អភិបាល​រង​រាជធានី ថា​ត្រា​របស់​វត្ត​សាមគ្គី​រង្សី​ខុស​ច្បាប់

អភិបាលរង នៃគណអភិបាលរាជធានីភ្នំពេញ លោក ឃួន ស្រេង ដែលបានដឹកនាំកងកំលាំងសមត្ថកិច្ច រាប់រយនាក់ ចុះទៅត្រួតពិនិត្យរដ្ឋបាល នៅក្នុងវត្តសាមគ្គីរង្សី នៅរសៀលថ្ងៃទី ១០ ខែកុម្ភៈនេះ បានលើកឡើងពីភាពមិនប្រក្រតីមួយរបស់វត្តនេះ៖ «ត្រា»។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ១០ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 10, 2015
  • ប្រធានបទ: សង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វត្ត​សាមគ្គី​រង្សី មាន​ភាព​មិន​ប្រក្រតី​មួយ ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ត្រា ដែល​ជា​ត្រា​ជ័រ​ដែល​មិន​មាន​ការ​អនុញ្ញាត ពី​ក្រសួង​មហាផ្ទៃ ឬ​​ពី​ក្រសួង​ធម្មការ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឃួន ស្រេង អភិបាល​រង​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​យុទ្ធនា​ការ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដើម្បី​ចុះ​ទៅ​ត្រួត​ពិនិត្យ​រដ្ឋបាល ក្នុង​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​ស្ទឹង​មាន​ជ័យ កាល​ពី​រសៀល​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកអភិបាលរង បានថ្លែងបញ្ជាក់ថា លោកបានស្នើទៅចៅអធិការវត្ត ឲ្យ​បញ្ឈប់​ការប្រើប្រាស់ត្រានោះជាបន្ទាន់ ព្រោះវាខុសច្បាប់។ ត្រាដែលប្រើប្រាស់នៅក្នុងវត្តទាំងអស់ ក្នុងព្រះរាជ​ណាចក្រកម្ពុជា ជាត្រាស្ងួតធ្វើពីដែក ហើយនៅពេលដែលវត្តនេះ ក្លាយជាវត្តស្របច្បាប់ហើយនោះ ទើបមាន​សិទ្ធិ​ដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំធ្វើត្រាសាជាថ្មីម្តងទៀតបាន។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ ព្រះតេជគុណ ថាច់ ហារសំអាង ចៅអធិការវត្តស្តីទីនៃវត្តសាមគ្គីរង្សី បាន​មានសង្ឃដីកាបញ្ជាក់ថា ត្រា​នោះ​ជា​ត្រា​ផ្ទៃក្នុង ហើយ​សម្រាប់​ប្រើតែ​នៅក្នុង​វត្ត​តែប៉ុណ្ណោះ។ ព្រះអង្គ​សង្ឃឹម​ថា បន្ទាប់ពី​វត្ត​នេះ​ក្លាយជា​វត្ត​ស្របច្បាប់ ១០០ភាគរយ​ហើយ​នោះ នឹង​ទទួលបាន​ត្រា​ស្របច្បាប់​ពី​ក្រសួង​ដើម្បី​យកមកប្រើ​ប្រាស់​ជា​ផ្លូវការ។

ប៉ុន្តែទន្ទឹមនឹងត្រារបស់វត្ត ដែលមិនមានការទទួលស្គាល់ និងការអនុញ្ញាតក្រសួងនោះ វត្តសាមគ្គីរង្សីនៅមិនទាន់​ជាវត្តស្របច្បាប់នៅឡើយ។ លោក ឃួន ស្រេង បានអះអាងឲ្យដឹងថា វត្តសាមគ្គីរង្សីបច្ចុប្បន្ន មិនមានឈ្មោះ​នៅ​ក្នុងបញ្ជី របស់ក្រសួងមហាផ្ទៃ និងក្រសួងធម្មការ និងសាសនានោះទេ។

ទាក់ទងនឹងករណីនេះ ព្រះតេជគុណថាច់ ហារសំអាង បានអះអាងតបវិញថា វត្តតែងព្យាយាមស្នើសុំទៅក្រសួង ដើម្បីដាក់ឲ្យវត្តនេះ មានលក្ខណៈស្របច្បាប់រហូតមក។ ប៉ុន្តែ គឺក្រសួងវិញទេ ដែលតែងតែច្រានចោល​សំណើរ​របស់វត្តជានិច្ច។ ព្រះតេជគុណបានបន្តទៀតថា តាមពិតវត្តសាមគ្គីរង្សី ជាវត្តដែលស្របច្បាប់ទៅហើយ ដោយ​មានការទទួលស្គាល់ ពីចៅសង្កាត់កាលពីឆ្នាំ ១៩៩៧ មានការទទួលស្គាល់ពីមន្ទីរធម្មការខ័ណ្ឌ និងមន្ទីរ​ធម្មការ​ក្រុងផងដែរ ប៉ុន្តែនៅខ្វះតែក្រសួងមួយទៀតតែប៉ុណ្ណោះ។

សូមរំលឹកដែរថា ការចុះទៅធ្វើការត្រួតពិនិត្យរដ្ឋបាល ក្នុងវត្តមួយនេះ បន្ទាប់ពីមានការលើកឡើង របស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី ដែលដាក់ការសង្ស័យថា វត្តសាមគ្គីរង្សី មានបំណងបង្កើតតំបន់​អបគមន៍។

តាមការបញ្ជាក់របស់លោក ឃួន ស្រេង បានឲ្យដឹងទៀតថា បន្ទាប់ពីសាលារាជធានីភ្នំពេញ បានដាក់លិខិត​ជម្រាប​ជូនមកវត្តសាមគ្គីរង្សី ដែលស្នើសុំធ្វើការត្រួតពិនិត្យរដ្ឋបាលនៅក្នុងវត្តនេះ បានបង្កើតឲ្យ​មានសង្គ្រាម​ព័ត៌មាន រវាងអ្នក«ជ្រុលនិយម» និងវត្តសាមគ្គីរង្សី ជាមួយនឹងសាលារាជធានីភ្នំពេញ ហើយបញ្ហានេះ វាបាន​កើតឡើងដោយការភាន់ច្រឡំតែប៉ុណ្ណោះ។ លោកបន្ថែមថា តាមការពិតសាលារាជធានីភ្នំពេញមានបំណងល្អ ជាមួយវត្តនេះទៅវិញទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...