វាយ​តំណាង​រាស្ត្រ៖ មន្ត្រី CNRP ថា​ជន​បី​នាក់​ចូល​សារភាព​ជា​ជំហាន​ល្អ

ការចូលសារភាពរបស់ជនបីនាក់ ទាក់ទងនឹងការវាយតប់តំណាងរាស្ត្រ កាលពីថ្ងៃទី២៦ ខែ​តុលា​កន្លងទៅ នៅមុខ​រដ្ឋសភា​នោះ ត្រូវ​បាន​មន្ត្រីគណបក្សសង្គ្រោះជាតិ វាយតម្លៃថា ជា​ជំហាន​ល្អ​មួយ សម្រាប់ការស្រាវជ្រាវ ទៅរក​ជន​ដៃដល់​ផ្សេង​ទៀត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៤ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 07, 2015
  • ប្រធានបទ: វាយតប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ជាជំហានមួយល្អ» នេះជាការថ្លែង របស់ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើ​ពុក​រលួយ នៃរដ្ឋសភា លោក ហូរ វ៉ាន់ និងជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការចូល​សារភាព នៃជនសង្ស័យបីនាក់ ជុំវិញការបង្ករបួសស្នាម ទៅលើតំណាងរាស្រ្តប្រឆាំងពីររូប កាលពីថ្ងៃទី២៦ ខែតុលាកន្លងមក។

ថ្លែងនៅចំពោះកាម៉េរ៉ាថតវីដេអូ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៤ ខែវិច្ឆិកាកន្លងមកនេះ លោក ហូ វ៉ាន់ បានសំដែងការគាំទ្រ ចំពោះចំណាត់ការរបស់អាជ្ញាធរ រហូតឈានដល់ការចូលមកសារភាព នៃ​ជន​ទាំង​បី ដែលគេជឿជាក់ថា បានវាយតំណាងរាស្រ្ត។ លោកថា អ្នកទាំងបីនេះ ជាតម្រុយមួយយ៉ាងពិសេស ក្នុង​ការ​ឈានទៅរកការវែកមុខ អ្នកដែលនៅ(បញ្ជា)ពីក្រោយ។

ជនទាំងបី ដែលសង្ស័យបានបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ២រូបនោះ បាន​បង្ហាញខ្លួន និងចូលមកសារភាព ចំពោះមុខគណៈកម្មការ​«ស្រាវជ្រាវស៊ើបអង្កេត ករណីបង្ករបួសស្នាម លើ​អ្នក​តំណាងរាស្ត្រ» នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា និងត្រូវបានបញ្ជូន មកធ្ចើការសាក​សួរ និងចោទប្រកាន់ ដោយព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ នា​ព្រឹក​ថ្ងៃ​ទី៤ ខែវិច្ឆិការ ឆ្នាំ២០១៥នេះ។

» សូមស្តាប់ និងទស្សនាការលើកឡើង របស់លោក ហូរ វ៉ាន់៖


ជនទាំង៣ ដែលបានមកសារភាពនោះ រួមមានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ, ឈ្មោះ ស៊ុត វណ្ណនី មកពី​ខេត្តកណ្តាលដូចគ្នា និងឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ មកពីខេត្តព្រៃវែង។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅយប់ថ្ងៃទី៣ ខែវិច្ឆកា ម្សិលម៉ិញនេះ។

» រូបជនសង្ស័យខាងក្រោម (ពីឆ្វេងទៅស្ដាំ) លោក ម៉ៅ ហឿន, លោក ស៊ុត វណ្ណនី, លោក ចាយ សារិទ្ធ៖

ឯអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់បានអះអាងថា ការបង្ហោះឯកសារតាម​បណ្តាញ​សង្គម ជាដើមចម នៃការរត់គេចខ្លួន របស់ជនដៃដល់ ដែលពិបាកនឹងសមត្ថកិច្ច តាមរកចាប់ខ្លួន។ ជាមួយ​នឹង​ការ​បំពេញ​នីតិវិធី ដោយសហការជាមួយតុលាការ ក្រមសមត្ថកិច្ចបានបើកការស៊ើបអង្កេត ចុះពិនិត្យ​កន្លែង​​កើត​ហេតុ និងបានទទួលនូវរូបភាព ព្រមទាំងឯកសារនានាមួយចំនួនទៀត ក៏ដូចជាការបំភ្លឺរបស់​សាក្សី ដែល​ជា​អ្នក​បើកឡាន ឲ្យតំណាងរាស្ត្រ។ យ៉ាងណាលោក គៀត ច័ន្ទថារិទ្ធ នៅតែទាមទារ ចង់បាន​ការបំភ្លឺ​ជា​ថ្មី ពី​អ្នក​បើកបរ​រថយន្ត របស់លោក គង់ សភា គឺលោក ផល ភក្តី ជាលើកទីពីរ។

ឆ្លើយទៅនឹងសំណើរនេះ លោក អេង ឆៃអៀង ប្រធានគណៈកម្មការទី១នៃរដ្ឋសភា និងជាតំណាងរាស្ត្រ មក​ពីគណបក្សសង្គ្រោះជាតិ បានបង្ហាញទស្សនៈតាមគណនីហ្វេសប៊ុកថា៖ «អ្នកបើកបររថយន្ត (ឲ្យ) លោក គង់ សភា បានជួប និងបានឆ្លើយបំភ្លឺ រយៈពេលជាងពីរម៉ោង ជាមួយគណៈកម្មការស៊ើបអង្កេត របស់​ក្រសួង​មហាផ្ទៃ​ម្តងរួចហើយ។ ដូច្នេះគ្មានហេតុផលអ្វី ដែលត្រូវទៅបំភ្លឺជាថ្មីទៀតទេ។»

សូមរំលឹកជូនថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូប លោក គង់ សុភា និង លោក ញ៉យ ចំរើន ត្រូវ​បាន​​ជន​ដៃដល់ជាច្រើននាក់ ចាប់ទាញពីក្នុងរថយន្ដ យកមកវាយទាត់ធាក់ បណ្ដាលឲ្យរងរបួសធ្ងន់ និង​សន្លប់ នៅ​ក្រៅ​វិមានរដ្ឋសភា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ ហេតុការណ៍នេះ បាន​កើត​ឡើង បន្ទាប់​តំណាង​រាស្រ្តទាំងពីររូបនេះ បានឡើងរថយន្ដជិះចេញ ពីប្រជុំរដ្ឋសភា។ បច្ចុប្បន្ន លោកទាំងពីរ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មួយ ក្នុងរាជធានីបាងកក ប្រទេសថៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...