ONE Championship៖ ចាន់ រតនា ចាញ់កីឡាករចិន Xie Bin នៅមុននេះ

- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២១ មេសា ២០១៧
- កែប្រែចុងក្រោយ: April 21, 2017
- ប្រធានបទ: យុទ្ធគុនចម្រុះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្ដីសុបិន្តរបស់កីឡាករ ចាន់ រតនា មកពីប្រទេសកម្ពុជា ថានឹងយកឈ្នះលើកីឡាករ ចិន ឈ្មោះ «Xie Bin» សម្រាប់ការប្រកួត វិញ្ញាសារយុទ្ធគុនចម្រុះ «MMA» នៃ «ONE Championship : KINGS OF DESTINY» ក្នុងយប់ថ្ងៃទី២១ ខែមេសានេះ លើសង្វៀន «Mall Of Asia Arena» នៅរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន មិនបានសម្រេចនោះទេ។
នៅក្នុងវគ្គទីពីរ នៃការប្រកួតក្នុងទំងន់ «៦១,២០គីឡូក្រាម» នាយប់នេះ កីឡាករកម្ពុជា បានភ្លាត់ស្នៀត ចូលទៅក្នុងការក្រៀក របស់កីឡាករចិន រហូតដល់ថ្នាក់ពិបាកដកដង្ហើម និងបង្ខំចិត្តគោះដៃ សុំចុះចាញ់។ សូមទស្សនាវីដេអូខាងក្រោមនេះ ដែលត្រូវបានបង្ហោះផ្សាយ ដោយអ្នករៀបចំកម្មវិធី «ONE Championship»៖
នៅមុនការប្រកួត ចាន់ រតនា បានថ្លែងពីក្ដីសុបិន្តរបស់ខ្លួនថា៖ «ខ្ញុំចង់បង្ហាញ ពីភាពខ្លាំងមួយ អំពីអនាគតរបស់ខ្ញុំ។ ខ្ញុំចង់ទៅឲ្យបានឆ្ងាយ តាមដែលអាច [ធ្វើទៅបាន] និងទទួលបានឱកាស ប្រកួតដណ្តើមខ្សែក្រវាត់»។
កន្លងមក កីឡាករ ចាន់ រតនា អាយុ៣១ឆ្នាំ ធ្លាប់ប្រកួត ក្នុងវិញ្ញាសារយុទ្ធគុនចម្រុះ «MMA» នេះ បាន៦ដងរួចមកហើយ ក្នុងនោះ៤ដងឈ្នះ និង២ដងចាញ់។ ពីក្នុងចំណោមការឈ្នះ ទាំង៤ដង កីឡាករបានផ្ដួលគូប្រកួតឲ្យសន្លប់ ដោយបច្ចេកទេស បានចំនួន៣ដង។ ការប្រកួតចុងក្រោយ របស់កីឡាកររូបនេះ បានកើតឡើងកាលពីខែសីហាកន្លងទៅ ក្នុងព្រឹត្តិការណ៍ «ONE Championship: HEROES OF THE WORLD»។ នៅពេលនោះ កីឡាករ ចាន់ រតនា បានចាញ់កីឡាករ «Ma Hao Bin» មកពីប្រទេសចិន ដោយពិន្ទុជាឯកច្ឆន្ទ។
រីឯកីឡាករចិន ឈ្មោះ «Xie Bin» អាយុ ១៩ ឆ្នាំ មកពីក្លិប «Tianjin Top Team» វិញ ធ្លាប់ឈ្នះជាជើងឯករង ក្នុងយុទ្ធនាការដណ្តើមពាន «ONE Hefei Bantamweight Tournament»។ កីឡាកររូបនេះ ទើបនឹងចូលប្រកួត ក្នុងវិញ្ញាសារយុទ្ធគុនចម្រុះ «MMA» ជាលក្ខណៈអាជីព កាលពី ១០ ខែមុននេះប៉ុណ្ណោះ ប៉ុន្តែរូបគេបានចូលរួមប្រកួត ចំនួន៤ដង រួចមកហើយ ក្នុងនោះឈ្នះ ២ដង និងចាញ់ ២ដង។ ផ្ទុយពីអាយុ ដ៏ក្មេងវ័យរបស់ខ្លួន កីឡាករ «Xie Bin» មានជំនាញយ៉ាងពិសេស ខាងចំបាប់ និងក្បាច់ «BJJ (Brazilian Jiu-Jitsu)»៕