ចាប់​​ខ្លួន​​យុវជន​ស្លៀក​ពាក់​អ្នក​ទោស បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​បរទេស!

បើការចាប់ខ្លួន យុវជនទាំង៦រូប ត្រូវបានធ្វើឡើង ក្រោមមូលហេតុ«សណ្ដាប់ធ្នាប់» របស់អាជ្ញាធរខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​នោះ ប៉ុន្តែ​សម្រាប់នៅបស្ចឹមលោកវិញ ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយ ដោយប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន ដោយ​ហេតុ​ពី​«ខោ​អាវ​ស្លៀក​ពាក់ របៀប​ជា​អ្នក​ទោស»​ របស់យុវជនទាំងនោះ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 28, 2015
  • ប្រធានបទ: ច្បាប់ NGO
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចាប់ខ្លួនយុវជនទាំង៦នាក់ ដែលបានសម្ដែងការតវ៉ារបស់ពួកគេ ដោយស្លៀកពាក់ ជាអ្នកទោសមានច្រវ៉ាក់ ជាប់នឹងជើងនោះ បានបង្កការចាប់អារម្មណ៍ ពីសារព័ត៌មាននានា នៅបស្ចឹមលោក នៅក្នុងប៉ុន្មានថ្ងៃនេះ បន្ទាប់​ពីសំនុំរឿង វាយតប់ទាត់ធាក់ របស់លោកឧកញ៉ា សុខ ប៊ុន ទៅលើតារាទូរទស្សន៍ កញ្ញា សាសា កាលពីដើមខែ​កក្កដានេះ។ ការស្លៀកពាក់ ជាអ្នកទោស ដែលយុវជនទាំង៦នាក់ អះអាងចង់បង្ហាញថា ច្បាប់គ្រប់គ្រង សមាគម និងអង្គការក្រៅរដ្ឋាភិបាល នឹងក្លាយជាអាវុធដ៏មុតស្រួច ផ្ដល់ទៅឲ្យរដ្ឋាភិបាល ដើម្បី​រឹតត្បិត​សេរីភាព​របស់​ពួក​គេ​នោះ មិនបានធ្វើឲ្យអាជ្ញាធរ រដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន សប្បាយចិត្តនោះទេ ដែល​ខុស​ពី​ការ​សម្លឹងមើល ដោយក្រសែភ្នែកនានា នៅបស្ចឹមលោក ចាត់ទុកកាយវិការនេះ ថាជាការឆ្នៃ​ប្រឌិត​មួយ ជំនួស​ឲ្យ​ពាក្យ​សម្ដី និងការគិតរបស់ក្រុមយុវជន។

សារព័ត៌មាននៅក្នុង បណ្ដាប្រទេសអ៊ឺរ៉ុបខាងលិច យ៉ាងហោចណាស់៣ (បារាំង ប៊ែលហ្សិក ស្វីស) បានយក​អត្ថបទ​រាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) មក​រៀបរាប់បន្តថា ការចាប់ខ្លួន​ក្រុម​យុវជន ដែលមាន៥នាក់ជាបុរស ម្នាក់ជាស្ត្រីនោះ ត្រូវបានដោះលែង​មក​វិញ បន្ទាប់ពីត្រូវបានអាជ្ញាធរខណ្ឌ ចាប់​ពួកគេយកទៅសាកសួរ និងឲ្យធ្វើកិច្ចសន្យា ឈប់បង្កការរំខាន ដល់​សណ្ដាប់ធ្នាប់​សាធារណៈ នៅពេល​ក្រោយទៀត ដោយគ្មានការអនុញ្ញាត។ លោក អំ សំអាត មន្រ្តីស៊ើបអង្កេត​ជាន់​ខ្ពស់ នៃអង្គការការពារសិទ្ធិ​មនុស្ស លីកាដូ (Licadho) ក៏ត្រូវបានដកស្រង់សម្ដី របស់សារព័ត៌មាន​ទាំង​នោះ យកមកចុះផ្សាយ ដោយ​លោក​បាន​អះអាង ថាពិតជាមានការឃាត់ខ្លួន យុវជនទាំង៦នាក់នោះ ដើម្បីនាំ​ទៅ​សាក​សួរ​មែន។

ក្រុមសារព័ត៌មានបានដកស្រង់សំដីលោក ឡុង ឌីម៉ង់ មកសរសេរដែរថា ការចាប់ខ្លួននេះ បណ្ដាលមកពី​យុវជន​ទាំង៦នាក់ បានធ្វើការតវ៉ា ដោយគ្មានការអនុញ្ញាត។

ច្បាប់គ្រប់គ្រង អង្គការសង្គមស៊ីវិលនេះ បានបង្កឲ្យមាននូវការជំទាស់តវ៉ា ជាច្រើនពីសំណាក់អង្គការ​សមាគម ដែលធ្វើការងាររបស់ពួកគេផ្នែកមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា ដោយទទួលបានជំនួយ ពីក្រៅ​ប្រទេស។ សារព័ត៌មាននៅលោកខាងលិច បានសរសេររាយការណ៍ទៀតថា អង្គការអន្តរជាតិធំៗ​ ប្រមាណជាង​១០ ក្នុង​នោះមាន អង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការតម្លាភាពអន្តរជាតិផង បាន​អំពាវនាវ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យទម្លាក់ចោល សេចក្ដីព្រាងច្បាប់នេះ។

សូមបញ្ជាក់ជូនដែរថា យុវជនទាំងប្រាំមួយនាក់ ដែលបានចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែកក្កដានោះ រួមមាន​បង​ប្អូន ជុំ ហួរ និង ជុំ ហួត មកពីក្រុមយុវជនមហានគរ។ លោក វឿន រតនា, មួង សូនី និង សឿន វាសនា មកពី​សមាគមសម្ព័ន្ធ សិស្សនិស្សិតបញ្ញវ័ន្តខ្មែរ និង កញ្ញា មាស លក្ខិណា មកពីចលនាស្ត្រីគណបក្សសង្គ្រោះជាតិ ខណ្ឌជ្រោយចង្វារ។ ការចាប់ខ្លួននោះ ត្រូវបានក្រុមអាជ្ញាធរចោទប្រកាន់ថា ដោយសារយុវជន មានកំហុស​បួន​យ៉ាង៖ បង្កហិង្សា, ក្លែងឯកសណ្ឋាន, បាតុកម្មខុសច្បាប់, និងថាមានគណបក្សសង្គ្រោះជាតិ នៅពីក្រោយ។ ពួក​គេទាំងប្រាំមួយនាក់ ក៏ត្រូវបាន«បង្ខំឲ្យផ្តិតមេដៃ» ដោយសន្យាថា ឈប់មានការប្រមូលផ្តុំ ដោយគ្មានការ​អនុញ្ញាត ពីសាលារាជធានីភ្នំពេញ៕


» សូមទស្សនាវីដេអូ ដែលរំលឹកពីព្រឹត្តិការណ៍ នាំការឃាត់ខ្លួន យុវជនទាំង៦រូប ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...