ធម្មយាត្រា និងសិទ្ធិយាត្រា ១០ធ្នូ៖ «សេចក្ដីសុខ៩យ៉ាង»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍ ៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 09, 2014
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ធម្មយាត្រា និងសិទ្ធិយាត្រា ត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយនូវ«សេចក្តីសុខ»សំខាន់ចំនួន៩យ៉ាង ទៅដល់ពលរដ្ឋ និងរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួម ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤នេះ។ សារសំខាន់ទាំង៩នោះ រួមមាន៖ ការមិនរើសអើង, រួមគ្នាគោរពសិទ្ធិមនុស្ស សន្តិភាពផ្តើមចេញពីខ្លួនយើង, បញ្ឈប់អំពើហិង្សា, ការមិនបៀតបៀនគ្នា, សិទ្ធិដីធ្លី គឺជាសិទ្ធិមនុស្ស, មានសីលប្រាំមានសន្តិភាព, ព្រះធម៌ ជាផ្លូវនាំមនុស្សទៅរកសេចក្តីសុខ, មានយុត្តិធម៌ មានសន្តិភាព។
គេសង្កេតឃើញមាន ព្រះសង្ឃ ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ព្រមទាំងតំណាងសហគមន៍ដីធ្លីមួយចំនួន ត្រៀមខ្លួនរួចជាស្រេច ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ជាមួយនឹងការធ្វើធម្មយាត្រា សិទ្ធិយាត្រា ដោយថ្មើរជើង ពីបណ្តាខេត្តនានា តាមផ្លូវជាតិចំនួនប្រាំមួយខ្សែរ រូមមាន ផ្លូវជាតិលេខ១, ២, ៣, ៤, ៥, ៦ មកកាន់រាជធានីភ្នំពេញ។ អ្នកចូលរួមក្នុងការធ្វើធម្មយាត្រា សិទ្ធិយាត្រា នេះ មានជាអាថ៌លោក ម៉ម សូណង់ដូ, លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម, ព្រះតេជគុណ ងីម សៅរ៍សំខាន់ ប្រធានអង្គការធម្មទានសង្គមជាដើម។
ដោយមានការចូលរួម ពីអង្គការសមាគមក្នុងស្រុកប្រមាណជាង២០០ផងនោះ ធម្មយាត្រា និងសិទ្ធិយាត្រាឆ្នាំនេះ បានធ្វើដំណើរនៅតាមបណ្តាផ្លូវជាតិ ដោយមានអ្នកដឹកនាំ និងអ្នកសម្របសម្រួលយ៉ាងហោចណាស់ បួននាក់/អង្គ ក្នុងក្រុមនីមួយៗ។ នៅតាមដងផ្លូវ បន្ថែមពីការតស៊ូមតិសិទិ្ធមនុស្ស អ្នកចូលរួមនឹងចូលរួមនូវការផ្តល់នូវពុទ្ធឱវាទ និងសិទិ្ធមនុស្ស វគ្គសំនួរចម្លើយ សំនួរល្បងប្រាជ្ញា និងកំណាព្យជាដើម។ ក្បួននៃដំណើរនីមួយៗនេះ ក៏មានអ្នកចូលរូមចាប់ពីរ៦០នាក់/អង្គ ឡើងទៅ។ ធម្មយាត្រា និងសិទ្ធិយាត្រា នោះគ្រោងនឹងជួបជុំគ្នា ពីអ្នកចូលរួមយ៉ាងតិចប្រាំពាន់នាក់ នៅមុខ«វិមានរដ្ឋសភាជាតិ» ក្នុងព្រឹកថ្ងៃទី១០ ខែធ្នូនេះ។
ធម្មយាត្រា និងសិទ្ធិយាត្រានៅតាមបណ្តាផ្លូវជាតិនីមួយៗ
ផ្លូវជាតិលេខ១៖ ដឹកនាំដោយព្រះភិក្ខុ អ៊ិន ពុទ្ធិ អតីតចៅអធិការវត្តជ័យមុនី ធ្វើដំណើរចាប់ពី វត្តកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្បួននេះមកដល់រាជធានីភ្នំពេញ ក្នុងវត្តនិរោធរង្សី នាវេលាម៉ោងជាងបួនរសៀលថ្ងៃទី៩ ខែធ្នូ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ច្រាយ នីម បណ្តាញជនរងគ្រោះសមាគមបឹងកក់។
ផ្លូវជាតិលេខ២៖ ដឹកនាំដោយលោក ទិប ទាវ នាយកប្រតិបត្តិនិស្សិតបញ្ញវ័ន្តកម្ពុជា ធ្វើដំណើរចាប់ពីវត្តសោម ស្រុកគិរីវង្ស ខេត្តតាកែវ។ ធម្មយាត្រានេះ បានមកដល់វត្តចាក់អង្រែក្រោម ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងមួយថ្ងៃត្រង់ ក្នុងថ្ងៃទី៩ ខែធ្នូនេះ។ ធម្មយាត្រា និងសិទ្ធិយាត្រានេះ ក៏មានការចូលរួម និងស្វាគមន៍ពីមន្រ្តីធំៗនៃគណបក្សនេះ រួមទាំងប្រធាន លោក សម រង្ស៊ី និងភរិយា លោកស្រី ជូឡុង ស៊ូមូរ៉ា។ នេះបើតាមការបញ្ជាក់របស់លោក ទិប ទាវ នាយកប្រតិបត្តិនិស្សិតបញ្ញវ័ន្តកម្ពុជា។
ផ្លូវជាតិលេខ៣៖ ដឹកនាំដោយព្រះភិក្ខុ ណាំ ចាន់ថេន សមាជិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ធ្វើដំណើរចាប់ពីវត្តដីក្រហម ភូមិដីក្រហម ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ តាមការបញ្ជាក់របស់ព្រះពិក្ខុ ប៊ូ បេត បានឲ្យដឹងថា ក្បួននេះមកដល់រាជធានីភ្នំពេញ អង្គការCLEC ចំការដូង នាវេលាម៉ោងជិតប្រាំរសៀលថ្ងៃទី៩ ខែធ្នូ។
ផ្លូវជាតិលេខ៤៖ ដឹកនាំដោយព្រះភិក្ខុ ចៅ សែនរដ្ឋា គង់នៅក្នុងវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ រាជធានីភ្នំពេញ ធ្វើដំណើរចាប់ពីវត្តភ្នំពេជ្យនិល ឃុំត្រៃត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក សុត ពិសិដ្ឋ ដែលចូលរួមក្នុងក្បួននេះ បានថ្លែងថា ក្បួនផ្លូវជាតិលេខ៤នេះ បាមកដល់រាជធានីភ្នំពេញ ក្នុងវត្តស្ទឹងមានជ័យ នាវេលាម៉ោងជាងបួនរសៀលថ្ងៃទី៩ ខែធ្នូ។
ផ្លូវជាតិលេខ៥៖ ដឹកនាំដោយព្រះភិក្ខុ ថង ណារិទ្ធិ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម គង់នៅវត្តនាគវ័ន្ត ធ្វើដំណើរចាប់ពីវត្តឧទុមពរ ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង។ ក្បួននេះមកដល់រាជធានីភ្នំពេញ ក្នុងវត្តអ៊ុតរាវត្តី នាវេលាម៉ោងជិតប្រាំរសៀលថ្ងៃទី៩ ខែធ្នូ។
ផ្លូវជាតិលេខ៦-៧៖ ដឹកនាំដោយព្រះភិក្ខុ ធូរ ធា ធ្វើដំណើរចាប់ពីវត្តត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ និងខេត្តរតនៈគីរី ដឹកនាំដោយ ព្រះតេជគុណ ងីម សៅរ៍សំខាន់ ប្រធានអង្គការធម្មទានសង្គម។ ព្រះភិក្ខុ ពៅ ស៊ីថា ដែលនិមន្តនៅជាមួយក្បួននេះ បានមានសង្ឃដីកាថា ក្បួនបានមកដល់រាជធានីភ្នំពេញ ក្នុងវត្តចាស់ នាវេលាម៉ោងជិតប្រាំរសៀល ថ្ងៃទី៩ ខែធ្នូ។
ទោះបីការធ្វើធម្មយាត្រា និងសិទ្ធិយាត្រា នេះមានការរារាំងដោយក្រុមសមត្ថកិច្ច ប្រចាំខេត្តនីមួយៗក៏ដោយ តែការធ្វើធម្មយាត្រា និងសិទ្ធិយាត្រា នៅតែបន្តមកដល់ទៅរាជធានីភ្នំពេញ ដោយជោគជ័យ៕