ជនរងគ្រោះម្នាក់ស្លាប់ក្នុងឃាតកម្ម នៅមិនទាន់រកឃើញសាច់ញាតិ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៣សីហា ២០១៥
- កែប្រែចុងក្រោយ: August 13, 2015
- ប្រធានបទ: ឃាតកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីឃាតកម្មមួយនេះ កើតឡើងនៅកែងផ្លូវ២០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងពីជនមិនស្គាល់មុខ ជាជនដៃដល់ម្នាក់ បានប្រើពូថៅកាប់ ទៅលើជនរងគ្រោះ ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ មន្រ្តីសមត្ថកិច្ច សង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា ជនសង្ស័យមានគ្នាពីរនាក់ ទំនងជាស្គាល់ ឬតាមដានជនរងគ្រោះ រហូតដល់ម៉ោងប្រមាណ ១៩ និង ៤០នាទី យប់ថ្ងៃទី១២ ខែសីហា ទើបបានធ្វើសកម្មភាព។
តាមការសម្ភាស ជាមួយមេប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មី លោក កែវ សទ្ធោតន៍ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ខាងសមត្ថកិច្ចសង្កាត់ និងខណ្ឌ នៅមិនទាន់ស្គាល់ពីអត្តសញ្ញាណ របស់ជនរងគ្រោះនៅឡើយ។ សាកសពដែលស្លាប់ ភេទប្រុស អាយុប្រមាណជាង៣០ឆ្នាំ ស្លាប់ក្នុងសម្លៀកបំពាក់ខោពណ៍ ស អាវពណ៍ផ្ទៃមេឃ និងពាក់ស្បែកជើងប៉ាតា ពណ៍លាយខៀវ។ លោកមេប៉ុស្ដិ៍ បានថ្លែងឡើងថា៖ «សាកសពនៅមិនទាន់ ទទួលបានអត្តសញ្ញាណទេ»។
ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះត្រូវគេសម្លាប់ ត្រូវរបួសធ្ងន់នៅត្រង់ក្បាល រហូតស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ប្រភពនោះ បានបន្តទៀតថា សមត្ថកិច្ចបានរកឃើញពូថៅ ដែលជនសង្ស័យធ្វើសកម្មភាព។ រហូតមកទល់ពេលនេះ មេប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មីបានបញ្ជាក់ថា សាកសពនៅតម្កល់ទុក ជាបណ្តោះអាសន្នក្នុងវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនទាន់មានសាច់ញាតិក្រុមគ្រួសារ ទៅទទួលធ្វើបុណ្យនៅឡើយ៕