លីវើភូល ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ ទោះ​ប្រកួត​ចាញ់​នៅ រ៉ូម

ទីបំផុតទៅ ក្រុម ហង្សក្រហម របស់ចក្រភពអង់គ្លេស បានឡើងទៅជួបជាមួយ ក្រុមអធិរាជស របស់រាជាណាចក្រអេស្ប៉ាញ បើទោះជាក្រុម ហង្សក្រហម បានចាញ់ នៅក្នុងការប្រកួត «ត្រឡប់» ទល់នឹងក្រុម រមាសស្ពាន់ ក្នុងរដ្ឋធានី រ៉ូម (ប្រទេសអ៊ីតាលី) នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» ឆ្នាំ២០១៧-២០១៨ នាយប់ថ្ងៃទី២ ខែឧសភានេះ ក៏ដោយ។
លីវើភូល ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ ទោះ​ប្រកួត​ចាញ់​នៅ រ៉ូម
កីឡាករ និងគ្រូបង្វឹក (ពាក់វែនតា) របស់ក្រុម លីវើភូល ផ្ទុះអំណរដែលបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ (info@monoroom.info) - បារីស ថ្ងៃទី០២ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 03, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីប្រកួតចាញ់... ព្រោះដោយសារក្រុម លីវើភូល (Liverpool) ហៅហង្សក្រហម បានឈ្នះគ្រាប់បាល់យ៉ាងច្រើន ៥-២ ក្នុងការប្រកួត «ទៅ» កាលពីសប្ដាហ៍មុន នៅក្នុងផ្ទះរបស់ខ្លួន។ ខណៈយប់នេះ ក្រុម លីវើភូល បានមកប្រកួតជាថ្មី នៅក្នុងផ្ទះរបស់ក្រុម រ៉ូម៉ា (AS Roma) វិញម្ដង និងបានចាញ់ ដោយពិន្ទុគ្រាប់បាល់ ២-៤ ដែលធ្វើឲ្យគ្រាប់បាល់សរុប របស់ក្រុម ហង្សក្រហម ចេញពីការប្រកួតទាំងពីរលើក មានចំនួន ៧គ្រាប់ លើសក្រុម រ៉ូម៉ា ដែលរកគ្រាប់បាល់ បានត្រឹម៦គ្រាប់។

ប៉ុន្តែ គេត្រូវទទួលស្គាល់ថា ការប្រកួត«ត្រឡប់» រវាងក្រុមទាំងពីរ នៅក្នុងកីឡដ្ឋានរដ្ឋធានី រ៉ូម ប្រទេសអ៊ីតាលី ពិតជាមានភាពស្វិតស្វាញ ខ្លាំងសម្បើមណាស់។ ជាពិសេសក្រុម រ៉ូម៉ា ហៅរមាសស្ពាន់ ដែលនៅតែមិនអស់សង្ឃឹម ទោះជាខ្សែការពាររបស់ខ្លួន បានធ្វេសប្រហែស ធ្វើឲ្យក្រុម លីវើភូល រកគ្រាប់បាល់បានមួយគ្រាប់មុន (នាទីទី ១០) នៅលើទឹកដីរបស់ខ្លួន យ៉ាងណាក៏ដោយ។ ក្រុមនេះ បានធ្វើការវាយលុក រហូតដល់នាទីចុងក្រោយ និងទទួលបានជ័យជំនះ ប៉ុន្តែមិនគ្រប់គ្រាន់ ដើម្បីមានសិទ្ធិ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រនោះឡើយ។

» សង្ខេបជាវីដេអូ នៃការប្រកួតរវាងក្រុមទាំងពីរ ក្នុងយប់ថ្ងៃពុធ៖

ដូច្នេះ ជាលទ្ធផលចុងក្រោយ គឺក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) និងក្រុម លីវើភូល ដែលត្រូវឡើងទៅជួបគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាកីឡដ្ឋាននៃរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៦ ខែឧសភាខាងមុខ។ ប្រសិនជា នៅខាងក្រុម ហង្សក្រហម ត្រូវបានគេស្គាល់ ក្នុងរដូវកាលនេះ ថាខ្សែប្រយុទ្ធទាំងបី គឺកីឡាករ «Salah» «Firmino» និងកីឡាករ «Mané» ថាជាខ្សែប្រយុទ្ធដ៏សម្បើម ដែលរកគ្រាប់បាល់ បាន៤០គ្រាប់ ច្រើនជាងគេនោះ ក្រុមអធិរាជស ឯណោះវិញ ក៏មានខ្សែការពាររបស់ខ្លួន ត្រូវបានគេស្គាល់ដែរថា ជាជញ្ជាំងភ្នំដ៏ក្រាសមួយ កម្រផ្ដល់ចន្លោះប្រហោង ទៅឲ្យគូបដិបក្ខ របស់ខ្លួនណាស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...