មើលតារាៗហ្វេសប៊ុក ជជែកគ្នាពីវិបត្តិទឹកជំនន់នៅភ្នំពេញម្ដង!
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៣ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 25, 2014
- ប្រធានបទ: ទឹកលិច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីនេះពីនោះ - ឱ្យតែពេលមានភ្លៀងធ្លាក់ម្តងៗ នៅរាជធានីភ្នំពេញ មិនថាជាភ្លៀងត្រឹមតែមួយមេតូចនោះទេ នៅតាមផ្លូវតូចធំមួយចំនួន ឬនៅតាមតំបន់ខ្លះទាំងមូលតែម្ដង ត្រូវបានជន់ជោរទៅដោយទឹកល្ហាចល្ហឹម។ នៅកន្លែងខ្លះ គេមិនអាចធ្វើដំណើរបានទេ ដោយសារជម្រៅទឹកជន់ជ្រៅពេក ដែលអាចបណ្តាលឱ្យយាន្តជំនិះរលត់។ រីឯអ្នករស់នៅក្នុងរាជធានី ក្នុងតំបន់ខ្លះទៀត ត្រូវសម្របជីវិតរបស់ពួកគេ ទៅនឹងភាពស្មោគរោគ ព្រោះតែទឹកភ្លៀងលាយនឹងទឹកលូ បន្ថែមដោយសម្រាម បានចូលទៅដល់ក្នុងលំនៅដ្ឋានរបស់ពួកគេនោះផងទៀត។
មនុស្សកាន់តែច្រើនឡើងៗ បានសម្ដែងភាពធុញទ្រាន់ និងការត្អូញត្អែរនឹងទឹកជំនន់ ហើយបានធ្វើការចំអក និងខ្លះទៀតបានទាំងរិះគន់យ៉ាងចាស់ដៃ ទៅលើរដ្ឋាភិបាល ដែលជាអ្នកទទួលខុសត្រូវ ទៅលើបញ្ហានេះ។ ការរអ៊ូរទាំនេះ មិនមែនកើតមានឡើង តែនៅលើដងផ្លូវប៉ុណ្ណោះទេ តែនៅលើបណ្ដាសង្គមហ្វេសប៊ុកឯណេះវិញ ក៏ការជជែកគ្នាមានភាពផុលផុសខ្លាំងក្លាណាស់ដែរ។
ម្ចាស់គណនីម្នាក់ឈ្នោះ Sunnry Bou បានលើកឡើងថាថ្នមៗ ដើម្បីកំដៅសាច់ដុំថា៖ «តាំងពីចូលខែពិសាខ ជិតមួយខែហើយខានភ្លៀង ទើបតែចាប់ផ្ដើមទេប៉ុណ្ណឹង ចុះទំរាំតែភ្លៀងខ្លាំងនោះ យ៉ាងណាទៅ?»។
អ្នកខ្លះ បានលើកយកមូលហេតុមួយមកបកស្រាយថា បញ្ហានេះដោយសារតែរដ្ឋាភិបាលលុបបឹងនានា នៅរាជធានីភ្នំពេញទើបបានជាភ្លៀងម្តង២ ក្រុង«គុជ»មួយនេះត្រូវលិចទឹក។ ម្ចាស់គណនីឈ្មោះ Chi Hun បានបញ្ចេញយោបល់របស់ខ្លួនថា៖ «ចង់ធ្វើលូ ឪលូ ម៉ែលូទៀត ក៏រកទំនាបសំរាប់ទឹកហូរទៅមិនបានដែរ បើបឹងទំពុន ហ៊ុនសែន លក់បាត់ទៅហើយៗ គេបូមខ្សាច់បំពេញអស់ តើទឹកត្រូវហូរទៅទីណា?»
សម្រាប់អ្នកដែលមានទំនោរទៅរករដ្ឋាភិបាល មិនសូវជាមានមុខចូលមក ធ្វើការជជែកតតាំងជាមួយ ក្រុមដែលពូកែវិភាគ ឬខ្លាំងខាងរអ៊ូរទាំទាំងនេះទេ។ គណនីមួយរបស់ដាក់ឈ្មោះ អង្គភាពប្រតិកម្មរហ័ស ដែលគេជឿថា ជារបស់លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រីនោះ បានវាយបកវិញថា ទាំងនេះជាការ«វាយប្រហារកេងចំណេញនយោបាយ»។ «អង្គភាពប្រតិកម្មរហ័ស» បានសរសេរទៀតថា ទីណាក៏មានទឹកលិចដែរ សូម្បីតែទីក្រុងនៅអាមេរិក បារាំង ជប៉ុន។ «យើងមិនគួរបដិសេធ មិនទទួលស្គាល់ភាពរីកចំរើន និងភាពស្អាតស្អំ នៃទីក្រុងនេះបានឡើយ ព្រោះរាជរដ្ឋាភិបាលបានខិតខំកសាង ចាប់តាំងពីបាតដៃទទេមកម្លេះ»។
ទំនងជាការលើកឡើងរបស់ «អង្គភាពប្រតិកម្មរហ័ស» មិនបានធ្វើឲ្យខ្លួនពេញចិត្តនោះ Vothey CT បានធ្វើការឆ្លងឆ្លើយថា៖ «ខ្ញុំឆ្ងល់ ឃើញតែធ្វើអើយធ្វើ ហេតុអ្វីនៅតែលិចដូច្នេះ នៅពេលណាឈប់លិចទៀត ប្រហែលមកពីកំពុងអភិវឌ្ឍទេដឹង ហា៎ហា៎អត់ចេះខ្មាសគេ»។
រីឯក្រុមអ្នកពូកែឌឺដងដាក់ផ្លែដាក់ផ្កានោះ បាននាំគ្នានិយាយបញ្ឆិតបញ្ឆៀង ដាក់សមិទ្ធផលជាង៣០ឆ្នាំ ដែលកាន់តែខំអភិវឌ្ឍន៍ កាន់តែ«ជួបការលិចទឹក»ទ្វេឡើង។ SP Khmer បានក្លែមសំដីថា៖ «អស់លោកកុំចេះតែថា សម្បូរបែបប៉ុណ្ណឹង នៅមិនទាន់គ្រប់គ្រាន់ទៀតឬ ពេលរាំងក្ដៅហែង ហើយមិនថានៅជាយក្រុងទេ គឺនៅក្នុងក្រុងតែម្ដង។ ហើយពេលមានភ្លៀងលិចថ្នល់ ស្ទះផ្លូវរាប់ម៉ោង អភិវឌ្ឍន៍ប៉ុណ្ណឹង ចង់បានប៉ុណ្ណាទៀត? មើលមានប្រទេសណាដូចទេ?»។
ម្នាក់ទៀតដាក់ឈ្មោះ Pao Bo បានចូលរួមផ្លែផ្កានឹងគេដែរថា៖ «ពួកនេះល្ងង់ណាស់ ផ្លូវសម្តេចធ្វើម៉ាគគោក មិនទៅជិះទេ ឆ្ងាញ់តែក្នុងប្រឡាយទឹក ហើយតាំងរិះគន់សម្តេច ថាមិនធ្វើផ្លូវ ពិតជាយ៉ាប់ ហើយសម្តេចមានប្រជារាស្រ្តបែបនេះ នៅក្នុងស្រុក សម្តេចពិតជាឈឺក្បាលស្លាប់ហើយ»។
អ្នកខ្លះទៀតបានបន្ថែមប៊ីចេងចូលជាមួយថា៖ «ដូចជាយ៉ាប់ពេកហើយ អ្នកភ្នំពេញត្រូវទិញទូក ហើយវាពិបាករកកន្លែងចតទូកទៅទៀត ការពារសុខភាពផង អ្នកនៅភ្នំពេញ»។ រួច Piseth Ly បានបញ្ជោះឲ្យថា៖ «មានអី លិចទឹកអញ្ចឹង ស្អាតម្យ៉ាងដែរ។ ប៉ុន្តែសូមផ្តាំទៅសាលាក្រុងភ្នំពេញថា យកល្អដាក់ទូកដរ រត់ឈ្នួលកន្លែងដែលមានទឹកលិច។»៕