អគ្គីភ័យ​ត្របាក់​ផ្ទះ​៤ខ្នង ក្នុង​នោះ​ផ្ទះ​មេ​ភូមិ​១​ខ្នង ដោយ​គ្មាន​មូលហេតុ

ផ្ទះរបស់ពលរដ្ឋចំនួនបួនគ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់១ ត្រូវបាន​ភ្លើង​ឆាប​ឆេះ​អស់​ទាំង​ស្រុង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។ អគ្គីភ័យនេះ បានចាប់ផ្តើមឆេះនៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ និង​រលត់​ទៅ​វិញ​នៅ​ម៉ោង​ប្រហែល​២រសៀល។ ភ្លើងដែលឆាបឆេះឡើង មិនត្រូវបានគេដឹងអំពីមូលហេតុនៃការឆេះឡើយ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 17, 2014
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ផ្ទះ​ប្រជា​ពលរដ្ឋ​យ៉ាង​ហោច​ណាស់ ចំនួន​៤​ខ្នង ដែល​ស្ថិត​នៅ​ភូមិ​១៦ សង្កាត់​ទឹក​ល្អក់ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង។ អគ្គីភ័យ​ដែល​បាន​ដុត​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​នេះ មិន​ត្រូវ​បាន​ប្រភព​ណា​មួយ បង្ហាញ​ឱ្យ​ច្បាស់ទេ​ថា បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​នោះ​ឡើយ ហើយ​ក៏​មិន​ដឹង ពី​ចំណុច​នៃ​កន្លែង​ចាប់​ផ្តើម​ឆេះ​នោះ​ដែរ។ ពួក​គេ​បាន​ត្រឹម​តែ​ឆ្លើយ​ដាក់​គ្នា ទៅ​វិញ​ទៅ​មក​ថា អគ្គីភ័យ​នេះ គឺ​បណ្តាល​មក​ពី​ផ្ទះ​របស់​ម្នាក់​នេះ ម្នាក់​នោះ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ អគ្គិភ័យ​ដែល​បាន​លេប​ត្របាក់​ផ្ទះ​អស់​ទាំង​ស្រុង​នេះ មិន​បាន​បង្ក​ឱ្យ​មាន​មនុស្ស​របួស និង​ស្លាប់​ឡើយ។

ប៉ុន្តែសម្ភារៈរបស់ពលរដ្ឋម្ចាស់ផ្ទះ ស្ទើរជាង៩០%ត្រូវបានក្លាយ ជាចំណីរបស់ភ្លើង។ ម្ចាស់ផ្ទះម្នាក់ ក្នុង​ចំណោម​ម្ចាស់ផ្ទះទាំងបួន ដែលត្រូវកា្លយជាចំណីភ្លើង បានប្រាប់ឱ្យដឹងថា អគ្គីភ័យ​ដែលបានឆេះ​សន្ទោស​ន្ធៅនេះ គឺបណ្តាលមកពីផ្ទះរបស់លោក ហ៊ាង ម៉េង ប្រធានភូមិ១៦។ ឈរសម្លឹងមើលកំទិចផេះ ដែលកំពុង​ហ៊ុយ បន្ទាប់ពីភ្លើងបានរលត់បន្តិច ស្រ្តីរូបនេះបានឱ្យដឹងបន្តថា៖ «ខ្ញុំគ្មានបានយកអីទេ បានតែម៉ូតូមួយតែ ខ្ញុំទៅធ្វើការខ្ញុំមកវិញញ៉ាំបាយបន្តិចហ្នឹង ស្រាប់តែភ្លើងវាឆេះហ្នឹង កំពុងហូបបាយសុខៗ ស្រាប់តែអ្នកក្រៅ​គេស្រែកឆេះហើយឆេះ ខ្ញុំចេញមកមើល ស្រាប់តែភ្លើងវាឆេះឡើងខ្មៅចេញពីផ្ទះអ៊ុំ (លោកហ៊ាង ម៉េង)។... អស់អាលីងគ្រឿងអលង្កការលុយកាក់ខ្ញុំ។»

ចំណែកលោកមេភូមិ១៦ លោកហ៊ាង ម៉េង បានបញ្ជាក់ថា ភ្លើងដែលឆេះមុនដំបូងនេះ មិនមែនមកពីផ្ទះ​របស់​លោកនោះទេ គឺឆេះមកពីផ្ទះ របស់អ្នកដែលនៅកៀកផ្ទះរបស់លោក។ លោកបានថ្លែងថា៖ «ហើយពេលហ្នឹង​អណ្តាតភ្លើង វាបានឡើងដល់លើ ហើយ វាបានធ្លាក់ភ្លើងមកចំផ្ទះខ្ញុំ ផ្ទះខ្ញុំចំកៀកជញ្ជាំងហ្នឹង គឺស្តុកទៅដោយ​ឥវ៉ាន់លក់ដូរ ដូចជាគ្រឿងជ័រគ្រឿងអីហ្នឹង វាមានមុង វាមានខ្នើយ មានភួយដល់អញ្ចឹងទៅធ្លាក់ម៉ាការញ៉ុំមក វាឆេះអាហ្នឹងតែម្តងទៅ វាបន្តឆេះផ្ទះខ្ញុំហើយឆេះតទៅទៀតទៅ»។

លោកអះអាងថា នៅពេលដែលភ្លើងកំពុងតែឆេះនោះលោកព្យាយាមបាញ់ពន្លត់ដែរ ប៉ុន្តែភ្លើងនៅតែបន្ត​ឆេះ​ខ្លាំង មួយវិញឡានទឹកក៏មកយឺតទៀត។ លោកថាសម្ភារៈផ្ទះរបស់លោក ស្ទើតែ១០០% គឺត្រូវបានឆេះ​ទាំង​អស់ ព្រោះតែភ្លើងឆេះសន្ធោសន្ធៅខ្លាំងពេក ទើបធ្វើឱ្យលោកមិនអាចជញ្ជូនឥវ៉ាន់បាន ជាពិសេសឯកសារ​របស់​ប្រជាពលរដ្ឋមួយភូមិ។

ជនរងគ្រោះ ដែលត្រូវបានអគ្គីសនីលេបត្របាក់ផ្ទះម្នាក់ទៀត អ្នកស្រី ឡៃ ហ៊ាង ដែលជាអាជីវករលក់​ខោ​អាវជជុះ បានរៀបរាប់ថា សម្ភារៈមានតម្លៃរបស់អ្នកស្រី ព្រមទាំងលុយកាក់មួយចំនួនទៀត ដែលស្ថិតនៅ​ខាងលើផ្ទះ ត្រូវបានឆេះទាំងអស់។ ចំណែកមួយចំនួនទៀត ដែលនៅក្រោមផ្ទះដូចជា ទូទឹកក ម៉ាស៊ីនបោក​ខោអាវ និងសម្ភារៈដែលមិនសូវមានតម្លៃមួយចំនួន ត្រូវបានជញ្ជូនចេញ។ ប៉ុន្តែអ្វីដែលសំខាន់នោះ ខោអាវ​ជជុះស្តុកនៅក្នុងផ្ទះ ដែលមានតម្លៃរាប់រយដុល្លា គឺត្រូវភ្លើងឆេះ។ អ្នកស្រីរៀបរាប់ទាំងទឹកភ្នែកថា៖ «អត់​អា​លីង​ហើយ ខ្ញុំតែពីរនាក់ ខ្ញុំពរកូនហើយម៉ែគាត់ស្លន់ គាត់មានយកអីបាន ហើយគាត់ជាស្រីហ្នឹង ហើយប៉ា​គាត់​មានយកអីកើត កុំតែបានគេមកជួយកុំអីគ្មានបានអីទាំងអស់ហ្នឹង»។

លោកវរៈសេនីយទោ ព្រំ យន នាយការិយាល័យស្នងការរាជធានីភ្នំពេញ ដែលបាននាំឡានទឹក​មកពន្លត់​អគ្គីភ័យ បានបញ្ជាក់ថា ភ្លាមៗលោកមិនអាចសន្និដ្ឋានបានទេ ពីមូលហេតុដែលបណ្តាល ឱ្យមានអគ្គីភ័យ​ឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋនៅថ្ងៃនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...