សំនុំរឿងជនបិទមុខចងបូរក្រហម៖ និតិរដ្ឋដែលរំលោភច្បាប់ (ភាគ១)
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: January 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាវត្តមានរបស់ក្រុមនេះ ត្រូវបានគេទម្លាយឲ្យដឹងថា ជាកងកម្លាំងស៊ីឈ្នួលរបស់សាលារាជធានីភ្នំពេញនោះក៏ដោយ ក៏គេនៅតែឆ្ងល់ថា តើវាជានិតិវិធីដែលចែងនៅក្នុងមាត្រាឬច្បាប់ណា ដែលអនុញ្ញាតឲ្យអាជ្ញាធរ ជ្រើសរើសយកយុទ្ធសាស្ត្រនេះ មកទប់ទល់បង្ក្រាប ឬការចាប់ខ្លួនបាតុករ? តើតួនាទី របស់កងកម្លាំងប្រឆាំងកុបកម្មនៃក្រសួងមហាផ្ទៃ បាត់ទៅណាទៅ?
ក្រុមបិទមុខនឹងមួកការពារសុវត្ថិភាព នៅមុខសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី១៤ ខែមករាឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
ច្បាប់និងអំណាច - ក្រោយពីបានធ្វើការវាយបង្ក្រាបយ៉ាងហិង្សា ទៅលើក្រុមបាតុករដោយសន្ដិវិធី នៅលើទីលានប្រជាធិបតេយ្យនោះមក វត្តមានដ៏វិសេសវិសាល របស់ក្រុមបិទមុខនឹងមួកសុវត្ថិភាព ចងបូរក្រហមនៅនឹងដៃ នៅតែត្រូវបានដាក់ពង្រាយ ជាបន្តបន្ទាប់ដើម្បីធ្វើប្រតិបត្តិការ ចាប់ចង ហាមឃាត់ នូវរាល់ការជួបជុំគ្នារបស់ក្រុមអ្នកតវ៉ា។ ប៉ុន្តែជាសមាសភាពអ្វី ឬមកពីអង្គភាពណានោះ គេនៅតែមិនអាចដឹងបានពីប្រភពពិត នៃក្រុមជនបិទមុខទាំងនេះឡើយ។
ទាំងលោកខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទាំងលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី សុទ្ធតែ«ធ្លាប់»បានបដិសេធថា មិនស្គាល់កងកម្លាំងទាំងនេះទេ។ រហូតជ្រៅជាងនេះផង ទំព័រហ្វេសប៊ុក«អង្គភាពប្រតិកម្មរហ័ស» ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅ ស្គាល់ថាជាទំព័ររបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី ថែមទាំងធ្លាប់សរសេរចោទប្រកាន់ ដាក់ការទទួលខុសត្រូវ ពីករណីកងកម្លាំងបិទមុខ ទៅលើគណបក្សសង្គ្រោះជាតិនោះថែមទៀត។
ទំព័រនោះបានសរសេរ អមនឹងរូបថតនៃកងកម្លាំងបិទមុខមួយសន្លឹក ដោយលើកជាសេចក្ដីសន្និដ្ឋានឡើង ដោយខ្លួនឯងថា «យើងអាចសន្មត់បានថា កំលាំងទាំងនេះ ជាកំលាំងរបស់គណបក្សសង្រ្គោះជាតិ ដែលគេរៀបចំឡើងចាំការពារមេដឹកនាំគណបក្សសង្រ្គោះជាតិ និងបង្កបញ្ហាហិង្សាផ្សេងៗក្នុងព្រឹត្តិការណ៍នោះ រួចទំលាក់កំហុស មកលើរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីពួកគេបានការគាំទ្រពីបរទេស»។
សេចក្ដីសន្និដ្ឋានដែលនាំទៅដល់ការធ្វើប្រតិកម្មតបខ្លាំងៗ ពីសំណាក់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃតែមួយទៅនឹងការចុះផ្សាយ។ ក្នុងកិច្ចសម្ភាសន៍មួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោកយឹម សុវណ្ណ បានអញ្ជើញលោកផៃ ស៊ីផាន ឲ្យឡើងតទល់ជាមួយលោក នៅក្នុងកម្មវិធីទូរទស្សន៏ ដើម្បីជជែកវែកញែក បង្ហាញពីភាពស្អាតស្អំនៃភាគីទាំងសងខាង។
ប៉ុន្តែក្ដីមន្ទិល និងការចោទទម្លាក់កំហុសទាំងអម្បាលម៉ានខាងលើ បានរលាយបាត់បន្ទាប់ពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីខ្លួនលោក ជាអ្នកទម្លាយឲ្យដឹងថា សេចក្តីណែនាំមួយរបស់ក្រសួងមហាផ្ទៃ បានប្រាប់សាលារាជធានី ឲ្យឈប់ជួលសន្តិសុខពីក្រុមហ៊ុនឯកជន។ រីឯលោក ផៃ ស៊ីផាន ក៏បានសារភាពដែរថា ក្រុមសន្តិសុខដែលពាក់ព័ន្ធនឹងការឃាត់ខ្លួនបាតុករត្រូវបាន«ជួល» ដោយសាលារាជធានី។
លោកឡុង ឌីម៉ង់ ត្រូវបានស្រង់សម្ដី នៅក្នុងអត្ថបទមួយរបស់គេហទ័ព័រ ភ្នំពេញប៉ុស្ដ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤នេះ ដោយបន្ថែមទម្ងន់ទៅលើក្រសួងមហាផ្ទៃ ដែលធ្លាប់បានណែនាំសាលារាជធានីថា «អាចជ្រើសរើសមនុស្ស [ក្នុងរាជធានី] ដើម្បីជំនួសក្រុមហ៊ុនឯកជននោះ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ»។ អ្នកនាំពាក្យសាលារាជធានីរូបនេះ បានអះអាងទៀតថា «ក្រសួង មហាផ្ទៃ បានអនុញ្ញាតឲ្យយើងរៀបចំឯកសណ្ឋានសម្រាប់ពួកគេ» ហើយបន្ទាប់មកបានថ្លែងទៀតថា សាលារាជធានីបានផ្តល់ឲ្យពួកគេ (ក្រុមជនបិទមុខ ឬជនពាក់ឯកសណ្ឋានស៊ីវិល) នូវការបណ្តុះបណ្តាលផ្នែកច្បាប់និងរដ្ឋបាល។
មកដល់ពេលនេះ វាគ្មានអ្វីគួរឲ្យសង្ស័យទៀតទេ ថាក្រុមបិទមុខចងកំណាត់ក្រហមនៅនឹងដៃ ឬក្រុមគ្មានឯកសណ្ឋានច្បាស់លាស់ទាំងនោះ ជាក្រុមជួលបន្តពីក្រុមហ៊ុនសន្តិសុខឯកជន ឬជាក្រុមដែលជ្រើសរើសឲ្យប្រាក់ឈ្នួល ដោយសាលារាជធានីនោះតែម្ដង។ ក្រុមនេះ បានចុះអនុវត្តការងាររបស់គេ ទៅតាមតែបញ្ជារបស់«មេ»តែប៉ុណ្ណោះ រហូតដល់ថ្នាក់ទៅជំនួសតួនាទីរបស់នគរបាលយុត្តិធម៌ ក្នុងការចាប់ចងមនុស្ស ឬត្រូវចេញមុខជំនួសកងកម្លាំងប្រឆាំងកុបកម្ម ដើម្បីទប់ទល់បង្ក្រាប ទៅលើការជួបជុំ ឬបាតុកម្មណាមួយរបស់ក្រុមប្រជាពលរដ្ឋ។ ដូច្នេះ សំនួរសួរថា តើមានមាត្រាឬច្បាប់ណាមួយ ដែលអនុញ្ញាតឲ្យសាលារាជធានីមានសិទ្ធិជ្រើសរើស កងកម្លាំងទៅបំពេញភារកិច្ចបែបនេះ?
គេហទំព័រដដែល បានដកស្រង់សម្ដីលោក ឡុង ឌីម៉ង់ មកបញ្ជាក់ទៀតថា «ពួកគេត្រូវបានណែនាំមិនឲ្យបង្ក្រាប ឬចាប់ខ្លួនប្រជាជនទេ ប៉ុន្តែពួកគេអាចជួយនគរបាលក្នុងការរក្សាសណ្តាប់ធ្នាប់ ឬបញ្ឈប់ការធ្វើសកម្មភាពណាមួយរបស់ក្រុមអ្នកតវ៉ា។ ប្រសិនបើក្រុមអ្នកតវ៉ាមិនស្តាប់ សន្តិសុខ អាចចាប់ខ្លួនពួកគេ ហើយយកពួកគេទៅឲ្យនគរបាល។» សម្ដីដែលធ្វើឲ្យគេយល់ថា សាលារាជធានីស្គាល់ច្បាប់ តែបកស្រាយឲ្យមានការប្រព្រឹត្តិខុសច្បាប់៕
សូមរងចាំអានភាគទីពីរនៃអត្ថបទនេះ ដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។
------------------------------------------------------
ដោយ មនោរម្យ.អាំងហ្វូ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ២៣ ខែមករា ឆ្នាំ ២០១៤