ស្ដេច​​ស្រី​​អង់គ្លេស​មាន​ចៅ​ទួត​ទី​ពីរ... ទើបនឹងកើត ជា«ទារិកា» (vdo)

«ជាទារិកាមួយរូប»៖ ខេត (Kate) អ្នកម្នាងរបស់ព្រះអង្គម្ចាស់ វីល្លៀម (William) របស់ប្រទេសអង់គ្លេស បានប្រសូត បានបុត្រីមួយអង្គទៀត។ ទារិកានេះ នឹងក្លាយជារាជទាយាទ ក្នុងលំដាប់ថ្នាក់ទី៤ ដែលអាចនឹងស្នងរាជ្យ ពីព្រះមហាក្សត្រីយ៉ានី អេលីហ្សាបែត (Élisabeth) សព្វថ្ងៃននេះ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០២ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 02, 2015
  • ប្រធានបទ: រាជវង្សអង់គ្លេស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះបរមរាជវាំង នៃចក្រភពអង់គ្លេស បានប្រកាសឲ្យដឹង កាលពីម៉ោង ៥និង៣៥នាទី (ម៉ោងក្នុងស្រុក) ពីដំណឹងដែល​អ្នក​ម្នាង ខេត ត្រូវបានចូលទៅ ក្នុងបន្ទប់សម្រាល កាលពីព្រឹកព្រហាម ថ្ងៃសៅរ៍ទី២ ខែឧសភាពនេះ។ នៅប្រមាណជា ពីរ ម៉ោង ក្រោយមក ដំណឹងដ៏ល្អមួយ ត្រូវបានប្រកាសឡើង។

ព្រះបរមរាជវាំង បានឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា៖ «អ្នកម្នាង នៃរាជវង្សបន្តរាជ បានប្រសូត បានបុត្រីមួយ​អង្គ ដោយគ្មានបញ្ហា នាវេលាម៉ោង ៧និង៣៤នាទីព្រឹក។ ទារិកាដែលទើបនឹងកើត មានទំងន់៣,៧​គីឡូក្រាម។» លិខិត​នោះ បានបញ្ជាក់ទៀតថា ព្រះអង្គម្ចាស់ វីល្លៀម ដែលជាស្វាមី មានវត្តមាន នៅក្បែរអ្នកម្នាងរបស់ព្រះអង្គដែរ ដែល​មិន​ខុសអ្វី ពីការប្រសូតលើកមុន របស់គូស្វាមីភរិយា ក្នុងពេលដែល កុមា ហ្សក (George) បានចាប់កំណើត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ នាមន្ទីរពេទ្យ «St Mary» តែមួយដូចគ្នា។

«សុខជាធម្មតាទេ ហើយសប្បាយរីករាយណាស់» នេះជាអ្វី ដែលព្រះអង្គម្ចាស់ វីល្លៀម បានចេញមកថ្លែងយ៉ាងខ្លីមួយ ជា​មួយស្នាមញញឹម នៅពេលរសៀលថ្ងៃដដែល ខាងមុខមន្ទីរពេទ្យ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដែលធ្វើដំណើរមក​ពី​ជុំវិញ​ពិភពលោក។ បន្ទាប់ពីពាក្យប៉ុន្មានម៉ាត់នេះរួច ព្រះអង្គម្ចាស់ បានពររាជបុត្រ ហ្សក  របស់ព្រះអង្គ ត្រឡប់ចូលទៅ​ក្នុង​មន្ទីរ​ពេទ្យ​​វិញ។ ក្នុងឱកាសនោះ ព្រះរាជបុត្រតូច ក៏បានលើកដៃ ទទួលរីករាយមួយ ដាក់ក្រុមអ្នកកាសែតដែរ។

ចំណែកឯព្រះមហាក្សត្រីយ៉ានី អេលីហ្សប៊ែត ទីពីរ វិញ ទ្រង់បានមានព្រះរាជបន្ទូល «សប្បាយហឫទ័យ» ជាទីបំផុត នឹង​ដំណឹង ប្រកបដោយសុភមង្គលនេះ។ នៅក្នុងក្បួនដង្ហែយោធា ក្នុងវេលារសៀលថ្ងៃសៅរ៍ គេឃើញព្រះមហាក្រត្រីយ៉ានី គងប្រថាប់ នៅក្នុងរទេះ Yorkshire គ្រងសម្លៀកបំពាក់ពណ៌ផ្កាកូឡាប ដែលក្រុមអ្នកស្និតនឹងព្រះរាជវង្ស និយាយថា ជា​ការឧទ្ទិស ទៅរកម្ចាស់​ក្សត្រីតូច ទើបនឹងកើតនេះតែម្ដង។ នៅក្នុងក្បួននោះ ក៏គេបានឃើញព្រះអង្គម្ចាស់ ឆាល (Charles) ដែលជាបីតា របស់​ព្រះ​អង្គម្ចាស់ វីល្លៀម ដែរ។ ដូចគ្នាដែរ ព្រះអង្គម្ចាស់ ឆាល មិនបានលាក់ នូវភាពសប្បាយរីករាយ ដែល​ព្រះអង្គចង់បានចៅស្រី ច្រើន​ជាង​ចៅប្រុស សម្រាប់ការប្រសូតលើកនេះឡើយ។ ព្រះអង្គបានមានបន្ទូលថា៖ «ពិតជា​ប្រសើរ​ថ្លៃថ្លា រកអ្វីប្រៀបពុំបាន»។

រហូតលុះដល់ម៉ោងប្រមាណជា ១៨ ក្នុងល្ងាចថ្ងៃដដែល ទើបគេឃើញអ្នកម្នាង ខេត បានបីម្ចាស់ក្សត្រីតូច ដែលទើបនឹង​មាន​អាយុបានប៉ុន្មានម៉ោង នៅនឹងដៃ ចេញមករាក់ទាក់ ដាក់អ្នកសារព័ត៌មានបន្តិច មុននឹងនាងបានចូលទៅក្នុងរថយន្ដ ដឹកនាងត្រឡប់ ទៅព្រះបរមរាជវាំងវិញ។ និយាយឲ្យខ្លី អ្នកម្នាងបានប្រើរយៈពេល ប្រមាណជាង ១៣ម៉ោង ប៉ុណ្ណោះ ដើម្បី​សម្រាកប្រសូតបុត្រី នៅក្នុងមន្ទីរពេទ្យ។

ដោយឡែក ឈ្មោះរបស់ទារិកា ដែលមានចំណាត់ថ្នាក់ ស្នងរាជ្យលេខ៤ នៅក្នុងរាជវង្សអង់គ្លេសអង្គនេះ នៅមិនទាន់​ឲ្យ​ស្គាល់ឈ្មោះ នៅឡើយ។ បើទោះជាគេដឹង ពីត្រកូលរបស់ម្ចាស់ក្សត្រីតូច ដែលត្រូវភ្ជាប់ត្រកូលរបស់រាជវង្ស (Cambridge) របស់​អង់គ្លេសនេះក៏ដោយ ប៉ុន្តែគេត្រូវរង់ចាំ យ៉ាងហោចប៉ុន្មានថ្ងៃទៅមុខ ដើម្បីឲ្យបរមរាជវាំង នៃចក្រភពមួយនេះ អាច​ប្រកាស​ឈ្មោះជាផ្លូវការ។ ប៉ុន្តែពាក្យចចាមអារាម បានអណ្ដែតពេញរាជធានី ឡុងដ៍ ថាម្ចាស់ក្សត្រីតូច អាចនឹងមាន​ព្រះ​នាម Charlotte ឬ Elizabeth។ ប៉ុន្តែឈ្មោះពីរទៀត ដែលអតីតស្ដេចអង់គ្លេសមុនៗ ធ្លាប់ចូលចិត្ត ដាក់ឲ្យកូនចៅដែរនោះ ក៏មាន Victoria ឬ Alexandra មកជាមួយដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...