ចូលប្លន់ក្នុងហាង ស្រាប់តែ... ទទួលមួយជើងប្រកាច់! (vdo)
ហេតុការណ៍ បានកើតឡើង នៅក្នុងហាងលក់ គ្រឿងអលង្កា មួយកន្លែង ស្ថិតក្នុងក្រុង Chelyabinsk ភាគខាងត្បូង កណ្ដាលនៃប្រទេសរ៉ូស្សី កាលពីថ្ងៃទី១៦ ខែមេសានេះ។ ខណៈពេលដែល អ្នកលក់មួយរូប កំពុងបម្រើអតិថិជនរបស់ខ្លួន ដែលជាគូរស្នេហ៍ពីរនាក់នោះ ស្រាប់តែបុរសម្នាក់ បិទមុខជិត បានចូលទៅកាន់ទីនោះ ដើម្បីប៉ុនប៉ុងធ្វើការប្លន់។
រូបភាពដែលត្រូវបានចាប់ជាប់ ដោយម៉ាស៊ីនថតសុវត្ថិភាព បានបង្ហាញថា ជនបិទមុខរូបនេះ បានដាក់ដៃចូលក្នុងអាវធំរបស់ខ្លួន ដែលជាកាយវិការបង្ហាញថា ខ្លួនមានអាវុធលាក់នៅទីនោះ។ ជននេះ បានបោះស្បោងមួយ ទៅលើទូអលង្កា និងបានគម្រាមស្ត្រីអ្នកលក់ ឲ្យប្រមូលគ្រឿងអលង្កា ដាក់ក្នុងស្បោងនោះឲ្យខ្លួន។
រំពេចនោះ យុវជនម្នាក់ ក្នុងចំណោមគូស្នេហ៍ទាំងពីរ ដែលជាអតិថិជន ចូលមកក្នុងហាងនេះមុន ហើយមិនអាចទ្រាំ មើលសកម្មភាពល្មើស របស់ចោរប្លន់ បានតទៅទៀត ក៏បានប្រើមហារន្ទះ នៃសន្ទុះជើងឥតស្រមោល របស់ខ្លួន ទាត់ចំកញ្ចឹង ក ចោរប្លន់ពីក្រោយ បណ្ដាលឲ្យបុរសបិទមុខ ដួលគ្រិបចុះទៅលើដី។
តាមពិតទៅ យុវជនដែលប្រើសន្ទុះជើង សង្គ្រោះហាងលក់គ្រឿងអលង្កានេះ ជាជើងឯក តៃក្វាន់ដូ របស់ប្រទេសរ៉ូស្សី ឈ្មោះ Ilya Batrak។ រីឯចោប្លន់វិញ បន្ទាប់ពីបានដួល ទៅលើកម្រាល ក៏មានអាការៈប្រកាច់ ឆ្កួតជ្រូក កើតឡើង។ នៅចំពោះហេតុការណ៍នេះ គូស្នេហ៍ទាំងពីរ បានព្យាយាមចូលមកសង្គ្រោះ ចោរប្លន់វិញ ដោយខ្លាចក្រែង ក្នុងពេលប្រកាច់ ចោរប្លន់អាចខាំអណ្ដាតខ្លួនឯង ស្លាប់៕