ប៉ា សុជាតិវង្ស ដោះស្រាយរឿងជម្លោះដីធ្លីដ៏រាំរ៉ៃមានអ្វីខ្លះ នៅរដ្ឋសភា?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 28, 2014
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«បញ្ហាដីធ្លីនៅរាជធានីភ្នំពេញ កំពុងត្រូវបានយកចិត្តទុកដាក់ដោយអាជ្ញាធរ ក្នុងការជម្រុញឲ្យបញ្ហាប្រឈមមួយនេះ ត្រូវបានដោះស្រាយ ក្នុងពេលឆាប់បំផុតនាពេលខាងមុខ» នេះជាការអះអាងរបស់លោក អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការឆ្លើយផ្ទាល់មាត់ នៅមុខគណៈកម្មការទី១ នៃរដ្ឋសភា។
នាវិមានរដ្ឋសភា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក ប៉ា សុជាតិវង្ស បានបង្ហាញនូវដំណោះស្រាយនានា ចំពោះបញ្ហាវិវាទដីធ្លី ដែលកំពុងកើតមានក្នុងរាជធានីភ្នំពេញ ដូចជាតំបន់បឹងកក់ បុរីកីឡា ថ្មគោលជាដើម។ នៅចំពោះមុខលោក អេង ឆៃអៀង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា លោកអភិបាលរាជធានីបានអះអាងថា លោកបាននឹងកំពុងធ្វើការដោះស្រាយបញ្ហាដីធ្លី ដោយយកចិត្តទុកដាក់ និងប្រឹងប្រែងខ្លាំងបំផុត នាពេលកន្លងមក។
លោកបានបង្ហាញនូវឧទាហរណ៍ជាក់ស្តែងដូចជា ករណីបឹងកក់ បុរីកីឡា ថ្មគោល បឹងត្របែក និងតំបន់ផ្សេងៗទៀត អាជ្ញាធរបាននឹងបន្តដោះស្រាយបញ្ហាជាបន្តបន្ទាប់។ ឯអ្នកដែលនៅសេសសល់ដូចជាករណីបឹងកក់សល់តែ ២៦គ្រួសារ និងខាងបុរីកីឡាសល់តែ១០០គ្រួសារនោះ។ ដោយឡែកតំបន់ជ្រោយចង្វាប្រជាពលរដ្ឋមានដី ឬផ្ទះស្ថិតនៅចម្ងាយ១០០ម៉ែត្រពីផ្លូវ អាជ្ញាធរនិងវាស់វែងទុកឲ្យពលរដ្ឋ។ ចំពោះអ្នកមានដីស្រែ ក្រុមការងារក្រុងនឹងបន្តដោះស្រាយឲ្យពួកគាត់ជាបន្តទៀត។
ចំពោះករណីការចាប់ខ្លួន អ្នកតវ៉ារឿងទឹកលិចភូមិនៅបឹងកក់ និងព្រះសង្ឃ កាលពីថ្ងៃទី១១ និងថ្ងៃបន្តបន្ទាប់មកនោះ ត្រូវបានអភិបាលក្រុងរូបនេះ លើកឡើងថា នោះមិនស្ថិតក្នុងរង្វង់នៃទំនាស់ដីធ្លីទេ ហើយក៏មិនមែនជាវិធានការរបស់លោកដែរ តែជានីតិវិធីតាមផ្លូវច្បាប់របស់តុលាការ។
ចំពោះករណីនៃការដោះសារខាងលើនេះ ត្រូវបានប្រធានគណៈកម្មការទី១ នៃរដ្ឋសភា លោក អេង ឆៃអ៊ាង មើលឃើញថា ជាករណីពាក់ព័ន្ធ និងការចោទប្រកាន់ និងការចាប់ខ្លួនអ្នកទាំងនោះ គ្រាន់តែជាករណីតូចមួយប៉ុណ្ណោះ ក្នុងរឿងបញ្ហាដីធ្លី ក៏ដូចជារឿងស្វែងរកជំនួយ ក្នុងការកាត់បន្ថយទឹកលិចលំនៅដ្ឋាននោះ។
លោកបានធ្វើសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី តាមការជជែក ពិភាក្សាគ្នា ដើម្បីជៀសវាងដោះស្រាយនូវវិធានការរដ្ឋបាល ដូចជាការការបណ្តេញចេញដោយបង្ខំ ដែលជាហេតុនាំឲ្យមានការរិគន់ច្រើនពីមជ្ឈដានជាតិ និងអន្តរជាតិ។ ហើយលោកបានស្នើបន្ថែម ដល់អភិបាលរាជធានីភ្នំពេញ ឲ្យធ្វើការបន្ធូរបន្ថយទោស ដល់អ្នកកំពុងជាប់ឃុំទាំងនោះ ឲ្យមានសេរីភាពក្នុងពេលឆាប់ៗនេះ។ លោក អេង ឆៃអៀង បានបញ្ជាក់ទៀតថា៖ «គណៈកម្មការយើងខ្ញុំ សំណូមពរឲ្យឯកឧត្តមអភិបាលពិនិត្យលទ្ធភាពក្នុងការ ជួយរកមធ្យោយបាយ ធ្វើម៉េចបន្ធូរបន្ថយដល់អ្នកបឹងកក់ដែលបានជាប់ឃុំ មានសេរីភាព ឲ្យបានឆាប់»។
ក្នុងរយៈពេលជាងបីម៉ោងនៃជំនួប ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានបញ្ជាក់ជាចុងក្រោយថា ថ្មីបើការជជែកគ្នា ផ្អែកលើការជឿទុកចិត្ត និងការទទួលយក នូវការលើកឡើងរបស់លោកអភិបាលរាជធានីក៏ដោយ លោកនៅតែបន្តតាមដានឃ្លាំមើលការអនុវត្តនេះ ចាប់ពីពេលនេះតទៅមុខ មិនចំពោះតំបន់ណា ដែលមានបញ្ហារឿងដីធ្លីនោះទេ។
សូមតាមទស្សនាកិច្ចសម្ភាសលោក ប៉ា សុជាតិវង្ស និងលោកអេង ឆៃអ៊ាង ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖
(វីដេអូមិនទាន់រួចរាល់)