់ ដែលត្រូវបានដាក់ពង្រាយការពារ យ៉ាងម៉ត់ចត់ ដោយពុំអនុញាតិឲ្យអ្នកណាម្នាក់ចូលបានឡើយ សូម្បីអ្នក​សារព័ត៌មាន។ ការដាក់ទីលានប្រជាធិបតេយ្យ នៅក្នុងការជាប់ឃុំនេះ ដោយយោងតាមបទបញ្ជារបស់សាលារាជធានី ប្រកាសជាផ្លូវការដោយ លោកអភិបាល ដោយផ្ទាល់ផងទៀត តែមិនបានយោងទៅតាមច្បាប់ណាមួយ យកមក​សំអាងនោះឡើយ។ ដូច្នេះ តើគេត្រូវគោរពបទបញ្ជានេះ ឬក៏គប្បីធ្វើច្បាប់មួយតែម្ដង ដើម្បីអាចដាក់«ឃុំ»​ទីលាន​ប្រជាធិបតេយ្យ ដោយគ្មានការប្រទាំងប្រទើស?
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីលានប្រជាធិបតេយ្យ នៅតែបន្តជាប់«ឃុំ»ដោយបន្លាលួស រនាំងព្រមជាមួយនឹងក្រុមកម្លាំងសន្តិសុខជាតិ ជាច្រើន​នាក់ ដែលត្រូវបានដាក់ពង្រាយការពារ យ៉ាងម៉ត់ចត់ ដោយពុំអនុញាតិឲ្យអ្នកណាម្នាក់ចូលបានឡើយ សូម្បីអ្នក​សារព័ត៌មាន។ ការដាក់ទីលានប្រជាធិបតេយ្យ នៅក្នុងការជាប់ឃុំនេះ ដោយយោងតាមបទបញ្ជារបស់សាលារាជធានី ប្រកាសជាផ្លូវការដោយ លោកអភិបាល ដោយផ្ទាល់ផងទៀត តែមិនបានយោងទៅតាមច្បាប់ណាមួយ យកមក​សំអាងនោះឡើយ។ ដូច្នេះ តើគេត្រូវគោរពបទបញ្ជានេះ ឬក៏គប្បីធ្វើច្បាប់មួយតែម្ដង ដើម្បីអាចដាក់«ឃុំ»​ទីលាន​ប្រជាធិបតេយ្យ ដោយគ្មានការប្រទាំងប្រទើស?


ទីលានប្រជាធិបតេយ្យ ហ៊ុំព័ទ្ធដោយបន្លាលួស តាំងពីចុងខែមេសាឆ្នាំ២០១៤មក។ (រូបថត MONOROOM.info/ C. Nita)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៨ ឧសភា ២០១៤

សេរីភាពនៃទីសាធារណ- ជាងមួយសប្តាហ៍ហើយ ចាប់រាប់ពីថ្ងៃទី២ នៃថ្ងៃឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មកទល់នឹងថ្ងៃទី៨ ខែឧសភានេះ «ទីលានប្រជាធិបតេយ្យ» ដែលគេស្គាល់ថា ជាទីលាន​សាធារណៈនៃការសម្តែងមតិ ប្រកបដោយប្រសិទ្ធិភាពរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការ​នយោបាយ​នោះ នៅមិនទានមានការដោះលែងជាផ្លូវការនៅឡើយ បើទោះបីជាមានការអន្តរាគមន៏ពី គ.ជ.ប ដែលជាអ្នក​មាន​សិទ្ធិ​សម្រេចលើ«ទីតាំង»ក្នុងដមណាក់ការនៃការឃោសនា ស្វែងរកសម្លេងឆ្នោត​របស់គណបក្ស​នយោបាយ​ក៏​ដោយ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី៨ ខែឧសភា មន្រ្តីច្បាប់ជាន់ខ្ពស់នៃគណបក្សសង្គ្រោះ​ជាតិ លោក រស់ សួរ ហៅការការដាក់បំរាមរបស់សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃថា គ្រាន់តែជាបទបញ្ជា ឬបំរាម ដែលមិនអាចទទួលយកបាន ព្រោះ(វា)ផ្ទុយទាំងស្រុងទៅនឹងច្បាប់ និងនីតិវិធីនៃការបោះឆ្នោតទាំងស្រុង។

លោកបានបន្ថែមថា លោកគាំទ្រនូវការលើកឡើងរបស់ គ.ជ.ប ដែលបានចេញនូវលិខិតមួយ ដែលមានគតិយុត្តិ ច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមច្បាប់ដែលមាន។ «អ្វីជាការបោះឆ្នោត។ វា (ការបោះឆ្នោត) មានន័យថា​មនុស្ស​ម្នាក់ ឬបក្សណាមួយ ត្រូវតែបង្ហាញ នូវផែនការ ឬយុត្តិសាស្រ្តនយោបាយរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋ និងអ្នក​ដែល​នឹងគាំទ្រ ដើម្បីផ្តល់សេចក្តីទុកចិត្ត តាមរយៈសន្លឹកឆ្នោតរបស់គេ។ (...) ផ្ទុយមកវិញបើសិនជា គ្មានការឃោសនា ឬការ​ឃោសនា​នោះត្រូវបានកំណត់ព្រំដែន តើមានអ្វីខុសគ្នានឹងការខ្សឹបដាក់ត្រចៀកនោះ។ (...) អ្នកណាគេស្គាល់ ដឹងថាយើងជានណា។ (...) គណបក្សសង្គ្រោះជាតិគោរពតាមច្បាប់ និងនីតិវិធីដែលនៅជាធរមាន ហើយក៏មិនបាន​ប្រឆាំង​នឹង​បទ​បញ្ជា​ណាមួយដែរ។»

សូមរំលឹកថាកាលពីថ្ងៃទី២ ខែឧសភាកន្លងមកថ្មីៗនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដាក់​សំណើរ​ទៅកាន់ គ.ជ.ប ដើម្បីប្រឆាំងនឹងការដង្ហែរក្បួនរបស់គណបក្សសង្គ្រោះជាតិ ដែលរំលោភលើបំរាម និងបទ​បញ្ជានានារបស់សាលារាជធានី ក៏ដូចជាក្រសួងមហាផ្ទៃជាដើម។ ក្នុងលិខិតនោះបានលើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិបានបង្កនូវភាពអនាធិបតេយ្យ ប៉ះពាល់សណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ តាមរយៈការដង្ហែរការ​ឃោសនារបស់ខ្លួន ជាមួយនឹងការមិនគោរពបំរាម និងបទបញ្ជា។

បន្ថែមលើនេះគ្រប់ទីសាធារណៈទាំងអស់ មុនយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា សាលារាជធានីភ្នំពេញ​បាន​ដាក់ចុះនូវបំរាម«មិន»ឲ្យមានការជួបជុំ ការដង្ហែរក្បួន ការឃោសនានានារបស់សកម្មជន ឬអ្នកគាំទ្រគណបក្ស​នយោបាយ ពិសេសសំដៅទៅគណបក្សសង្គ្រោះជាតិ។ ជាមួយនិងបំរាមនេះ សាលារាជធានីក៏បានស្នើ​លិខិតមួយ​ទៅកាន់ គ.ជ.ប ដើម្បីអន្តរាគមឃាត់នូវការដង្ហែរឃោសនាទាំងនោះ។ ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ គណបក្សសង្គ្រោះជាតិ ក៏បានច្រានចោលវិញ តាមលិខិតរបស់ខ្លួនមួយចុះថ្ងៃទី ទៅកាន់ គ.ជ.ប ថា សាលា​រាជធានី​ភ្នំពេញចេញបំរាមនោះ (វា) ផ្ទុយទៅនឹងច្បាប់ និងនីតិវិធីនៃការបោះឆ្នោតដែលនៅជាធរមាន។

បើយោងតាមលិខិតចុះថ្ងៃទី៦ ខែឧសភា របស់គ.ជ.ប ដែលបដិសេធទៅនឹងបម្រាមសាលារាជធានីភ្នំពេញនេះ ដោយបង្គាប់ឲ្យអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តទាំងនោះ និងនៅតាមបណ្តាខេត្តទាំងអស់ រក្សាសន្តិសុខ សម្រាប់ការដង្ហែរក្បួនរបស់គណបក្សនយោបាយ(គណបក្សសង្គ្រោះជាតិ) សម្រាប់ការឃោសនាសម្រាប់ ការបោះ​ឆ្នោត​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២នេះ។

ក្នុងបទសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាសលពីថ្ងៃទី០៧ ខែឧសភាម្សិលម៉ិញនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប មិនដែលធ្វើការហាមឃាត់ មិនឲ្យគណបក្សនយោបាយធ្វើការ​ឃោសនា​បោះឆ្នោតនោះទេ ព្រោះកិច្ចការទាំងអស់នេះ ត្រូវបានអនុញាតដោយច្បាប់ និងនីតិវិធីរួចជា​ស្រេចទៅ​ហើយ។ តាមការបញ្ជាក់ខាងលើនេះ មានន័យថា គ.ជ.ប បានទទួលស្គាល់ថា ការហាមឃាត់របស់សាលា​រាជធានី​ភ្នំពេញ និងគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ សម្រាប់ការបោះឆ្នោត ជាការបំពានតាមច្បាប់។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជជ្យ ធ្លាប់បានលើកឡើងថា ច្បាច់បានផ្តល់នូវសិទ្ធិ និងសេរីភាព ព្រមទាំង​បានអនុញាតិឲ្យមានការជួបជុំនានា ដោយសន្តិវិធីតាមទីសាធារណៈ ដើម្បីសម្តែងនូវទុកកង្វល់ ឬការមិនពេញចិត្ត ទៅនឹងសកម្មភាពនៃការរំលោភបំពានណាមួយ ពីសំណាក់មន្រ្តីរាជរដ្ឋភិបាល ឬបុគ្គលមានអំណាចជាដើម។ លោក​លើកឡើងថា ច្បាប់ធំជាងបទបញ្ជា ឬសេចក្តីណែនាំនានា។ ដូច្នេះទាំងបទបញ្ជា ទាំងសេចក្តីណែនាំ ឬសេចក្តី​សម្រេច​ទាំងនោះ ត្រូវតែ«ស្រប»នឹងច្បាប់។ បើមិនដូច្នោះទេនឹងត្រូវទុកជាមោឃៈ មិនអាចអនុវត្តបានឡើយ។ ផ្ទុយ​មកវិញ លោកបានបន្ថែមថា ក្នុងករណីប្រទេសមានភាពអាសន្ន ការហាមឃាត់ទាំងនោះអាចធ្វើទៅបាន ល្គិកណា​មាន​ការប្រកាសអាសន្ន ទៅតាមច្បាប់នៃរដ្ឋធម្មនុញដែលមានចែង។

គណបក្សនយោបាយទាំងអស់ ដែលបានចុះឈ្មោះចូលរួម ក្នុងការបោះឆ្នោត​ក្រុមប្រឹក្សា មានចំនួនប្រាំ។ ដោយ​ឡែក​គេសង្កេតឃើញ មានតែគណបក្សសង្គ្រោះជាតិតែមួយប៉ុណ្ណោះ ដែលបាន​ធ្វើការឃោសនា តាមរយៈការជួបជុំ​នៅ​ទី​សាធារណៈ និងដង្ហែរតាមដងវិថីនានា។ សម្រាប់យុទ្ធនាការឃោសនា​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​អាណត្តិ​ទី២ ត្រូវបានចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤នេះ។ ឯកាលបរិច្ឆេតនៃការបោះឆ្នោតជាអសកល ត្រូវ​ធ្វើឡើង ក្នុងថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ខាងមុខឆាប់ៗ​នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...