ករណីបាត់ទ្រព្យច្រើនម៉ឺនដុល្លា របស់មន្រ្តីផ្កាយបី មានភាពមិនប្រក្រតី?
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មករា ២០១៥
- កែប្រែចុងក្រោយ: January 26, 2015
- ប្រធានបទ: ចោរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុគ្គលិកពីរនាក់ ដែលបម្រើការងារនៅសណ្ឋាគារ សូហ្វីតែល និងដែលត្រូវបានលោក សៀក សុជាតិ ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ប្តឹងពីបទលួចគ្រឿងអលង្ការរបស់លោកនោះ ត្រូវបានលោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ កន្លងមក ក្រោយពីចៅក្រមរូបនេះ បានពិនិត្យមើលកាមេរ៉ាសុវត្តិភាពថា អ្នកទាំងពីរគ្មានកំហុស។
លោក ងិន កុសល មន្រ្តីសហជីពសហព័ន្ធផ្នែកទេសចរណ៍ ដែលបានឃ្លាំមើលសវនាការកាត់ក្តីបុគ្គលិកទាំងពីរនេះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឱ្យដឹងថា ភស្តុតាងជាក់ស្តែង ដែលចោទទៅលើអ្នកទាំងពីរ មិនមានទាល់តែសោះ ព្រោះថាកាមេរ៉ាដែលយកមកបង្ហាញនោះ មិនបានបង្ហាញថា អ្នកទាំងពីរលួចរបស់នោះទេ។
លោកបានរៀបរាប់បន្តថា៖ «ជាក់ស្តែង ថ្ងៃដែលគាត់យករបស់មកនោះ រាល់ដងគាត់មកស្ទីមអីអញ្ចឹង គាត់មានអង្គរក្សនៅហ្នឹង។ ហើយនៅពេលដែលអត់មានអង្គរក្ស ថ្ងៃហ្នឹងគាត់យកទៅផ្ញើអ្នកទទួលភ្ញៀវ។ នៅពេលនោះផ្ញើរ អ្នកទទួលភ្ញៀវគាត់អត់ទទួលទេ។ ដល់ពេលគាត់អត់ទទួលអញ្ចឹងទៅ បានជាគាត់ហ្នឹងឱ្យសោរមួយ ទៅដាក់ក្នុង locker ទៅ។ នៅពេលដែលដាក់ក្នុង locker ហើយ ក្មេងៗនៅកន្លែងស្ទីម។ នៅពេលដែលគាត់ចេញមក ឃើញឥវ៉ាន់របាត់របាយ គាត់ក៏រើសចូលដាក់ក្នុងកន្រ្តក់ ដូចដែលយើងទៅស្ទីម ហើយនៅពេលដែលលោកនោះចេញមក គាត់ឆោឡោថាគាត់បាត់របស់។»
លោកបន្តថា នៅពេលដែលមានការឆោឡោថា បាត់របស់បុគ្គលិកសណ្ឋាគារ និងសន្តិសុខ ត្រូវបានគេឆែកឆេរ ប៉ុន្តែដោយឡែកអង្គរក្សរបស់លោក សៀក សុជាតិ មិនត្រូវបានឆែកពិនិត្យនោះឡើយ។ លោកថា បើសង្ស័យមានករណីចោរលួចរបស់ គួរតែធ្វើការឆែកឆេរទាំងគ្នា តែនេះឆែកម្ខាងអត់ម្ខាង។ មន្រ្តីសហជីពរូបនេះបន្ថែមថា៖ «អាហ្នឹងហើយជាហេតុផលមួយ។ មិនគិតថាអ្នកណាជាអ្នកលួចទេ បើត្រូវឆែក ក៏ត្រូវតែឆែកទាំងអស់។»។
មិនអាចទាក់ទងលោក សៀក សុជាតិ ដើម្បីបញ្ជាក់ពីករណីខាងលើនេះបានទេ ក្នុងពេលនេះ។
ក្រោមបណ្តឹងពីលោកកឧត្តមសេនីយ៍ឯក សៀក សុជាតិ ដែលអះអាងថា ខ្លួនបានបាត់គ្រឿងអលង្ការមានតម្លៃ និងលុយនៅក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលមានតម្លៃជិត២០ម៉ឺនដុល្លានេះ បុគ្គលិកទាំង២នាក់របស់សណ្ឋាគារ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន កាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ និងបញ្ជូនខ្លួនមកឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ«អំពើលួច»នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥។
បើតាមលោក ងិន កុសល ក្រោយពេលដែលអ្នកទាំងពីរ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ លោកមន្ត្រីផ្កាយបី ដែលសម្បូរទ្រព្យស្តុកស្តម្ភនោះមិនមានប្រតិកម្មអ្វីឡើយ ព្រោះមានការសម្របសម្រួលពីក្រុមហ៊ុន។ ហើយការសម្របសម្រួលនោះ ក្រុមហ៊ុនមិនបានសងទ្រព្យសម្បត្តិដែលបាត់បង់នោះទេ។
លោក ងិន កុសល បញ្ជាក់ថា ទាក់ទងនឹងករណីនេះ បើតាមផ្លូវច្បាប់នៅពេលដែលចោទគេថាជាចោរ ប្រសិនគ្មានភស្តុតាងពិតប្រាកដ អ្នកដែលដើរចោតគេតែពាស់ ក៏ត្រូវមានទោសផងដែរ។ ជាពិសេសលោកផ្កាយបីរូបនេះ អាចនឹងត្រូវបុគ្គលិកទាំងពីរនោះប្តឹងបកវិញ៕