កែម ឡី លើក​ពី​យុទ្ធសាស្រ្ត​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ

ធ្វើយ៉ាងណា ដើម្បីបញ្ជៀសផ្លូវចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ពីការកកស្ទះ ដែលតែងលងអ្នកធ្វើដំណើរ ជា​រៀង​រាល់​ថ្ងៃ? សូម​អាន​ការ​លើក​ឡើង ពីយុទ្ធសាស្ត្រមួយចំនួន របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ដើម្បី​កាត់​បន្ថយ ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី ដូចខាងក្រោម។
កែម ឡី លើក​ពី​យុទ្ធសាស្រ្ត​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ
ស្ពានអាកាស នៅស្ទឹងមានជ័យ នៅមុនដាក់ឲ្យប្រើប្រាស់ ដើម្បីជួយរំដោះការកកស្ទះចរាចរណ៍។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១៤ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 17, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋត្រូវរៀបចំវិភាគមុខងារ ភារកិច្ចស្ថាប័ននីមួយៗ និងរៀបចំនិងអនុវត្តន៍តារាងតួនាទី និងភារៈកិច្ចឲ្យ​បាន​ត្រឹម​ត្រូវ។ លើសពីនេះទៅទៀត សេវាកម្មទាំងអស់ រួមទាំងធ្វើលិខិតឆ្លងដែន សុំបើកអាជីវកម្ម សេវាពន្ធដា សេវា​នានា ត្រូវវិមជ្ឈការដល់មូលដ្ឋានឃុំ សង្កាត់ទាំងស្រុង។ យុទ្ធសាស្រ្តនេះ ធ្វើឲ្យក្រសួងនីមួយៗ ផ្តោតលើ​ការ​ដាក់ពង្រាយ មន្ត្រីរបស់ខ្លួនដល់មូលដ្ឋាន និងរួមចំណែកកាត់បន្ថយ ការរស់នៅកកផ្តុំតែទីក្រុង និងកាត់​បន្ថយ​ការកកស្ទះ ចរាចរណ៍បានច្រើន។ នេះជាលើកឡើង របស់អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី នៅក្នុង​យុទ្ធសាស្ត្រ​មួយ ដើម្បីជួយដល់ការកាត់បន្ថយ ការកកស្ទះនៅរាជធានីភ្នំពេញ។

សរសេររៀបរាប់ឲ្យដឹង នៅលើទំព័រហ្វេសប៊ុកផ្លូវការ លោក កែម ឡី បានសរសេរបន្តថា ការរៀបចំរចនាសម្ព័ន្ធ​វិនិយោគ និងវិមជ្ឈការធនធាន រៀបចំគោលនយោបាយ លើកទឹកចិត្តដល់រោងចក្រ សហគ្រាស់ឯកជន និង​សាធារណៈ ជាពិសេសសាកលវិទ្យាល័យធំៗ ឲ្យអ្នកទាំងនោះបោះទីតាំងរបស់ខ្លួន នៅជនបទ។ ក្នុង​ករណី​នេះ រដ្ឋត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ រូបមន្ត ទឹក ភ្លើង ផ្លូវ ជួយធានាទុនសម្រាប់ពួកគេ និងកិច្ចគាំពារ​សន្តិសុខ។ លើសពីនេះទៅទៀត រដ្ឋគួរកាត់បន្ថយតម្លៃពន្ធនានា លើការដឹកទំនិញទៅតាមបណ្តាខេត្តនានា។

រីឯយុទ្ធសាស្រ្តបន្ទាប់ គឺសាងសង់ស្ថាប័នរដ្ឋ នៅកន្លែងប្រមូលផ្តុំក្រៅរាជធានីភ្នំពេញ។ លោកថា រដ្ឋគួរធ្វើការ​ពិចារណា ឲ្យបានលឿនបន្តិច នូវការសាងសង់ស្ថាប័នរដ្ឋ នៅក្រៅក្រុង។ មិនតែប៉ុណ្ណោះ រដ្ឋត្រូវតែ​រៀបចំ​ហេរដ្ឋា​រចនាសម្ព័ន្ធ (អាគារជួល និងបង់រំលោះ សម្រាប់មន្រ្តីរាជការ និងរថយន្តក្រុងគ្រប់ម៉ោងធ្វើការ សម្រាប់​មន្ត្រីរាជការ)។ មិនត្រឹមតែប្តូរម៉ោងធ្វើការ ពី៩ព្រឹកដល់៥ល្ងាច (ឈប់សម្រាកថ្ងៃត្រង់ តែកន្លះម៉ោង) រដ្ឋ​ត្រូវ​សិក្សា​ម្តងទៀត នូវការប្តូរម៉ោងធ្វើការ ម៉ោងសិក្សាតែមួយពេល ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច ក្នុងការសម្រួល​ដល់ជីវភាពមន្ត្រី (ខាតបង់សាំងច្រើន) និងបន្ថយការពុលបរិសា្ថន (ធ្វើដំណើរពីរជើងក្នុងមួយថ្ងៃ) និងកាត់​បន្ថយ​បញ្ហា​ប្រឈមគ្រោះថ្នាក់ចរាចរណ៍។ ម្យ៉ាងវិញទៀត គ្រប់អាគារ រោងចក្រ សាកលវិទ្យាល័យ សាលា​រៀន គ្រឹះស្ថាននានា ផ្ទះពលរដ្ឋ សួនកំសាន្ត និងទីធ្លាសាធារណៈ ត្រួវរៀបចំកន្លែងចករថយន្ត កន្លែងថ្មើជើង និង​ហាម​ដាច់ខាត នូវការចតរថយន្តលើទ្រូងផ្លូវ។

ហាមដាច់ខាត ការរៀបចំពិធីសង់រោងនានា លើទ្រូងផ្លូវ។ រដ្ឋត្រូវរៀបចំគោលនយោបាយ ហាមដាច់​ខាត​ក្នុង​ការរៀបចំពិធីនានា និងចតរថយន្ត នៅលើទ្រូងផ្លូវ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍។ជំរុញកំរិត នៃ​ការ​អនុវត្ត​ច្បាប់ ឲ្យបានខ្ពស់ និងមិនត្រូវលើកលែង ដល់អ្នកណាម្នាក់ឡើយ សូម្បីតែអ្នកមានអំណាចធំៗក្តី។ ហាម​ដាច់ខាត ការបិទផ្លូវជាស្ថាពរ កាត់បន្ថយការបិទផ្លូវ ជាស្ថាពរជាពិសេសផ្លូវក្រោយស្ថានទូតអាមេរិក ផ្លូវ​ក្រោយ​ផ្ទះ​នាយករដ្ឋមន្រ្តី ផ្លូវចំការមន ផ្លូវមុខវាំងជាដើម។ល។

យុទ្ធសាស្រ្តមួយ ដែលចំបាច់ដែរនោះ គឺហាមដាច់ខាតកុំឲ្យរថយន្តធំៗ ចូលរាជធានីភ្នំពេញ ទោះក្នុងករណី​ណា​ក៏ដោយ រថយន្តធន់ធំ រថយន្តក្រុង និងរថយន្តដឹកទំនិញ ត្រូវហាមដាច់ខាត កុំឲ្យចូលក្រុងភ្នំពេញ (ការផ្ទេរ​ទំនិញត្រូវធ្វើឡើងនៅក្រៅក្រុង និងដឹកជញ្ជូនតាមរថយន្តតូចៗ)។ អភិបាលក្រុងណា ដែលមិន​អាច​ហាម​ឃាត​រថយន្តធន់ធ្ងន់ រថយន្តក្រុងធំៗចូលក្រុងបាន គួរពិចារណាក្នុងការដកដំណែង ពីព្រោះការងារតូចតាច តែ​គ្មាន​សមត្ថភាព​គ្រប់គ្រង។

ជួលឬដាក់កាំមេរ៉ាសុវត្ថិភាព តាមដងផ្លូវនៅភ្នំពេញ ដល់ស្ថាប័នអ្នកសារព័ត៌មាន។ រដ្ឋគួផ្ទេរការងារតាមដាន និងផ្សាយផ្ទាល់ពីកាមេរ៉ាសុវត្ថិភាព នៅគ្រប់ដងផ្លូវនៃរាជាធានីភ្នំពេញ ឲ្យស្ថាប័នសារពត៌មាន ក្នុងការតាមដាន និងបង្ហាញដោយផ្ទាល់ ជាបន្ទាន់ និងទាន់ពេលវេលា ដល់សាធារជនទាំងអស់ នូវទង្វើ និងការប្រព្រឹត្ត​របស់​អ្នក​បើកបរ តាមដងផ្លូវនានា។

ការធ្វើគំរូល្អសម្រាប់ពលរដ្ឋ។ រដ្ឋត្រូវហាមដាច់ខាត ក្នុងការអនុញ្ញាតឲ្យរថយន្តរដ្ឋ ចតនៅលើទ្រូងផ្លូវ ជា​ពិសេស​មុខស្ថាប័នរដ្ឋ មុខក្រសួង ដូចជាក្រសួងបរិស្ថាន ក្រសួងដែនដី។ល។ ដែលជាគំរូល្អ ដល់ពលរដ្ឋ​គ្រប់​រូប។ ចំពោះបុគ្គលណា ដែលប្រព្រឹត្តខុសគួរថត និងបង្ហាញជាសាធារណៈ និងដាក់ពិន័យរដ្ឋបាល ឲ្យ​ធ្ងន់ធ្ងរ​បំផុត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...