ហ៊ុន សែន ប្រាប់ អ៊ុំ សំអាន ទៅ​រៀន​ច្បាប់​ថែម ចាំ​ធ្វើ​តំណាង​រាស្រ្ត

ករណីរបស់តំណាងរាស្ត្រ អ៊ុំ សំអាន ជាមួយប្រធានរដ្ឋសភា លោក ហេង សំរិន នៅមិនទាន់ចប់ទេ ព្រោះ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងប្រើមាត់របស់លោក ជ្រលក់ចូល ដោយប្រាប់លោក សំអាន ទៅ​រៀន​ច្បាប់​ឲ្យ​ច្បាស់ សិម​មក​ធ្វើ​ជា​តំណាង​រាស្ត្រ។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២៦ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 28, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើព្រឹត្តិការណ៍មួយ មិនសូវមានរសជាតិខ្លាំង ចាំបាច់ត្រូវមានសម្ដីដ៏ប្រៃ របស់បុរសខ្លាំងកម្ពុជា ជ្រលក់​ចូល នោះស្ថានការណ៍ អាចនឹងមានការផ្លាស់ប្ដូរ។ ចំណែកឯករណីរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​សៀមរាប មកពីគណបក្សសង្គ្រោះជាតិ ដែលមានបញ្ហាចម្រូងចម្រាស់ ជាមួយនឹងប្រធានរដ្ឋសភា លោក ហេង សំរិន នោះ ក៏ចាំបាច់ត្រូវបានលោក ហ៊ុន សែន ជ្រលក់មាត់ចូល និយាយដែរ។

ការជ្រលក់ចូលនេះ បើទោះជាគេដឹងថា លោក ហេង សំរិន យល់ព្រមបញ្ចប់រឿង ដោយដាកត្រឹមតែទណ្ឌកម្ម ផ្នែកវិន័យរដ្ឋបាល ទៅលើអ្នកតំណាងរាស្ត្រ រូបនោះក៏ដោយ។ នៅ​ព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ម្សិលម៉ិញនេះ លោក ហ៊ុន សែន បានចំអកទៅកាន់តំណាងរាស្រ្ត លោក អ៊ុំ សំអាន ថាបើមិនស្គាល់ច្បាប់ទេ ទៅរៀន​ច្បាប់​ថែម ចាំមកធ្វើតំណាងរាស្រ្ត។

ថ្លែងក្នុងពិធីបុណ្យ ចម្រើនព្រះជន្ម ប្រគេនព្រះសង្ឃ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃប្រទេសកម្ពុជា លោក ហ៊ុន សែន បានពន្យល់ថា៖ «នីតិបញ្ញត្តិ គ្មានសិទ្ធិបញ្ជា នីតិប្រតិបត្តិទេ បើទោះបីជានីតិបញ្ញត្តិ ជាអ្នកបង្កើត​នីតិ​ប្រតិបត្តិក៏ដោយ។ បើមិនស្គាល់ច្បាប់ទេ ទៅរៀនច្បាប់ថែម ចាំមកធ្វើតំណាងរាស្រ្ត។ បើសិននេះ ជាសំណួរសួរ​មកនាយករដ្ឋមន្រ្តី សម្តេច ហេង សំរិន ចារឱ្យភ្លាម ស៊ីញ៉េឱ្យភ្លាម។ តែនេះជាការបញ្ជារពីសភា មកកាន់រាជ​រដ្ឋាភិបាល។ វាមិនមែនជាប្រព័ន្ធបែបនេះទេ។»

កាលពីពាក់កណ្ដាលខែកក្កដានេះ លោក អ៊ុំ សំអាន មានបំណង ចង់ដាក់ពាក្យប្តឹងលោក ហេង សំរិន ទៅ​ក្រុមបឹក្សា​ធម្មនុញ្ញ បន្ទាប់ពីលិខិតមួយច្បាប់ របស់អ្នកតំណាងរាស្ត្ររូបនេះ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជាមួយ​វៀតណាម មិនត្រូវបានចុះហត្ថលេខា ពីប្រធានរដ្ឋសភា ដើម្បីបញ្ជូនទៅនាយករដ្ឋមន្ត្រី។ លោក សំអាន បាន​វាយតម្លៃ លើទង្វើរបស់លោក ហេង សំរិន ដែលមិនចុះហត្ថលេខា បញ្ជូនលិខិតស្នើសុំរបស់លោកនេះ ថាបាន​រំលោភលើរដ្ឋធម្មនុញ្ញ។

ប៉ុន្តែលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា ធ្លាប់បានពន្យល់រួចហើយថា គឺលោក សំអាន ទៅវិញទេ ដែលបាន​រំលោភរដ្ឋធម្មនុញ្ញ ហើយមិនមើលច្បាប់នេះ ឲ្យច្បាស់គ្រប់តួអក្សរ ព្រោះក្នុងលិខិតរបស់តំណាងរាស្ត្រ បាន​សរសេរថា «ស្នើ» ដែលមិនមែនជា«សំនួរ»។ លោក ឈាង វុន ថែមទាំងព្រមានលោក សំអាន ថានឹងមាន​ពាក្យបណ្ដឹងមួយ ពីបទបានបន្ទាបកិត្តិយសប្រធានរដ្ឋសភា ហើយលោក សំអាន អាចប្រឈម នឹងការដក​អភ័យឯកសិទ្ធិសភា។

នៅក្នុងវិធានការរដ្ឋបាលមួយ ដែលជាទណ្ឌកម្ម ដាក់ទៅលើអ្នកតំណាងរាស្ត្រ លោក អ៊ុំ សំអាន ពីករណី​ខាង​លើ ប្រធានរដ្ឋសភា លោក ហេង សំរិន បានចុះហត្ថលេខា នៅថ្ងៃទី២៤ ខែកក្កដា កាត់ប្រាក់ខែលោក សំអាន ៥០% ចំនួន២ខែ និង​ហាម មិនឲ្យចូលប្រជុំ ចំនួន១៥លើក។

នៅក្នុងការថ្លែង នាព្រឹកថ្ងៃទី២៧ ដដែលនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តការចំអកបន្ថែមទៀតថា៖ «ដល់គេ​សម្រួលហើយ ស្អីហើយ ហ្វេសប៊ុក គឺវាយរហូត ដល់ទីចុងបំផុត គេកាត់ទាំងប្រាក់ខែ ហើយពិន័យសុំទោស បានសម្តេច ហេង សំរិន ដូចចំណាររបស់គាត់ បានឃើញហើយ សុំបញ្ចប់ តាមរយៈត្រឹមពិន័យហ្នឹង បាន​ហើយ។ ពិន័យកាត់ប្រាក់ខែ២ខែ តែកាត់តែ៥០ភាគរយ ៥០ភាគរយទៀត គ្រាន់ចិញ្ចឹមប្រពន្ធ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...