ឆេះក្រុមហ៊ុនរថយន្ដក្រុងមួយកន្លែង នៅថ្ងៃបុណ្យសែនព្រះខែ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៨ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: October 02, 2015
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អគ្គីភ័យនេះបានឆេះឡើង កាលពីវេលាម៉ោង៤ ទៀបភ្លឺថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងផ្ទះលេខ៧E0 ផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមសម្តីបុគ្គលិកម្នាក់ ដែលធ្វើការ នៅក្រុមហ៊ុនខាងលើ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា អគ្គីភ័យនេះ ឆេះដោយសារភ្លើងធូបទាន ដែលអ្នកនៅជាន់ផ្ទាល់ដីដុត នៅថ្ងៃសែនព្រះខែ។
បុគ្គលិខាងលើ បានរៀបរាប់ពីហេតុការណ៍មុនដំបូងថា នៅមុនពេលកើតហេតុ ឃើញមានផ្សែងហុយ ចេញពីជាន់ផ្ទាល់ដី ដែលជាកន្លែងសែន។ មួយសន្ទុះក្រោយមក ស្រាប់តែមានអណ្តាតភ្លើង បានឆាបឆេះចេញ ពីក្រុមហ៊ុនទាំងមូលតែម្តង។ សាក្សីរូបនេះបន្តទៀតថា មានរបស់របរជាច្រើន រងការខូចខាច ប៉ុន្តែអ្នកធ្វើការ នៅក្នុងក្រុមហ៊ុនទាំងអស់ មិនមានគ្រោះនោះទេ។
ដោយឡែក ក្រោយពីការពន្លត់រួចរាល់ ដោយប្រើឡានទឹកអស់០៧គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាននោះ អ្នកគ្រប់គ្រងផ្នែកពន្លត់អគ្គីភ័យ បានបញ្ជាក់ផ្ទុយគ្នានេះថា មូលហេតុបណ្តាលមក ពីឆ្លងចរន្តចរន្តអគ្គិសនី នៅក្នុងក្រុមហ៊ុន។ លោកបានអះអាងបែបនេះ ខណៈដែលឧបករណ៍អេឡិចត្រូនិចភាគច្រើន បានផ្ទុះនឹងឆេះអស់មួយចំនួន ដោយសារឆ្លងចរន្តខ្សែរភ្លើង នៅក្នុងក្រុមហ៊ុន។
យ៉ាងណាក៏ដោយ ក៏មកដល់ពេលនេះ ក្រុមហ៊ុន«City Link» ដែលមានជំនាញ ខាងសេវារថយន្តក្រុង ដឹកអ្នកដំណើរលំដាប់អន្តរជាតិ សាខាផ្សាដេប៉ូទីបីនេះ នៅមិនទាន់ដំណើការ ដូចដើមនៅឡើយ ហើយបច្ចុប្បន្ន កំពុងធ្វើការជួសជុល ក្រោយពេលមានបញ្ហាឆាបឆេះ៕