ផ្សារទំនើប អេអនម៉ល មនុស្សម្នាភ្លូកទឹកភ្លូកដី នាំគ្នាទៅមើល
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនទាន់ទាំងសម្ភោធជាផ្លូវការផង ផ្សារទំនើប អេអន ម៉ល បានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាជាខ្លាំង ដូចជាកាលពីចុងសប្ដាហ៍កន្លងទៅនេះ មនុស្សបានភ្លូកទឹកភ្លូកដីបាននាំគ្នាទៅមើល ដោយសារល្បីថា ផ្សារទំនើបមួយនេះកំពុងក្លាយជាមជ្ឈមណ្ឌល លក់ទំនិញ (Shopping) ដ៏ទំនើបបំផុត ប្រមូលផ្ដុំដោយហាងឥវ៉ាន់ រោងភាពយន្តលំដាប់អន្តរជាតិដ៏ប្រណិតគ្មានពីរ និងអាហារល្បីៗ។
ផ្សារទំនើប អេអនម៉ល មើលនៅខាងក្នុង។ (រូបថត MONOROOM.info/ O. Vary)
ផ្សារទំនើប - ផ្សារទំនើប អេអន ម៉ល (AEON Mall) បាននឹងកំពុងបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រជាជននៅភ្នំពេញ។ ផ្សារទំនើបស្ដង់ដារអន្តរជាតិមួយនេះ នឹងសម្ពោធផ្លូវការនៅថ្ងៃទី៣០មិថុនាខាងមុខ។ ប៉ុន្តែគ្រាន់តែបើកដំណើរការ ជាបបណ្ដោះអាសន្នប៉ុន្មានថ្ងៃដំបូងប៉ុណ្ណោះ តែមានមនុស្សដ៏ច្រើនភ្លូកទឹកភ្លូកដី សម្រុកទៅកាន់ទីនោះ។
បើតាមបុគ្គលិកផ្នែកបំរើអតិថិជន ក្នុងផ្សារទំនើបមួយនេះ ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវសុធារស ជាប់ទូត រុស្ស៊ីនោះ បានប្រាប់ឱ្យដឹងថា ក្នុងពេលបើកសាកល្បងប៉ុន្មានថ្ងៃនេះឃើញថា មានមនុស្សគ្រប់វ័យចាប់អារម្មណ៍ ទៅទស្សនា ដោយសារតែវាជាផ្សារទំនើបលំដាប់អន្តរជាតិ និងធំជាងគេនៅក្នុងស្រុកខ្មែរ។ ជាងនេះទៅទៀត លក្ខណៈពិសេសរបស់ផ្សារនេះ គឺទំនិញសុទ្ធតែមានគុណភាពខ្ពស់ ដែលមានយីហោ និងនាំចូលពីប្រទេសធំៗមួយចំនួនដូចជាអាមេរិក តៃវ៉ាន់ អ៊ីតាលី អូស្រ្តាលី ហុងកុង សឹង្ហបុរី ចិន និងជប៉ុនជាដើម។ រីឯកន្លែងកំសាន្តវិញ ដូចជារោងភាពយន្ដ កន្លែងជិះស្គីទឹកកកជាដើម មានទំហំទូលាយជាងកន្លែងផ្សេងៗទាំងអស់។ បុគ្គលិករូបនោះ បានបន្តថា៖ «ខ្ញុំឃើញមួយរយៈហ្នឹង ឃើញគាត់ដើរមើលគ្រប់កន្លែងទាំងអស់ មិនច្បាស់លាស់ថា កន្លែងណាមួយឱ្យច្បាស់នោះទេ ដូចកន្លែងកំសាន្ត ហាងទំនិញ និងកន្លែងញ៉ាំអី»។
ចំណែកលោក សុវណ្ណ ដែលបានទៅទស្សនាផ្សារទំនើបនេះដែរ បាននិយាយថា លោកមកទីនេះ ដោយសារល្បីតាមគ្នាថាផ្សារនេះ ទំនើបជាងផ្សារនានាទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ព្រោះការវិនិយោគទុនមានកម្រិតខ្ពស់រហូតដល់ ២០០លានដុល្លា។ ចំពោះទិដ្ឋភាពខាងក្នុងផ្សារវិញ ពលរដ្ឋរូបនេះ បាននិយាយថា ផ្សារនេះមើលទៅមានការរៀបចំតាមបែបជប៉ុន ប៉ុន្តែគ្រាន់ទំនិញភាគច្រើនសុទ្ធតែថ្លៃៗ ទាល់លំដាប់គ្រួសារអភិជនតែប៉ុណ្ណោះ ទើបមានលទ្ធភាពទិញ។ លោកព្រលយមាត់ថា៖ «កុំថាឡើយអ្នកក្រ សូម្បីតែអ្នកដែលមានជីវភាពមធ្យម ក៏បានត្រឹមតែដើរមើលដែរ។ សូម្បីតែកន្លែងសម្រាប់ក្មេងលេង អ្នកខ្លះគ្មានលទ្ធភាពឱ្យកូនចូលលេងផង»។
រីឯនៅលើបណ្តាញហ្វេសប៊ុកវិញ អ្នកបានទៅទស្សនា សុទ្ធតែសរសើរពីផ្សារទំនើបនេះថា ឡួយទំនើបអស្ចារ្យ ទីតាំងខាងក្នុងទូលំទូលាយល្វឹងល្វើយ។ បន្ទាប់ពីបានត្រឡប់មកវិញ យុវតីម្នាក់បានសរសេរលើទំព័រហ្វេសប៊ុកខ្លួនថា៖ «មនុស្សម្នាក់ៗនាំគ្នាទៅកំសាន្ត និងទិញ របស់ភ្លុកទឹកភ្លុកដី ខ្លះយកទាំងកូនពីរបីខែ មកជាមួយ ចាស់ក្មេង ប្រុសស្រីទៅគ្មានរំលងវ័យណាឡើយ»។
ខុសពីមនុស្សមួយចំនួន ដែលសរសើរពីទិដ្ឋភាពនៅក្នុងផ្សារនេះ យុវតីរូបនេះបានសរសេររិះគន់ថា៖ «មិនដឹងខុសបច្ចេកទេសឬយ៉ាងណា ចំណតស្ទះ ស្ទើរសឹងដកខ្លួនមិនរួច ជណ្តើរយន្តមានត្រឹមម្ខាង មិនមានជណ្តើរឡើងធម្មតា បន្ទប់ទឹកក៏មិនគ្រប់គ្រាន់ គ្រាន់តែចង់ បត់ជើងតូច ក៏ត្រូវតំរង់ជួរគ្នាចូលដែរ។ តើវាជាវប្បធម៌ឬយ៉ាងណា អោយតែ មានអ្វីថ្មី នាំគ្នាជ្រួលជ្រើមទៅមើល? ហាហា ក្នុង ចំណោមនោះ រួមទាំងខ្ញុំដែរ។»៕