ពលករខ្មែរនៅកូរ៉េ គ្រោងធ្វើបាតុកម្មអហឹង្សាពីរថ្ងៃបន្ថែមទៀត
- ដោយ: ក. វិច្ចនី អត្ថបទ និងរាយការណ៍៖ ក.វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 09, 2014
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមការបញ្ជាក់របស់ពលករខ្មែរ នៅកូរ៉េខាងត្បូងមួយរូប ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា បន្ទាប់ពីបញ្ចប់ការធ្វើបាតុកម្មទាមទារ ឲ្យដោះលែងសកម្មជនដីធ្លី នៅកម្ពុជា និងលោក មាជ សុវណ្ណរ៉ា ដែលកំពុងជាប់ឃុំឃាំង នៅពន្ធនាគារព្រៃសរកាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៤ រួចមក ក្រុមបាតុករនឹងបន្តធ្វើបាតុកម្មអហឹង្សា ចំនួនពីរដង ជាថ្មីទៀត។
បាតុកម្មជាថ្មីនេះ សំដៅចង់ឲ្យលោក ហ៊ុន សែន និងភរិយា បានដឹងអំពីគោលបំណង និងសកម្មភាពយ៉ាងផុសផុល ដែលខ្មែរនៅក្រៅប្រទេសមួយចំនួន កំពុងគាំទ្រឲ្យមានការដោះលែងសកម្មជនទាំងនោះ និងធ្វើការដោះស្រាយដោយសន្តិវិធី ដូចដែលប្រជាពលរដ្ឋគ្រប់គ្នា អាចទទួលយកបាន។ អ្នករៀបចំបាតុកម្មនេះ នឹងមានការដាក់ញតិ្តជូន លោក ហ៊ុន សែន ផងដែរ ដើម្បីស្នើរឲ្យមានការដោះលែងសកម្មជនដីធ្លីទំាងអស់ និងលោក មាជ សុវណ្ណរ៉ា ជាបន្ទាន់។
កាលបរិច្ឆេទនិងទីកន្លែង នៃការធ្វើបាតុកម្មអហឹង្សានេះ នឹងធ្វើឡើងនៅទីក្រុងភូសាន់ ថ្ងៃទី១២ ខែធ្នូ និងនៅទីក្រុងសេអូល នៅថ្ងៃទី ១៤ ខែធ្នូ។
ប្រភពដដែលនេះ បានបន្ថែមទៀតថា បងប្អូនពលករខ្មែរនៅកូរ៉េម្នាក់ៗ ចង់ចូលរួមបាតុកម្មនេះខ្លាំងណាស់ នៅពេលដែលបានឃើញសារ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានពលករខ្មែរមួយចំនួននៅកូរ៉េខាងត្បូង ចែកចាយគ្នា ជាបន្តបន្ទាប់ ដើម្បីគៀងគរចំនួនអ្នកចូលរួម។
គួរបញ្ជាក់ថា ការធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងរបស់លោក ហ៊ុនសែន និងភរិយា ដើម្បីទៅចូលរួមប្រជុំ នៅទីក្រុងភូសាន់ ដើម្បីរំលឹកខួបអនុស្សាវរីយចំណងការទូត រវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េខាងត្បូង ដែលមានអស់រយៈពេល ២៥ឆ្នាំកន្លងមកហើយ។ លោក ហ៊ុន សែន ក៏គ្រោងនឹងបន្តទៅជួបជាមួយពលករ និងនិស្សិតខ្មែរ នៅទីនោះផងដែរ៕