ផ្លូវ ៣៣៦ ជិតផ្សារដើមគនៅតែស្ទះ ទោះអភិបាលខណ្ឌថានឹងលែងស្ទះ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០១ មេសា ២០១៥
- កែប្រែចុងក្រោយ: May 02, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រហូតមកដល់ពេលបច្ចុប្បន្ន នៅលើផ្លូវលេខ ៣៣៦ ស្ថិតក្នុងចំណុចផ្សារដើមគ នៅតែមាន ការកកស្ទះដដែល ថែមទាំងមានអ្នកលក់ដូរ កាន់តែច្រើនជាងមុន ទៀតផង។ បើតាមការឲ្យដឹង ពីអាជីវករនៅលក់ដូរ ផ្ទាល់នៅតាមផ្លូវ ៣៣៦ នាថ្ងៃទី០១ ខែឧសភានេះថា គាត់ពិតជាត្រូវបាន គេដេញចេញមែន កាលពីមុនចុលឆ្នាំ តែអ្នកលក់ទាំងនោះ គ្មានជម្រើស ក៏ត្រឡប់មកលក់វិញ។ អ្នកខ្លះ បានរៀបរាប់ថា ពេលមកលក់លើកនេះ ដូចជាមកឲ្យលុយគេអញ្ចឹង មួយថ្ងៃ គាត់ត្រូវចំណាយ ឲ្យសន្តិសុខផ្សារ ពី២០០០រៀល ទៅ៦០០០រៀល ទោះជាថ្ងៃខ្លះ លក់មិនដាច់ក៏ដោយ។
ផ្ទុយទៅវិញ សម្រាប់អ្នកដែលដើរផ្សារ ទិញឥវ៉ាន់ក្នុងផ្សារដើមគនេះ មិនបានខ្វល់ ពីភាពលំបាក របស់អ្នកលក់ដូរទាំងនេះទេ តែអ្នកទិញ បែរជារអ៊ូរទាំថា លក់ដូរគ្មានគិតទេ បណ្តោយផ្លូវ ក៏ចេះលក់ដែរ។ បើសូម្បីតែដើរ ក៏ដើរមិនរួចដែរ កុំថាឡើយជិះម៉ូតូ ឬកង់ ព្រោះនៅលើផ្លូវទាំងមូល គ្មានកន្លែងទំនេរ។ អ្នកស្រី ផាត រដ្ឋា ដែលកំពុងដើរ ទិញឥវ៉ាន់ក្នុងផ្សារនេះ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា គាត់ធ្លាប់បានលឺ ការអះអាង របស់លោកអភិបាល ខណ្ឌទួលគោក ជាសារធារណៈ ថាគ្មានទៀតទេ នូវការកកស្ទះ។ តែថ្ងៃនេះ គាត់មកផ្សារ បណ្តើរម៉ូតូ ក៏មិនរួចផង។
ស្ត្រីមេផ្ទះខាងលើ បានបញ្ជាក់ថា បើអាជ្ញាធ្វើមិនបាន តាមពាក្យខ្លូនឯង ហេតុអ្វីចាំបាច់ ចុះផ្សាយតាមទូរទស្សន៍ ជាសារធារណៈ ឲ្យពលរដ្ឋសប្បាយចិត្តធ្វើអ្វី ព្រោះគ្មានពលរដ្ឋណា ចង់បានពាក្យសម្តីកុហក របស់អាជ្ញាធរនោះទេ គឺចង់បានតែពាក្យពិតប៉ុណ្ណោះ។
តាមការឲ្យដឹង ពីអ្នកជិតខាង ដែលនៅម្តុំផ្សារនេះ បានឲ្យដឹងថា វាជាកាពិត ព្រោះមានការពិបាកដើរមែន នៅពេលចូលទិញឥវ៉ាន់ម្តងៗ។ អ្នកទាំងនោះ បញ្ជាក់ថា បើព្រឹក កកកុញដោយសារអ្នកលក់ដូរ នៅតាមផ្លូវ ចំណែកឯពេលល្ងាច មិនសូវមានអ្នកលក់ដូរ បែរជាមានឡានដឹកបន្លែធំៗ ចូលតាមផ្លូវនេះទៅវិញ។ អ្នករស់នៅម្តុំនោះ បានឲ្យដឹងថា កាលពីមុនឡានធំៗទាំងនោះ ធ្លាប់ចូលមកក្នុងផ្សារ បានចាប់ពីម៉ោង៨ យប់ទៅ ប៉ុណ្ណោះ តែពេលនេះមិនដឹងថា បានការអនុញ្ញាត ពីខាងណាទេ ទើបអាចចូលផ្សារបាន ទាំងថ្ងៃ ដោយមិនខ្វល់ពីអ្នកទិញឥវ៉ាន់ថា មានបញ្ហាកកស្ទះ ក្នុងផ្សារ និងការធ្វើដំណើរឡើយ។
ក្នុងពេលភ្លាមៗ បន្ទាប់ពីមានការមិនពេញចិត្ត ពីសំណាក់ប្រជាពលរដ្ឋទាំងនេះ ទស្សនាវដ្តី មិនអាចសុំការបំភ្លឺ ពីអាជ្ញាធរក្នុងខណ្ឌនេះ បានទេ ដោយសារជាថ្ងៃឈប់សម្រាក។ ដោយឡែក ចំពោះឡានដឹកទំនិញ ធុនធ្ងន់ ដែលចូលមកក្នុង រាជធានីទាំថ្ងៃបែបនេះ ក៏មិនអាចសុំការបំភ្លឺ ពីម្ចាស់ឡាន ឬអ្នកពាក់ព័ន្ធបានដែរ៕