មិនពាក់ខ្សែរក្រវ៉ាត់ នៅពេលបង្វិលខ្លួន ធ្លាក់ស្លាប់២នាក់នៅចិន
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 02, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សពីរនាក់ បានស្លាប់ នៅថ្ងៃសុក្រ ទី០១ ខែមេសានេះ បន្ទាប់ពីបានឡើងជិះ ទោងបង្វិលខ្លួន ដែលជាម៉ាស៊ីនកំសាន្ដ ធ្វើឲ្យអារម្មណ៍រំភើប ក្នុងទីក្រុង វេនហ្សូ នៅឆ្នេរភាគខាងកើត នៃប្រទេសចិន។ សាក្សីនៅផ្ទាល់កន្លែង បានថ្លែងបញ្ជាក់ថា ជនរងគ្រោះទាំងនេះ បានធ្លាក់ពីកំពស់ទោង ប្រមាណជា២០ម៉ែត្រ នៅពេលដែលម៉ាស៊ីន «Crazy Scream» សម្រាប់ជិះកំសាន្ដនេះ បានផ្ដើមដំណើរការដំបូង។
សាក្សីត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន «shanghaiist» មកបញ្ជាក់ទៀតថា មានមនុស្សជាច្រើននាក់ បានស្រែកទៅអ្នកកាន់ម៉ាស៊ីន កុំទាន់ឲ្យដំណើរការទោងបង្វិលនោះ ដោយហេតុថា គេគួរទុកពេល ឲ្យអ្នកជិះបានពាក់ខ្សែរក្រវ៉ាត់ ឬរបាំងការពារសិន។ ហេតុការណ៍នេះ ក៏បានធ្វើឲ្យមនុស្ស៣នាក់ផ្សេងទៀត រងរបួសដែរ។ សាក្សីបានបញ្ជាក់បន្ថែមថា មនុស្សបីនាក់ បានធ្លាក់ពីកន្លែងអង្គុយរបស់ពួកគេ នៅពេលម៉ាស៊ីន បានបញ្ជូនពួកគេទៅដល់លើ ខណៈពីរនាក់ទៀត ត្រូវបានដែកធ្ងន់ៗជាច្រើន ដាច់ធ្លាក់មកត្រូវ។
អ្នកទៅកំសាន្ដក្នុងសួននោះ បានឆ្លៀតឱកាស ថតវីដេអូពីហេតុការណ៍នេះ ខណៈក្រុមបុគ្គលិកបានបណ្ដេញពួកគេចេញឲ្យឆ្ងាយ ដើម្បីអាចឲ្យគេ ធ្វើការពិនិត្យជនរងគ្រោះ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរតំបន់ បានឲ្យដឹងថា បញ្ហាមួយចំនួន នៃទោងបង្វិលខ្លួននេះ ត្រូវបានព្រមាន ឲ្យដឹងជាមុនហើយ តែម្ចាស់គ្រប់គ្រងម៉ាស៊ីន មិនបានយកចិត្តទុកដាក់ទេ។
រហូតមកដល់ពេលនេះ សួនកំសាន្ដត្រូវបានបិទ ហើយម្ចាស់គ្រប់គ្រង ត្រូវបានអាជ្ញាធរឃាត់ខ្លួន៕
បន្ទាប់ពីហេតុការណ៍នេះ ជាវីដេអូ៖