វីដេអូទាំងស្រុង ពីជម្លោះកូនឧកញ៉ា ឆ្លុះបញ្ចាំងពីសង្គមខ្មែរ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 23, 2015
- ប្រធានបទ: វាយតប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចការធ្វើអត្ថាធិប្បាយ នៅក្នុងវីដេអូស្រាប់ យុវជន ទ្រី ដាលុច ដែលជាកូន របស់លោកឧកញ៉ា ទ្រី ភាព បានសម្លឹងមើល ដោយក្រសែភ្នែកឌឺដង ដាក់យុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬ ជ្រូក ដែលជាកូនរបស់លោកឧកញ៉ា ឌួង ងៀប។ សកម្មភាពនេះ បញ្ជាក់ថាយុវជន ទ្រី ដាលុច ទំនងជាបានស្គាល់យុវជន ឌួង ឧត្ដមឆវិន រួចហើយ មុននឹងឈាន ទៅសម្លឹងឌឺដងគ្នា យ៉ាងដូច្នេះ។
ហេតុការណ៍បន្ទាប់ពីនេះ គេសង្កេតឃើញ ប្រព័ន្ធផ្សព្វផ្សាយ ដែលស្និតនឹងគណបក្សកាន់អំណាចជាច្រើន បានផ្សាយអត្ថបទ ឬបង្ហាញរូបភាពជាច្រើន ជារបាយការណ៍របស់អាជ្ញាធរ ក្នុងលក្ខណៈដាក់ទំងន់ ទៅលើតែម្ខាង គឺភាគីយុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬ ជ្រូក ដូចជាប្រើពាក្យថា យុវជន ឌួង ឆាយ បានដើរចូលមក ដោយមាន«ដំណើរកាង» ឬយុវជននេះ បានសម្លឹងមុខ យុវជន ទ្រី ដាលុច ដើម្បីបង្ករឿងជាដើម។
មិនត្រឹមតែប៉ុណ្ណឹង ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មិនបានចេញផ្សាយឈ្មោះ លោកឧកញ៉ា ទ្រី ភាព សូម្បីតែមួយដងឡើយ នៅក្នុងអត្ថបទដំបូងៗ របស់ពួកគេ។ គេបានប្រើពាក្យថា យុវជន ទ្រី ដាលុច កូនរបស់ឧកញ៉ា«ល្បី»ឈ្មោះ ម្នាក់ទៀត។ តែផ្ទុយទៅវិញ គេបានសរសេររំលឹកឡើងវិញ ជាច្រើនសារ នូវឈ្មោះរបស់ឧកញ៉ា ឌួង ងៀប ដាក់ក្នុងការផ្សព្វផ្សាយរបស់ទាំងនោះ។
នៅក្នុងវីដេអូ ដែលចេញផ្សាយដោយអាជ្ញាធរ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយ យកមកផ្សាយបន្តនោះ ក៏គេឃើញយុវជន ឌួង ឧត្ដមឆវិន ត្រូវបានបណ្ដើរអមគ្រៀក ដោយមន្ត្រីរាជអាវុធហត្ថ ចំនួនបួននាក់។ សកម្មភាពបណ្ដើរគ្រៀកនេះ ត្រូវបានធ្វើក្នុងរូបភាព ហាក់បីដូចជាយុវជន ឌួង ឧត្ដមឆវិន ជាឧក្រិដ្ឋជន ប្រកបដោយគ្រោះថ្នាក់ ដែលអ្នកផងអាចហៅបានថា ជាមេលក់គ្រឿងញៀន ឬមេជួញដូរអាវុធ ខណៈយុវជនកូនរបស់លោកឧកញ៉ា ឌួង ងៀប រូបនេះ ត្រូវបានចាប់ខ្លួន ពីបទបង្ករបួសស្នាម (ឬនិយាយឲ្យខ្លី វាយតប់គ្នា) នៅតាមចិញ្ចើមថ្នល់ តែប៉ុណ្ណោះ។
បំបាក់ឧកញ៉ា ឌួង ងៀប ?
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានបង្ហាញវីដេអូនេះ ទៅអតីតមន្ត្រីបួនជំនាន់ មកពីមជ្ឈដ្ឋានច្បាប់កម្ពុជា លោក ព្រហ្ម គិត ដែលសព្វថ្ងៃចូលនិវត្តន៍ នៅក្នុងប្រទេសបារាំង។ អតីតមន្ត្រីបានស្នើសុំ ឲ្យធ្វើការបែងចែកឲ្យច្បាស់ ពីការសម្លឹងគ្នា ដែលជាកំហុសសីលធម៌សង្គម និងការបង្ករបួសស្នាម ដែលជាកំហុសព្រហ្មទណ្ឌ។ អតីតមន្ត្រីចាស់ស្រុក បានពន្យល់ថា៖ «ពួកគេលែងគិតថា បើគ្រាន់តែសម្លឹងគ្នា ទោះចង់ជ្រុះគ្រាប់ភ្នែក យ៉ាងណាក៏ដោយ ក៏វាគ្រាន់តែ ជាការសម្លឹងគ្នាប៉ុណ្ណោះ។ បើម្នាក់ទៀតសម្លឹងមកវិញ ម្ខាងនេះទម្លាក់ខ្សែរភ្នែកចុះទៅ វាចប់រឿងទៅហើយ។ តែនេះបញ្ជាក់ ពីសីលធម៌នៅស្រុកខ្មែរ ដែលធ្លាក់ដល់កម្រិតមួយថា តែសម្លឹងគ្នាហើយ ច្បាស់ជាជម្លោះប្រើដៃជើង កើតមានជាមិនខាន។»
ចំពោះជម្លោះ រវាងយុវជនពីរនាក់ តែត្រូវបានពង្រីកឲ្យមើលទៅ ដូចជាអស្ចារ្យខ្លាំងបំផុតនោះ ត្រូវបានលោក ព្រហ្ម គិត និយាយ ថាជាកលឧបាយមួយ ដែលមានលក្ខណៈ បាញ់ព្រួញមួយបានចាបពីរ។ ចាបទីមួយ គឺដើម្បីបម្រើនយោបាយគណបក្សកាន់អំណាច ក្នុងការបង្ហាញទៅពលរដ្ឋថា ពួកគេកំពុងអនុវត្តច្បាប់ ដោយមិនរើសមុខ។ ចាបទីពីរ ដើម្បីវាយបំបាក់ឧកញ៉ា ឌួង ងៀប ដែលជាឪពុក របស់យុវជនដៃដល់ ដោយមជ្ឈដ្ឋានឧកញ៉ាៗ នៅក្នុងប្រទេសកម្ពុជា។ អតីតមន្ត្រី បានពន្យល់ថា រឿងនេះ បង្ហាញច្បាស់ណាស់ថា លោក ទ្រី ភាព មានឥទ្ធិពលជាងលោក ឌួង ងៀប ដោយសារតែលោក ទ្រី ភាព ផ្ដល់ប្រាប់ចិញ្ចឹមគណបក្សប្រជាជនកម្ពុជា ជាច្រើនលានដុល្លា ក្នុងមួយឆ្នាំៗ ហើយលោក ទ្រី ភាព ក៏មានទំនាក់ទំនងល្អ យ៉ាងច្រើនលើសលប់ ជាមួយមន្ត្រីនគរបាលទាហាន ដែលមានថានៈខ្ពស់ៗ នៅកម្ពុជាដែរ។
ប្រទេសកម្ពុជា និងពួកម៉ាហ្វីយ៉ា
អតីតមន្ត្រីវ័យចំណាស់ ដែលជាអ្នកតាមដាន សភាពការណ៍កម្ពុជា ជារៀងរាល់ពេលនេះ បានថ្លែងឡើងថា ប្រទេសកម្ពុជាក្នុងសម័យនេះ បានកំពុងក្លាយជាទីលាន សម្រាប់ពួកម៉ាហ្វីយ៉ា យកធ្វើជាកន្លែងកាប់ចាក់គ្នា។ លោក ព្រហ្ម គិត បានថ្លែងឲ្យដឹងទៀតថា ករណីរបស់លោកឧកញ៉ា ថោង សារ៉ាត់ ក៏បានបង្ហាញច្បាស់ដែរ ថាសំនុំរឿងសម្លាប់លោក អ៊ឹង ម៉េងជឺ កំពុងស្ថិតក្នុងមន្ទិល ហើយវាហាក់ដូចជា សំនុំរឿងនេះត្រូវបានបង្កើតឡើង ដើម្បីវាយបំបាក់គ្នា ដែលអាចចេញពីចំណោម ក្រុមអ្នករកស៊ីដ៏អន្ទ្រើសៗ នៅក្នុងស្រុក៕