ស្តាប់កីឡាករ វង្ស ណយ ប្រៀបធៀបជីវភាពកីឡាករខ្មែរ និងថៃ (vdo)
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាកូនសិស្សរបស់លោក ឈិត សារឹម អ្នកប្រដាល់ក្បាច់បុរាណខ្មែរ វង្ស ណយ ដែលត្រូវបានគេទទួលស្គាល់ថា កំពូលកីឡាករប្រដាល់ដ៏មានសមត្ថភាព ដែលអាចផ្តួលគូប្រកួតឱ្យសន្លប់ជាច្រើនដង បានពោលរៀបរាប់ពីបញ្ហាវិស័យកីឡាប្រដាល់ និងបញ្ហាជីវភាពរបស់កីឡាករខ្មែរ ដែលធ្វើឱ្យបណ្តាកីឡាករជើងខ្លាំងមួយចំនួន ពិបាកចេញទៅប្រកួតក្រៅប្រទេស។
កីឡាករ វង្ស ណយ ក្នុងឱកាសចេញមកប្រកួត នៅប្រទេសបារាំង។ (រូបថត ហ្វេសប៊ុក)
កីឡាប្រដាល់ - ស្របពេលដែលមានអ្នកស្នេហាកីឡាប្រដាល់មួយចំនួន ចង់ឱ្យកីឡាជើងខ្លាំងរបស់ខ្មែរ ប្រកួតជាមួយកីឡាករជើងខ្លាំងរបស់ថៃ វង្ស ណយ បានប្រៀបធៀបជីវភាពកីឡាករខ្មែរ និងថៃថា ជីវភាពរបស់កីឡាករខ្មែរ និងថៃខុសគ្នាដាច់ស្រឡះ៖ «កីឡាករថៃដេកស៊ីស្រួល វ៉ៃម្តងៗបានលុយរាប់ម៉ឺន ហើយយើងមកមើលកីឡាករខ្មែរ ខ្មែរយើងវ៉ៃម្តងៗបាន៣០០ អ្នកខ្លះវាយបានតែ១៥០ទេ អញ្ចឹងបងប្អូនគួរគិតថា តើកីឡាករខ្មែរមានជីវភាពលំបាកយ៉ាងណា?»។
កីឡាករដែលមានស្រុកកំណើត នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន រូបនេះបន្តថា ដោយសារតែ កីឡាករខ្លះមានជីវភាពខ្វះខាត ក្រោយចេញពីសៃវៀនប្រកួត បានឆ្លៀតពេលទៅរត់កង់បី រត់ម៉ូតូ និងត្រូវបំពេញការងារផ្សេងៗដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាព បន្ថែមលើអាជីពជាអ្នកប្រដាល់។
កីឡាករដែលមកពីក្លឹបកងពលតូចលេខ៣១រូបនេះ បញ្ជាក់ទៀតថា នៅប្រទេសថៃរដ្ឋយកចិត្តទុកដាក់ និងគិតគូរជាខ្លាំង ដល់វិស័យកីឡាប្រដាល់របស់ប្រទេសគេ ប៉ុន្តែសម្រាប់កីឡាប្រដាល់នៅកម្ពុជាវិញ កីឡាករជើងខ្លាំងរូបនេះចោទជាសំណួរ និងឆ្លើយខ្លួនឯងថា៖ «ម្នាក់ៗតែងគិតថាប្រដាល់ជាមរតករបស់ខ្មែរ ក្បាច់គុណរបស់ខ្មែរ អញ្ចឹងបើជាក្បាច់គុណរបស់ខ្មែរ តើមានអ្នកណាដែលចេញមុខ លើកតម្កើនវិស័យកីឡាប្រដាល់ ដូចជាក្បាច់គុនរបស់ខ្មែរយើងឬទេ? អញ្ចឹងគ្មានទេ។»
គាំទ្រនឹងការលើកឡើងរបស់ វង្ស ណយ អ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកមួយអង្គ ព្រះសង្ឃ Nou Veasna បានបន្ទរថា៖ «សុំឱ្យរដ្ឋាភិបាលគិតគួរផង សុំកីឡាករទាំងអស់ហ៊ាននិយាយ ហ៊ានថានោះ ទើបកីឡាយើងរីកចម្រើន ទើបជីវិតរស់នៅបានល្អប្រសើររបស់កីឡាករ។ អ្នកណាក៏ដឹងហើយថា នៅផ្ទាំងថ្មប្រាសាទអង្គរវត្ត បានឆ្លាក់ពីក្បាច់ប្រដាល់របស់ខ្មែរ រឿងអីដែលខ្មែរត្រូវខ្សោយ? ដោយសារអ្នកណា យើងគួរដឹងហើយ។»
ចំណែក Po Seyla បញ្ចេញយោបល់បន្ថែមថា៖ «ខ្ញុំគាំទ្រសំដីរបស់បង វង្ស ណយ។ នេះបណ្តាលមកពីថ្នាក់ដឹកនាំ ឬ ក្រសួងកីឡា ដែលមិនអោយតម្លៃលើវិស័យកីឡា ដូចជាកីឡាបាល់ទាត់ បាល់ទេះ ជាពិសេសគីកីឡាប្រដាល់នេះតែម្តង។ តាមសម្តីរបស់កីឡាករពីរនាក់ ដែលគាត់មកដល់កន្លែងខ្ញុំ គាត់និយាយថា៖ បងអើយកីឡាករស្រុកគេ មុនចេញរត់ឬហាត់ គេហូបបាយហាងមួយឆ្អែត តែកីឡាករខ្មែរមុនចេញហាត់ ហូបបាយកក មានកម្លាំងណាទៅវាយជាមួយគេ។»
ដោយមិនចង់ធ្វើការរិះគន់ ដោយគ្មានដំណោះស្រាយនោះ ម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀត LyThean UnLove បានលើកជាសំណុំពរឡើងថា៖ «ខ្ញុំសូមអោយក្រសួងដែលពាក់ព័ន្ធ មេត្តាជួយលើកតម្កើនក្បាច់ប្រដាល់ខ្មែរ កុំឲ្យប្រទេសណាយករបស់ខ្មែរបន្តរទៀត ហើយក៏សុំអគុណ បងប្រុស វង្ស ណយ ដែលចេញមុខមកបកស្រាយ ប្រាប់បងប្អូនជនរួមជាតិខ្មែរអោយបានដឹង។ តើបងប្អូនដឹងទេថា វិស័យកីឡារនៅស្រុកយើងឈានដល់កំរិតណា? ហើយបើរដ្ឋាភិបាលដឹងហើយ លឺហើយ តែនៅតែមិនអើរពើរទៀតនោះ យូៗទៅក្បាច់ប្រដាល់ខ្មែរនឹងទៅជាយ៉ាងណា?»៕
សូមទស្សនាវីដេអូ របស់កីឡាករ វង្ស ណយ ដូចតទៅ៖