និមន្ដ​តាម​ម៉ូតូ ព្រះ​សង្ឃ​ត្រូវ​ពាក់​មួក​«សុវត្ថិភាព» ជា​កំហិត?

ក្នុងឆ្នាំ២០១៥ ខាងមុខនេះ នឹងមានច្បាប់ចរាចរណ៍ កំណត់ពីការពាក់មួកសុវត្ថិភាពជាកំហិត ក្នុងពេលធ្វើដំណើរ តាម​ទោចក្រយានយន្ត ទាំងអ្នកបើក និងអ្នករួមដំណើរ។ ក្នុងនោះព្រះសង្ឃក៏ចាំបាច់ ត្រូវពាក់មួយសុវត្ថិភាព​ជា​ដាច់ខាត នៅពេលធ្វើដំណើរនិមន្តទៅណាមកណានោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងឆ្នាំ២០១៥ ខាងមុខនេះ នឹងមានច្បាប់ចរាចរណ៍ កំណត់ពីការពាក់មួកសុវត្ថិភាពជាកំហិត ក្នុងពេលធ្វើដំណើរ តាម​ទោចក្រយានយន្ត ទាំងអ្នកបើក និងអ្នករួមដំណើរ។ ក្នុងនោះព្រះសង្ឃ ក៏ចាំបាច់ត្រូវពាក់មួកសុវត្ថិភាព​ជា​ដាច់ខាត នៅពេលធ្វើដំណើរនិមន្តទៅណាមកណានោះ។


ព្រះតេជគុណប្រុងនិមន្តទៅណា? មិនមែនទេ ព្រោះលោកកំពុងស្រោចទឹកប្រសិទ្ធិពរ ដាក់ម៉ូតូនេះទេតើ។ (រូបភាពឯកសារ)

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៨ ឧសភា ២០១៤

វិន័យពុទ្ធសាសនា - ព្រះភិក្ខុសង្ឃ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តឹសាមគ្គីរង្សី ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូក្នុងថ្ងៃទី៨ ខែឧសភានេះ បានមានសង្ឃដីកាជំទាស់ ទៅនឹងការបង្ខំឲ្យព្រះសង្ឃពាក់មួកសុវត្ថិភាព​នេះ។ ព្រះអង្គបន្តថា បើច្បាប់នេះចេញ នោះនឹងមានព្រះសង្ឃជាច្រើន នឹងក្រោកឡើងប្រឆាំងជាក់ជាមិនខាន។ ព្រះអង្គពន្យល់បន្ថែមយ៉ាងដូច្នេះថា ប្រទេសកម្ពុជាមានប្រជាពលរដ្ឋភាគច្រើន គោរពព្រះពុទ្ធសាសនា។ ពុទ្ធសាសនា​ជាសាសនារបស់ជាតិ ដែលមានចែងក្នុងច្បាប់កំពូល។ ព្រះសង្ឃមិនអាចពាក់មួក ដូចគ្រហស្ថបានទេ បើមិនដូច្នោះទេ ក៏ត្រូវសរសេរថា ព្រះសង្ឃ និងគ្រហស្ថមានឋានៈស្មើគ្នាតែម្តងទៅ។ «ប្រទេសដែលកាន់ប្រះពុទ្ធសាសនា គេមិនអាច​យកច្បាប់ មកឲ្យព្រះសង្ឃពាក់មួកសុវត្ថិភាពបានទេ។»

ការថ្លែងរបស់ព្រះសង្ឃ សៀង សុវណ្ណារ៉ា ជាប្រតិកម្មប្រឆាំងទៅនឹងការកំណត់ ដោយច្បាប់ចរាចរណ៍ថ្មីមួយ ដែល​នឹង​ដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១៥ ខាងមុខ ក្នុងករណីបង្ខំឲ្យព្រះសង្ឃ ពាក់មួកសុវត្ថិភាព។ អគ្គលេខាធិការរង គណៈ​កម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក លោក ពៅ ម៉ាលី ក្នុងសសន្និសិទសារព័ត៌មាន កាលពីថ្ងៃទី០៧ ខែ​ឧសភា​នេះ បានបញ្ជាក់ថា «ច្បាប់ជាច្បាប់» ហើយក្នុងព្រះត្រៃបីដក ពុំបានកំណត់ថាលោកសង្ឃត្រូវតែពាក់មួក ឬមិនបើក​ឡាននោះដែរ។ លោក​បន្តថា ព្រះសង្ឃក៏ជាប្រជាពលរដ្ឋម្នាក់ ព្រះសង្ឃក៏ត្រូវធ្វើដំណើរតាមដងផ្លូវ ដូច្នេះព្រះសង្ឃ​ក៏​ត្រូវតែ​ពាក់មួក​ជា​ចាំ​បាច់។

ចំពោះមូលហេតុនៃការកំណត់ក្នុងច្បាប់ ឲ្យព្រះសង្ឃពាក់មួកសុវត្ថិភាពនេះ លោក ពៅ ម៉ាលី បានបញ្ជាក់ទៀតថា៖ «ពីដើមយើងគ្មានមធ្យោបាយទេ ព្រះសង្ឃនិមន្តមិនចាំបាច់ពាក់មួយ។ តែបច្ចុប្បន្ននេះ ដោយសារពិភពលោក​ជឿន​លឿន ត្រូវតែពាក់មួក។»

ជាមួយគ្នានេះ លោកលើកឡើងថា ព្រះសង្ឃនៅក្រៅប្រទេស ដូចជានៅអូស្រ្តាលី សហរដ្ឋអាមេរិចជាដើម លោក (ព្រះសង្ឃ) បើកបរយានជំនិះដោយខ្លួនឯង មានទាំងប័ណ្ណបើកបរ និងគ្មានអ្នកបើកជំនួសនោះទេ មិនថាតែព្រះសង្ឃ​ខ្មែរ ឬបរទេសទេ ឲ្យតែកាន់ព្រះពុទ្ធសាសនា។

ព្រះភិក្ខុសង្ឃ សៀង សុវណ្ណារ៉ា មានសង្ឃដីកាប្រតិកម្មបន្តទៀតថា ទោះបីនៅក្រៅប្រទេសក៏ដោយ ព្រះសង្ឃនិមន្ត​ទៅ​ណា​មកណា ក៏មិនបានកំណត់ ឬបង្ខំឲ្យព្រះសង្ឃព្រះពុទ្ធសាសនា ពាក់មួកសុវត្ថិភាពនោះទេ។ «ច្បាប់ប្រទេសគេ វា​ផ្សេង​ពីច្បាប់ស្រុកយើង។ ព្រោះប្រទេសនោះ មិនមានកាន់ព្រះពុទ្ធសាសនាទេ។ ប្រទេសយើងជាប្រទេស​កាន់ព្រះពុទ្ធ​សាសនា គោរពព្រះពុទ្ធសាសនា មិនអាចយកច្បាប់ស្រុកគេ មកប្រៀបធៀបគ្នាបានទេ។ ការឲ្យព្រះសង្ឃពាក់មួក​សុវត្ថិភាព គឺវាខុសទាំងស្រុង។»

ផ្ទុយពីការលើកឡើងរបស់ព្រះភិក្ខុ សៀង សុវណ្ណារ៉ា ខាងលើ ព្រះសង្ឃមួយអង្គទៀតព្រះឥន្ទមុនី ឡឹម ឡុង គង់នៅ​វត្ត​ឧណ្ណាឡោម បានមានសង្ឃដីការពាក់ព័ន្ធ នឹងការចេញច្បាប់ខាងលើថា មិនមានអ្វី​ទាស់ខុស ទៅនឹងព្រះពុទ្ធ​សាសនា​ទេ ហើយច្បាប់ព្រះពុទ្ធអង្គក៏មិនបាន ហាមឃាត់នោះដែរ។ ព្រះអង្គគាំទ្រ ចំពោះ​ការឲ្យព្រះសង្ឃពាក់មួកនេះថា ជាការ​ចូលរួមចំណែក និងអនុវត្តច្បាប់ ពិសេសការពារនូវជីវិតផ្ទាល់ខ្លួនម្នាក់ៗផង ព្រោះថាមិនមានទោសអ្វីធ្ងន់ធ្ងរនោះទេ។

ទោះយ៉ាងណាក៏ដោយ ព្រះសង្ឃអង្គនេះ បានមានសង្ឃដីការថា ការកំណត់ឲ្យព្រះសង្ឃពាក់មួកនោះ (វា)ហាក់​ដូច​ជា«មិនសម»មែន តែនៅតែមានសង្ឃដីការអះអាងថា៖ «ព្រះអង្គគង់ពីក្រោយ ពាក់មួកសុវត្ថិភាពនោះ វាមិនអីទេ ពាក់​ការពារ ព្រោះច្បាប់គេចេញមក (វា) មិនខុសគ្នានឹងថាឲ្យព្រះសង្ឃបោះឆ្នោត ឬព្រះសង្ឃមិនបោះឆ្នោតនោះ​ដែរ៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...