យុវតីម្នាក់ស្រាត តែរំភ្នែក អង្គុយលើជណ្ដើរចូលសកលវិទ្យាល័យ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 02, 2015
- ប្រធានបទ: សិល្បៈ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាង ម៉ូនីកា រ៉ូសវ៉ូល (Monika Rostvold) អាយុ២២ឆ្នាំ បានចំណាយពេល៤៥នាទី ដើម្បីទៅអង្គុយ នៅលើជណ្ដើរ នៃបណ្ណាល័យរបស់សកលវិទ្យាល័យ តិចសាស ដោយមានក្រណាត់បិទភ្នែកជិត កាសស្ដាប់ត្រជៀក និងនៅជាប់នឹងដងខ្លួននាង តែខោទ្រនាប់មួយប៉ុណ្ណោះ។ ទង្វើរបស់នាង បានបង្កការភ្ញាក់ផ្អើល ក៏ដូចជាចំងល់ ទៅដល់គ្រប់និស្សិត ស្រីប្រុស ដែលដើរកាត់តាមនោះ។ រូបថតដងខ្លួនននលគោក របស់នាង ត្រូវបានបង្ហោះជាបន្តបន្ទាប់ នៅលើ Twitter និង Snapchat ហើយបណ្ដាអ្នកប្រើប្រាស់ បានលើកជាមតិខុសគ្នា ចំពោះកាយវិការដ៏ចម្លែក របស់នាង មូនីកា។
បន្ទាប់ពីបានបង្កការងឿងឆ្ងល់ទាំងនេះរួច នាង ម៉ូនីកា ដែលជានិស្សិតខាងវិចិត្រកម្ម ហើយកំពុងត្រៀម យកសញ្ញាប័ត្រផងនោះ បានចេញមកបកស្រាយ នៅលើគណនី Instagram របស់នាងថា នេះជាគម្រោងមួយ ដែលមានឈ្មោះថា «ស្រីក្មេងស្រាត»។ គម្រោងរបស់នាងនេះ ចង់បង្កចំណាប់អារម្មណ៍ របស់សាធារណៈជន ពីការរំលោភបំពាន ខាងផ្លូវភេទ។ នាងបានសរសេរថា៖ «ខ្ញុំចង់ឲ្យមនុស្ស មើលឃើញរូបកាយដ៏ស្រស់ស្អាតរបស់ខ្ញុំ និងឥទ្ធិពល ប៉ុន្តែមិនមែនជាវត្ថុកាមទេព នោះទេ។ ដោយធ្លាប់ជាជនរងគ្រោះ និងមានមិត្តភ័ក្រ ជាជនរងគ្រោះ ខាងការរំលោភផ្លូវភេទ ខ្ញុំចង់បញ្ជាលើខ្លួនខ្ញុំ ដោយកាត់បន្ថយ នូវវត្តមានរបស់ខ្ញុំ និងបង្ហាញពីមនុស្សខ្ញុំទៅវិញ។»
បើតាមសារព័ត៌មានចម្រុះភាសា Huffington Post បានឲ្យដឹងថា ទង្វើរបស់នាង ម៉ូនីកា ស្ថិតក្នុងចលនាមួយ ហៅថា «Never Asking For It» ដែលជាយុទ្ធនាការប្រឆាំង នឹងការធ្វើអាជីវកម្មផ្លូវភេទ ទៅលើខ្លួនប្រាណស្ត្រី ដែលចូលរួមដោយនិស្សិតស្រី ជាច្រើននាក់។
ក្នុងពេលដែលនាង បានស្រាតអង្គុយ នៅលើជណ្ដើរ ក្រុមនគរបាលមួយកង បានចូលមកធ្វើអន្តរាគម ប៉ុន្តែនាង ម៉ូនីតា បានពន្យល់ដោយជោគជ័យ ទៅក្រុមនគរបាលទាំងនោះ ពីបុព្វហេតុរបស់នាង ដែលជាកាយវិការ«សិល្បៈ»សុទ្ធសាធ។ និស្សិតដែលជិតបញ្ចប់ការសិក្សារូបនេះ បានគូរគំនូរ«ស្រាត»ជាច្រើន ដាក់ផ្សាយនៅលើ គេហទំព័រឯកជនមួយ។ នាងបានពន្យល់ថា ផ្លូវភេទ គឺជាចំណុចសំខាន់ៗ នៃគោលការណ៍សិល្បៈរបស់នាង៕