បញ្ហានៅស៊ីរី ធ្វើឲ្យអ្នកការសែតពីរនាក់ លើកតុវាយគ្នាពេលផ្សាយផ្ទាល់
ការជជែកពិភាក្សាគ្នា តាមកញ្ចក់ទូរទស្សន៍ ស្ដីពីវិបត្តិនៅស៊ីរី រវាងអ្នកសារព័ត៌មានជើងចាស់ ជាតិហ្សកដានី ពីរនាក់ បានប្រែក្លាយជាសង្គ្រាមឈ្លោះទាស់សម្ដី រហូតដល់រុះរើតុលំអរបស់កម្មវិធី ហើយសឹងតែឈានទៅដល់ការវាយតប់គ្នាថែមទៀត។ ជជែកគ្នាក្ដៅដល់កម្រិត អញ្ចឹងតើដោះស្រាយយ៉ាងម៉េចឲ្យត្រូវ? ខន្ដីលែងបាន !
ឈុតឆាកប្រទាញប្រទង់គ្នា នៅក្នុងស្ថានីយទូរទស្សន៍ ពេលផ្សាយផ្ទាល់រវាងអ្នកការសែតទាំងពីរ។ (រូបថតផ្តិតពីវីដេអូ)
-------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ ឧសភា ២០១៤
-------------------------------
ផ្សាយផ្ទាល់ការវាយគ្នា - ជជែកគ្នាតាមទូរទស្សន៍ ពីវិបត្តិនៅស៊ីរី នៅក្នុងប្រទេសហ្សកដានី ដែលស្ថិតជាប់ព្រំប្រទល់ជាមួយ ប្រទេសស៊ីរី ដែរនោះ ជាកាយវិការមួយមានហនិភ័យខ្ពស់។ សប្ដាហ៍មុន អ្នកកាសែតជាតិហ្សកដានី ពីរនាក់ ដែលសុទ្ធសឹងជាអ្នកកាសែតជើងចាស់ បានបាត់បង់ភាពអត់ធ្មត់របស់ខ្លួន ប្រែក្លាយវេទិកាជជែកពិភាក្សា ដែលជាកម្មវិធីផ្សាយបន្តផ្ទាល់ របស់ស្ថានីយ៍ទូរទស្សន៍ឯកជន (7 Stars TV) ទៅជាទីលានប្រដាល់។
កំហឹងបានកើនឡើងខ្លាំង នៅពេលដែលអ្នកការសែត ដែលអង្គុយនៅខាងឆ្វេងដៃអ្នកទស្សនា បានចោទអ្នកការសែតម្នាក់ទៀត (នៅខាងស្ដាំដៃ) ថាពូកែពង្វៀង និងថាបានគាំទ្របដិវត្តនៅប្រទេសស៊ីរី (គាំទ្រក្រុមប្រឆាំង)។ អ្នកកាសែតនៅខាងស្ដាំដៃ បានតបបកវិញថា ការពង្វៀង ជាសារធាតុរបស់អ្នក ដែលគាំទ្រការកាប់សម្លាប់ប្រជាជន ហើយគឺអ្នកនោះទៅវិញទេ ដែលគួរតែត្រូវបានពិន័យ។
ការវាយបក ដែលធ្វើឲ្យអ្នកការសែតចំណាស់ខាងឆ្វេង មិនអាចទប់បាន ហើយនិយាយជាបន្ត ដាក់គូរសម្ដីរបស់ខ្លួនវិញ ឲ្យ«ស្ងាត់មាត់»។ គូរសម្ដីខាងស្ដាំមិនបានស្ដាប់តាមការ«បញ្ជា»នេះទេ តែបានងើបឡើងរុញតុដែលខ្លួនកំពុងអង្គុយ រុញបុកទៅដៃគូររបស់ខ្លួនវិញ។ ដោយសារតែតុនោះ គ្រាន់តែជាតុលំអ សម្រាប់ដាក់កម្មវិធីនោះ អញ្ចឹងហើយ បានជាបុរសចំណាស់ទាំងពីរ គ្រាន់តែប្រើកម្លាំងរុញចុះឡើងតែបន្ដិច វាគ្រប់គ្រាន់នឹងធ្វើឲ្យវារបើកខ្ចាត់ខ្ចាយ។
ហេតុការណ៍នេះ ធ្វើឲ្យអ្នកបច្ចេកទេសរបស់ស្ថានីយ៍ទូរទស្សន៍ មិនអាចនៅស្ងៀមទៀតបាន និងបានចូលមកធ្វើអន្តរាគមន៍ ឃាត់អ្នករួមអាជីពទាំងពីរនាក់ភ្លាមៗ ព្រោះថាបើពួកគាត់ចង់បន្ត វគ្គប្រដាល់របស់ពួកគាត់បន្ថែមទៀតនោះ កម្មវិធីពិភាក្សាផ្សាយបន្តផ្ទាល់នេះ មិនសមប្រកបជាទីលានរបស់ពួកគាត់ឡើយ៕
សូមទស្សនាវីដេអូ៖