ចោរឆក់ធ្វើសកម្មភាព សូម្បីតែជនរងគ្រោះមានរបស់របរតិចតួច...
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៤ មករា ២០១៥
- កែប្រែចុងក្រោយ: January 25, 2015
- ប្រធានបទ: ឆក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងចោរឆក់ ចោរលួច ឬចោរប្លន់ មិនសូវជាខ្វះចំណងជើងដាក់ឲ្យទេ ហើយក៏មិនពិបាកទៅស្វែងរកសាច់រឿង ពីស្រុក«នរក»ណាដែរ ព្រោះវានៅតែក្បែរៗច្រមុះនេះឯង។ នារីម្នាក់កំពុងបើកបរម៉ូតូនៅតាមផ្លូវ ស្រាប់តែភ្ញាក់ខ្លួនព្រើត នឹងចោរមួយក្រុមមានគ្នាពីរនាក់ បានឆក់កាបូបនាងពីក្រោយ បណ្តាលឲ្យនាងដួលម៉ូតូ រហូតរងរបួសជើងខាងឆ្វេង និងបាត់បង់សម្ភារៈមួយចំនួន នៅក្នុងកាបូបរបស់នាង។
នារីរងគ្រោះឈ្មោះ ចរិយា ធ្វើការនៅក្រុមហ៊ុន ឆាយហេង នៅរាជធានីភ្នំពេញ បាននិយាយថា នាវេលាម៉ោង៥រសៀលថ្ងៃសៅរ៍ ទី២៤ ខែមករានេះ ខណៈនាងកំពុងជិះម៉ូតូចេញពីធ្វើការ នៅតាមបណ្តោយផ្លូវ២៨៩ នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយនៅពេលមកដល់ផ្លូវស្ងាត់ នៅក្បែរសាលាបឋមសិក្សាទួលគោកនេះ ស្រាប់តែគ្រោះថ្នាក់ ដែលមិននឹកស្មានដល់បានកើតឡើង។
ក្រុមចោរបានជិះម៉ូតូ មកកញ្ឆក់សម្ភារះពីខ្លួននាង ដែលធ្វើឲ្យនាងបានបាត់បង់កាបូប និងនៅក្នុងនោះមានប្រាក់២០ដុល្លា ទូរស័ព្ទម៉ាកសាំសុងមួយគ្រឿង ខ្សែរកផ្លាកទិនមួយខ្សែរ ព្រមទាំងមានឯកសារមួយចំនួនទៀត។ នារីរងគ្រោះបានប្រាប់ថា នាងមិនបានស្គាល់ជនល្មើស ដែលឆក់កាបូបនាងនោះទេ ដោយហេតុថានាងកំពុងបើកបរ មិនបានចាប់អារម្មណ៍។
សាក្សីនៅកន្លែងកើតហេតុ លោក ចំរើន បានឲ្យដឹងថា លោកបានឃើញហេតុការណ៍នេះ នៅពេលដែលម៉ូតូនាង បានដួលដេកទៅលើផ្លូវទៅហើយ។ លោកមិនបានមើលទាន់ថា ម៉ូតូជនល្មើសមានផ្លាកលេខប៉ុន្មាននោះទេ គ្រាន់តែដឹងថាជិះម៉ូតូស្គុបពី មានគ្នាពីរនាក់ពាក់អាវពណ៍ខ្មៅទាំងពីរនាក់ ប៉ន្តែម៉ូតូនារីរងគ្រោះពាក់ស្លាកលេខ ភ្នំពេញ1AE-3463 ដែលជិះនៅក្នុងទិសដៅស្របគ្នាជាមួយជនបង្ករ។ លោកបានអះអាងទៀតថា ដោយឃើញនារីរងគ្រោះមានរបួសជាទម្ងន់នោះ អ្នករួមដំណើរនៅលើផ្លូវជួយយកនាង បញ្ជូនទៅមន្ទីពេទ្យដើម្បីព្យាបាលរបួស បន្សល់ទុកនូវការគិតឃើញថា ជនរងគ្រោះបានឈឺខ្លួន និងបាតបង់ខូចខាតទ្រព្យសម្បត្តិ៍ ខណៈចោរឆក់បានជួបតែភាពរុងរឿងទៅហោង។
ជាពិសេស ព័ត៌មានបន្ថែមដែលកាត់តែធ្វើឲ្យព្រឺសម្បុរនោះ គឺនៅតាមបណ្តោយផ្លូវ២៨៩ ត្រង់ចំណុចជិតសាលាបឋមសិក្សាទួលគោកនេះ តែងសម្បូរជាញឹកញាប់ ឬស្ទើររាល់ថ្ងៃ មានករណីចោរឆក់កើតឡើង មិនថាពេលយប់ ព្រឹក ឬរសៀលនោះទេ។ អ្នកជិតខាងនៅទីនោះ បានសូមណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាកម្រើស«មេជើង»ដើរមកឃ្លាំមើល ឬមានវិធានការទប់ស្កាត់ និងជួយធ្វើអន្តរាគមន៍ ដើម្បីឲ្យអ្នករស់នៅ និងអ្នកធ្វើដំណើរនៅតំបន់នេះ បានទទួលសុខសុវត្តិភាពផង៕