ជាម យៀប៖ អាជ្ញាកណ្តាលដោយព្រះមហាក្សត្រ ជាជម្រើសចុងក្រោយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្មែរដូចគ្នាអាចនិយាយស្តាប់គ្នាបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ តែត្រូវឈរលើច្បាប់ជាមូលដ្ឋាន។ ក្នុងការ និយាយ (ត្រូវយក)ច្បាប់ភាគច្រើន ឯមនោសញ្ចេតនា ជាការរួមចំណែកមួយចំនួនបានហើយ។ (...) នេះជារូបមន្ត អន្តរជាតិ ដែលគេអ្វើចឹង!។» នេះជាការឆ្លើយតបរបស់លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ទៅនឹងការលើកឡើងលោក កឹម សុខា។
ព្រះមហាក្សត្រ (កណ្ដាល) និងព្រះមហាក្សត្រីយ៉ានី (ស្ដាំ) នៅក្នុងពិធីដង្ហែព្រះបរមសព កាលពីខែមករាឆ្នាំ២០១៣។
នយោបាយកម្ពុជា - ស្ថានភាពនយោបាយ កំពុងតែមានសភាពតានតឹងទៅៗ ស្របពេលដែលបញ្ហានៃប្រជាពលរដ្ឋមិនត្រូវបានដោះស្រាយ ឯបញ្ហានៃការចាប់ចង វាយតប់ និងហិង្សាលើពលរដ្ឋស្លូតត្រង់ក៏ កំពុងតែកើតមាន ដែលបានប្រព្រឹត្តិដោយអាជ្ញាធរសាធារណៈនោះ។ ចំណែកមេគណបក្សប្រឆាំងវិញ ក៏កំពុងតែស្វែងរកជំនួយក្រៅប្រទេស ក្នុងការដាក់បន្ទុក (សម្ពាធ) មកលើរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ព្រោះតែមិនសុខចិត្តនឹងលទ្ធផលនៃការបោះឆ្នោតនាពេលកន្លងមក។
ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលទទួលសម្លេងគាំទ្រ៦៨កៅអី និងគណបក្សសង្គ្រោះជាតិទទួលសម្លេងគាំទ្រ៥៣កៅអីនោះ គួរតែស្វែងរកការដោះស្រាយមួយ ឲ្យកាន់តែកៀកគ្នាសិន មុននឹងស្វែងរកជំនួយ ពីព្រះមហាក្សត្រជាអាជ្ញាកណ្តាល។ លោកបានថ្លែងបន្តរដោយសង្កត់ធ្ងន់ថា «កុំឲ្យលោក (ព្រះមហាក្សត្រ) មានការខ្វល់ខ្វាយច្រើនពេក។ ព្រះមហាក្សត្រ “គ្រាន់” តែជាព្រះប្រមុខរដ្ឋ។»
ប្រតិកម្មរបស់លោក ជាម យៀប នេះ ជាឆ្លើយតបទៅនឹងការលើកឡើង របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងសម្ដីរបស់របស់លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាខុទ្ទកាល័យសម្តេចម៉ែ ថា ព្រះមហាក្សត្រ ព្រះបាទនរោត្តមសី ហមុន្នី ព្រះអង្គយល់ព្រមទ្រង់ធ្វើជាព្រះរាជធាធិបតេយ្យ ក្នុងកិច្ចចរចារគ្នានៃគណបក្សធំៗទាំងពីរ។ ថ្លែងនៅក្នុងកម្មវិធីមួយរបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ លោកកឹម សុខា បានបញ្ជាក់ថា ត្រូវការអាជ្ញាកណ្តាលដែលឯករាជ្យ អព្យាក្រិត្យ ដើម្បីមានដំណោះស្រាយ ដោយយុត្តិធម៌រវាងគណបក្សទាំងពីរ ក្នុងការចរចារ។ ជាមួយគ្នានេះ លោកបានឯកភាព និងស្វាគមន៍ចំពោះវត្តមាននៃអង្គព្រះមហាក្សត្រ ជាអាជ្ញាកណ្តាល ក្នុងជំនួបនៃគណបក្សធំៗទាំងពីរនេះ។
អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងដូច្នេះថា «តួនាទីព្រះមហាក្សត្រមានចែងក្នុងរដ្ឋធម្មនុញ្ញហើយ យើងមិនអាចប្រកែកបាន យើងទទួល យើងស្វាគម។ ប៉ុន្តែក្រៅពីនោះ បើមានសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិគេមកសង្កេរការណ៍ ឬប្រទេសណាផ្សេងទៀតមក នេះជាសាក្សីកាន់តែល្អ និងការជឿទុកចិត្តគ្នា កាន់តែរឹងមាំឡើង។»
ប៉ុន្តែបើតាម លោក ជាម យៀប វិញ មន្រ្តីជាន់ខ្ពស់របស់គណបក្រប្រជាជនកម្ពុជារូបនេះ ហាក់ដូចជាមិនចង់ឲ្យមានវត្តមាន នៃបុគ្គលណាមួយជាអាជ្ញាកណ្តាល ក្រៅពីអង្គព្រះមហាក្សត្រនោះឡើយ។ លោកបានពន្យល់បែបនេះថា «គណបក្សទាំងពីរ គួនិយាយគ្នា ឲ្យអស់អាចន៍អស់នោមសិនទៅ។ (...) បើគម្លាតនៅឆ្ងាយ អាចនិយាយគ្នាបានទៀត។ បើការនិយាយនោះ មិនអាចសម្រេចបានលទ្ធផល មួយរយភាគរយទេនោះ ជាជំរើសចុងក្រោយមានតែព្រះករុណា ធ្វើជាអាជ្ញាកណ្តាលជាអ្នកសម្រុះសម្រួល។ (...) ចាំដល់យើងជជែកគ្នា មិនរួចត្រង់ចំណុចណា សឹមស្វែងរកព្រះមហាក្សត្រ មកធ្វើជាអាជ្ញាកណ្តាល។»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤