៥ចំណុចដែល ផាកហ្គីអៅ អាចឈ្នះ«ប្រដាល់ប្រចាំសតវត្សន៍» (vdo)
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 03, 2015
- ប្រធានបទ: ប្រដាល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ផ្លយ ម៉ាយវេដ័រ ជាប់ឈ្មោះជាអ្នកប្រដាល់ មិនដែលចាញ់ របស់អាមេរិក នៅក្នុងការប្រកួត ទាំង៤៧ដង ឈ្នះទាំង៤៧ដង និងបានវាយបំបាក់ ផ្ដួលឲ្យសន្លប់ ទៅលើគូប្រកួតបាន ២៦ដង។ ប្រសិនជាអ្នកប្រដាល់ស្បែកខ្មៅរូបនេះ ពិតជាមានប្រៀបជាង ម៉ានី ផាកហ្គីអៅ អ្នកប្រដាល់ជាតិហ្វីលីពីន នោះមែនក៏ដោយ តែគេមិនត្រូវមើលរំលង ចំណុចពិសេសទាំង៥ របស់ ផាកហ្គីអៅ ដូចខាងក្រោមនេះឡើយ៖
១) វាយលុករហ័ស
រឿងសំខាន់ទីមួយ ដែលគេត្រូវប្រយ័ត្ន នៅពេលឡើងវ៉ៃ ជាមួយ ផាកហ្គីអៅ គឺក្បាច់វាយលុករហ័ស ហើយករណីនេះ ផ្លយ ម៉ាយវេដ័រ បានដឹងជាមុន និងមិនអាចមើលងាយ ផាកហ្គីអៅ បានឡើយ។ ម៉ាយវេដ័រ មានអាយុ៣៨ឆ្នាំ រីឯ ផាកហ្គីអៅ ដែលមានរហស្សនាម «Pacman» មានអាយុ៣៦ឆ្នាំ ប៉ុន្តែបទពិសោធន៍ នៃការវាយលុករហ័ស របស់ ផាកហ្គីអៅ មានគ្រោះថ្នាក់ជាង ម៉ាយវេដ័រ។
២) ដៃឆ្វេង
មិនមែនអ្នកប្រដាល់ណា ក៏សុទ្ធតែមានដៃឆ្វេង ខ្លាំងទាំងអស់នោះឡើយ។ ប៉ុន្តែ ផាកហ្គីអៅ មានចំណុចខ្លាំងមួយនេះ ដែលអាចធ្វើការវាយលុយ លើគូប្រកួត បានគ្រប់ឱកាស។ បើតាមអ្នករៀបចំការប្រដាល់ដ៏ល្បី លោក បុប អារាម (Bob Arum) បានឲ្យដឹងថា ម៉ាយវេដ័រ បានរារែកមិនចង់ជួបជាមួយ ផាកហ្គីអៅ រហូតមកដល់ពេលនេះ ដោយសារតែ អ្នកប្រដាល់ជាតិស្បែកខ្មៅ បារម្ភពីដៃឆ្វេង របស់អ្នកប្រដាល់ហ្វីលីពីន។
៣) ល្បឿន
នៅគ្រប់ការប្រកួតទាំងអស់ ម៉ានី ផាកហ្គីអៅ តែងបានបញ្ចេញ នូវចំណុចដ៏ពិេសសនេះ ដើម្បីបង្កើនទំងន់ ទៅលើគូប្រកួត។ ជាការពិត នៅអាយុ៣៦ឆ្នាំ ល្បឿននៃចង្វាក់វ៉ៃ ហាក់ដូចជាបាត់បង់ពី ម៉ានី ខ្លះហើយ តែក៏នៅតែមានសភាព គ្រោះថ្នាក់ខ្លាំងនៅឡើយដែរ។ ផាកហ្គីអៅ អាចវាយចេញ ក្នុងរយៈពេលតែមួយ ៥ទៅ៦ដៃ ដោយគ្មានបញ្ហា។
៤) វាយទៅលើដងខ្លួន
កម្រឃើញ អ្នកប្រដាល់ណា ដែលធ្វើរឿងនេះ បានប្រសើរជាង ផាកហ្គីអៅ ណាស់។ ជាពិសេសទៅទៀត រងការវាយទៅលើដងខ្លួន ជាចំណុចមួយ ក្នុងចំណោមចំណុចខ្សោយជាច្រើន របស់ ម៉ាយវេដ័រ។ កន្លងមក អ្នកប្រដាល់អាមេរិករូបនេះ តែងដង្ហក់ខ្លាំង នៅពេលដែលគូប្រកួត បានវាយទៅលើពោះ និងទ្រូងរបស់ខ្លួន។
៥) គ្មានសម្ពាធ
ផ្លយ ម៉ាយវេឌ័រ វ៉ៃនៅក្នុងទឹកដីអាមេរិកខ្លួនឯង និងទទួលបាននូវប្រៀប ខ្លាំងជាង ម៉ានី ផាកហ្គីដ័រ។ ដោយសារតែបែបនេះ ទើបមនុស្សជាច្រើនលើសលប់ បានចាក់ខាង ម៉ាយវេដ័រ ហើយមិនបានខ្វល់ប៉ុន្មានពី ផាកហ្គីអៅ ឡើយ។ ដូច្នេះ សម្រាប់ «Pacman» កីឡាករហ្វីលីពីន វាពិតជាមិនមានសម្ពាធអ្វីខ្លាំង ដូចគូប្រកួតរបស់ខ្លួនឡើយ៕
» វីដេអូខាងក្រោមនេះ ជារូបភាពចុងក្រោយបង្អស់ របស់កីឡាករទាំងពីរ មុនឡើងសៃវៀន ក្នុងយប់ថ្ងៃសៅរ៍នេះ៖