ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​ រវាង​កម្លាំង​អាជ្ញាធរ និង​ក្រុម​ប្រដាប់អាវុធ សង្ស័៍យ​ករណី​​គ្រឿង​​ញៀន

កងកម្លាំងអាជ្ញាធរ​រាជធានី និងប្រចាំក្នុង​ខណ្ឌ​ទួលគោក បាន​ផ្ទុះ​អាវុធ​ជាច្រើន​រយ​គ្រាប់​ ជាមួយក្រុម​ជនសង្ស័យ ដែល​គេ​អះអាង​ថា មានជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។ កងកម្លាំងច្រើនជាង​១០០​នាក់​នៅពេលនេះ កំពុងធ្វើការ​ឡោមព័ទ្ធ និង​បាញ់​តបត​ ជាមួយ​ក្រុមជនសង្ស័យ​នៅឡើយ។
ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​ រវាង​កម្លាំង​អាជ្ញាធរ និង​ក្រុម​ប្រដាប់អាវុធ សង្ស័៍យ​ករណី​​គ្រឿង​​ញៀន
កងកម្លាំងចម្រុះ ដែលត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ស្ថិតក្នុងសង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។ (រូបថតសហការី)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 27, 2016
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងដែលត្រូវបានបង្ហើបឲ្យដឹង នៅពេលនេះ បានបញ្ជាក់ពីតុល្យភាពដំបូងថា មន្ត្រីកងកម្លាំង​រាជ​អាវុធ​ហត្ថ​ម្នាក់ ដែលមានរហស្សនាម និម្មិត៣៣ បានស្លាប់ នៅក្នុងការផ្ទុះអាវុធឆ្លើយឆ្លងគ្នា រវាងក្រុមកង​កម្លាំង​របស់​អាជ្ញាធរ និងក្រុមជនសង្ស័យ ដែលទាក់ទងនឹងការជួយដូរគ្រឿងញៀន។

ហេតុការណ៍​ផ្ទុះអាវុធ ​បាន​កើតឡើង​នៅ​រសៀល ម៉ោង​១៦ និង​២០​នាទី​ ក្នុងថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​៣៥១ ក្បែររង្វង់មូលកាំកូស៊ីធី ស្ថិត​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។ ​រហូត​មក​ដល់​ម៉ោង​១៧​ល្ងាច​ ថ្ងៃ​ដដែល​នេះ ការ​បាញ់ឆ្លើយឆ្លងគ្នា​រវាង​សមត្ថកិច្ច និង​ក្រុមជនសង្ស័យ នៅ​មិន​ទាន់​​បញ្ចប់​នៅឡើយ។

តាមប្រភពស្និតនឹងអាជ្ញាធរ បាន​ឲ្យ​ដឹងថា នៅរសៀលថ្ងៃទី២៧ ខែមេសានេះ កងកម្លាំងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយកងកម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ហើយ​ក្រុមសមត្ថកិច្ច បានឲ្យជននោះប្រាប់ពីកន្លែង ដែល​មេខ្លោងរបស់ជននោះតាំងនៅ។

បន្ទាប់មក​ ក្រុមអាជ្ញាធរទាំងនេះ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ទៀត​​ នៅ​ក្នុងផ្ទះ​មួយ​កន្លែង ​តាម​ការ​ចង្អុល​​បង្ហាញ តែ​មិន​មែន​ជា​មេខ្លោង​ឡើយ។ នេះបើតាមប្រភពដដែល។ រំពេចនោះ ការផ្ទុះអាវុធបាន​កើត​ឡើង រវាងកងកម្លាំងរាជអាវុធហត្ថទាំងនេះ ជាមួយនឹងក្រុមជនសង្ស័យ បណ្ដាលឲ្យមន្ត្រីរាជអាវុធម្នាក់ រង​របួស​ជា​ទម្ងន់។ មន្ត្រីរាជអាវុធហត្ថ ដែលមានរហស្សនាម និម្មិត៣៣ នោះ បានស្លាប់នៅពេលដឹក ទៅដល់​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

ប្រភពបានបញ្ជាក់ទៀតថា ទាហានជាច្រើននាក់ទៀត ត្រូវបានបញ្ជូនមកដល់កន្លែង ដែលធ្វើចំនួនសរុប នៃ​កង​កម្លាំងអាជ្ញាធរ កើនឡើង ដល់ទៅជាង១០០នាក់។ កងកម្លាំងកំពុងធ្វើការឡោមព័ទ្ធផ្ទះ ដែលគេ​សង្ស័យ​ថា មានជនសង្ស័យកំពុងលាក់ខ្លួន និងកំពុងបាញ់តទល់ នឹងក្រុមអាជ្ញាធរ។ គេហដ្ឋានមួយនោះ ទំនង​ជា​មាន​ការ​បំពាក់​ដោយកាមេរ៉ាសុវត្ថិភាពជុំវិញ ដែលធ្វើឲ្យក្រុមជនសង្ស័យអាចដឹង ពីកន្លែងឈរជើង និងការ​ចល័ត របស់កងកម្លាំងសមត្ថកិច្ច សឹងគ្រប់ពេលទាំងអស់។

ព័ត៌មានចុងក្រោយ បានឲ្យដឹងថា ក្រុមអាជ្ញាធរបានចាប់បានជនសង្ស័យបីនាក់ ដាក់បញ្ចូលទៅក្នុង​រថយន្ដ។ ប៉ុន្តែបន្ទាប់ពីការមកដល់ របស់លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅនឹង​កន្លែង​កើត​ហេតុនោះ ស្រាប់តែមានការផ្ទុះអាវុធ យ៉ាងរន្ថើនជាថ្មីទៀត ដែលធ្វើឲ្យគេយល់ថា ក្រុមជនប្រដាប់អាវុធ កំពុង​នៅ​លាក់ខ្លួននៅឡើយ នៅក្នុងគេហដ្ឋាននោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...