ស៊ុយ សែម ចូលបំភ្លឺក្នុងរដ្ឋសភា រឿងសេសានក្រោម២
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាលើកដំបូងហើយ ដែលរដ្ឋសភាជាតិកម្ពុជាអាណត្តិទីប្រាំ ដែលមានតែតំណាងរាស្ត្រ ពីគណបក្សប្រជាជនកម្ពុជានេះ បានកោះហៅរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម មកពីគណបក្សតែមួយដូចគ្នា ឲ្យមកបំភ្លឺចំពោះមុខសភាជុំវិញបញ្ហា នៃការសាងសង់ ទំនប់វារីអគ្គិសនីសេសានក្រោម២។
ផែនទីគម្រោងសាងសង់ វ៉ារីអគ្គីសនី សេសានក្រោម II
សេសានក្រោម២ - ការកោះហៅរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មកបំភ្លឺនៅរដ្ឋសភានាព្រឹកនេះ គឺធ្វើឡើងក្នុងនាមមន្រ្តីរាជរដ្ឋាភិបាល ជាមួយនឹងតំណាងរបស់រាស្រ្ត ក្នុងរដ្ឋសភាជាបញ្ហាផ្លូវច្បាប់ និងជារឿងធម្មតាប៉ុណ្ណោះ។ តាមការបញ្ជាក់របស់មន្រ្តីរដ្ឋសភា នាពេលកន្លងមក ទៅកាន់អ្នកសារព័ត៌មាននោះ បានបន្ថែមទៀតថា ការកោះហៅមកនេះ ក្នុងគោលបំណងសួរ និងឆ្លើយ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយ សម្រាប់ឲ្យការអនុវត្តសាងសង់ ទំនប់សេសានក្រោម២នេះ មានប្រសិទ្ធភាពខ្ពស់ បានជាប្រយោជន៏ដល់សង្គមជាតិ និងប្រជាពលរដ្ឋ។
ចំពោះមុខអ្នកសារព័ត៌មាន បន្ទាប់ពីរដ្ឋសភាបានបញ្ចប់ការសាកសួរ លោកស៊ុយ សែម បានលើកឡើងថា ការសាងសង់ទំនប់វារីអគ្គិសនី នៅទន្លេសាសាននេះមិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរទេ។ លោកបន្តថា៖ «ធម្មតាការសាងសង់ទំនប់នេះ ពិតជាមានការផលប៉ះពាល់ហើយ ប៉ុន្តែ (វា) បានផ្តល់ផលប្រយោជន៍ច្រើន ជាងការប៉ះពាល់នោះ»។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលលើកទី៤ នៃសន្និសីទអន្តរសកម្មភាព និងវិធានការ កសាងទំនុកចិត្តនៅអាស៊ី នាទីក្រុងសៀងហៃ បានជួបលោក កៅ ពៃស៊ី (Cao Peixi) ប្រធានក្រុមហ៊ុន China Huaneng Group ។ ប្រធានក្រុមហ៊ុននោះ បានរៀបរាប់ដំណាល ពីដំណើរការសាងសង់ទំបន់វារីអគ្គិសនី សេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង ដែលជាគំរោងវិនិយោគរួមគ្នា ជាមួយនឹងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់លោក គិត ម៉េង ដែលនឹងរួចរាល់ក្នុងឆ្នាំ២០១៧ខាងមុខ។
គម្រោងសាងសង់ ទំនប់វារីអគ្គីសនីសេសានក្រោម២នេះ បានបង្កឲ្យមានភាពចម្រូងចម្រាស់យ៉ាងខ្លាំង រវាងភាគីរដ្ឋ ក្រុមហ៊ុនចិន និងប្រជាពលរដ្ឋ ដែលជាបញ្ហាវិវាទដ៏រាំរ៉ៃ រវាងក្រុមហ៊ុនចិន ក៏ដូចជាការទទួល«ខុសត្រូវ»របស់រដ្ឋ ជាមួយប្រជាពលរដ្ឋរងគ្រោះទាំងនោះ ហើយមកទល់នឹងពេលនេះ នៅមិនទាន់មានដំណោះស្រាយអ្វីនៅឡើយ។
សូមបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីទំនប់វារីអគ្គិសនី សេសានក្រោម២ ត្រូវបានរដ្ឋសភាជាតិអនុម័ត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ នៃសមាជិកសភា៨២លើ៩០រូប អនុញ្ញាតឲ្យក្រុមហ៊ុនហាយដ្រូ ផៅវ័រ សេសានក្រោម២ អនុវត្ត គម្រោង និងដំណើររបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ធ្លាប់បានលើកឡើង ក្នុងរដ្ឋសភាកាលពីដាក់សេចក្តីព្រាងច្បាប់ ឲ្យអនុម័តនោះថា កាលពីឆ្នាំ២០០៩ ក្រុមអ្នកឯកទេសបានប៉ាន់ស្មានថា មានឃុំចំនួនបួននឹងលិច ប៉ុន្តែការសិក្សាលម្អិត នៅពេលក្រោយមកបង្ហាញថា ឃុំដែលនឹងលិចជាក់ស្តែង គឺមានតែបីឃុំប៉ុណ្ណោះ។
បើតាមរបាយការណ៍ ដែលចេញរួមគ្នាដោយអង្គការបរិស្ថាន៣ អង្គការ NGO Forum សមាគមអភិរក្សវប្បធម៌ និងបរិស្ថាន និងអង្គការបណ្តាញការពារទន្លេបី បានបង្ហាញថា ប្រជាពលរដ្ឋរងផលប៉ះពាល់ មានចំនួន៦ភូមិ ស្មើនឹង៧៩៧ គ្រួសារ។ តែប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងនេះ មានចំនួនដល់១០២៥ គ្រួសារ។ របាយការណ៍ស្រាវជ្រាវដាច់ដោយឡែកមួយទៀត របស់អង្គការ NGO Forum បង្ហាញថា ប្រជាពលរដ្ឋរហូតដល់ទៅ១៣៤៥គ្រួសារឯណោះ បានរងផលប៉ះពាល់ដោយផ្ទាល់។
កន្លងមក តំណាងប្រជាពលរដ្ឋមូលដ្ឋាន ធ្លាប់បានយកញ្ញត្តិដាក់ទៅស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋសភាដែរ ដើម្បីសម្តែងការជំទាស់ ទៅនឹងការសាងសង់ទំនប់នេះ។ តែមកទល់និងថ្ងៃនេះ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅមិនទាន់មាននៅឡើយ។
បញ្ជាក់ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីទីរួម ខេត្តស្ទឹងត្រែង លើដៃទន្លេហូរចាក់ទៅទន្លេមេគង្គ។ ទំនប់វ៉ារីអគ្គិសនីនេះ មានសក្តានុពល ផលិតថាមពលអគ្គិសនី៤០០មេហ្គាវ៉ាត់ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០១៧៕