សម រង្ស៊ី ទម្លាយសារ ហ៊ុន សែន គ្រោងផ្ទុះអាវុធពេលលោកវិលចូលស្រុក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 17, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសខ្លាំងកម្ពុជា បានគ្រោងត្រៀមផ្ទុះអាវុធ បង្កើតសង្គ្រាម នៅពេលលោក សម រង្ស៊ី វិលត្រឡប់ចូលប្រទេសវិញ។ នេះ បើតាមអត្ថបទខ្លីមួយ ដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅមុននេះបន្តិច។ អត្ថបទខ្លីនោះ ត្រូវបានទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ហៅថាជា«បទបញ្ជាសម្ងាត់» ដែលលោក ហ៊ុន សែន សរសេរទៅកាន់មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ សម្រាប់«អនុវត្តន៍លើរូប សម រង្ស៊ី»។
ដោយភ្ជាប់មកជាមួយ នូវរូបថត«ScreenShoot» នៃសារអេឡិចត្រូនិក ដែលមានប្រភព ចេញពីអស័យដ្ឋាន ឈ្មោះ «PM Hun Sen» នោះផង ទំព័រហ្វេសប៊ុករបស់មេដឹកនាំប្រឆាំង បានសរសេរឡើងវិញ ពីសេចក្ដីនៅក្នុងសារនោះថា៖ «ជូនថ្នាក់ដឹកនាំគ្រប់ថ្នាក់ ពិសេសមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ។ ថ្ងៃនេះ ខ្ញុំបញ្ជាឲ្យលុបចោល ស.ជ.ណ. ដែលហាមឃាត់ មិនឲ្យក្រុមហ៊ុនយន្តហោះដឹក សម រង្ស៊ី ចូលមកកម្ពុជា ដែល ស.ជ.ណ. មួយនេះ យើងមានបំណងល្អ ដើម្បីជៀសវាង ការបង្ហូរឈាមណាមួយ ពិសេសការស្លាប់របស់ សម រង្ស៊ី តែបំណងល្អនេះ ត្រូវបាន សម រង្ស៊ី ប្រើជាលេស ថាយើងរារាំង មិនឲ្យវាចូលមកប្រទេសកម្ពុជាវិញ»។
សារអេឡិចត្រូនិក ដែលបង្ហាញថា ត្រូវបានសរសេរនៅថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង ២ និង៣៥នាទីរសៀល បានបន្តសេចក្ដីដើមទៀតថា៖ «នេះគ្រាន់តែលុបចោលបំរាម នៃការធ្វើដំណើរ តាមយន្តហោះប៉ុណ្ណោះ មិនមែនជាការលើកលែងទោសឲ្យ សម រង្ស៊ី ទេ។ សម រង្ស៊ី នៅតែជាអ្នកមានទោស ដែលកម្លាំងអនុវត្តច្បាប់ ត្រូវតែអនុវត្ត តាមសាលដីកាតុលាការ ចាប់វាញាត់គុក ឲ្យខាងតែបាន ទោះដោយតម្លៃណាក៏ដោយ មិនអាចឲ្យអាមួយនេះ រួចខ្លួនបានឡើយ។»។
សារនោះ បានរៀបចំជាបទបញ្ជារដូច្នេះថា៖ «ការចាប់ សម រង្ស៊ី ត្រូវធ្វើនៅលើយន្តហោះតែម្តង ដោយឲ្យយន្តហោះ ទៅចតនៅព្រលានយោធា ប្រសិននៅភ្នំពេញ។ ករណី នៅសៀមរាប ឬខេត្តព្រះសីហនុ ត្រូវរកទីតាំងណាសមស្របក្រៅពីចំណតអ្នកដំណើរ។ បណ្តាអង្គភាពនៃកងទ័ពស្រួច ត្រូវត្រៀមអន្តរាគមន៍កម្ទេចចោល នូវកម្លាំងណាក៏ដោយ ដែលរារាំងការអនុវត្តន៍ច្បាប់។ បទបញ្ជានេះ អនុវត្តដោយស្ងាត់ស្ងៀម ពេលសភាពការណ៍កើតឡើង ត្រូវពង្រីកមុខសញ្ញា ទៅកាន់កន្លែងផ្សេងទៀត តាមការចាំបាច់ និងត្រូវរង់ចាំបទបញ្ជា។»។
ក្នុងពេលភ្លាមៗ និងដោយសារវេលានេះ ជាវេលាអាធ្រាតយប់ជ្រៅ នៅក្នុងប្រទេសកម្ពុជា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចស្វែងរកប្រតិកម្មណាមួយ ពីរដ្ឋាភិបាល និងពីខាងគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចតាំងពីជិត៤០ឆ្នាំ មកហើយនោះបានទេ។
ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នៅបានពន្យល់បន្ថែម ពីលើ«សារ»នេះថា៖ «បទបញ្ជានេះ បង្ហាញឲ្យឃើញថា ហ៊ុន សែន រៀបចំបង្កសង្គ្រាម និងសម្លាប់ប្រជាពលរដ្ឋ ពេល សម រង្ស៊ី វិលត្រឡប់ មកប្រទេសកម្ពុជាវិញ។ នេះក៏ជាលេសមួយទៀត ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។»។
កាលពីម្សិលម៉ិញ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបង្ហើបពីពាក្យប៉ុន្មានម៉ាត់ដែរ ទាក់ទងនឹងការប៉ុនប៉ង ជាយថាហេតុណាមួយ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។ លោកបានរៀបរាប់ថា រឿងលោក សម រង្ស៊ី ក្លាហាន ឬកំសាក ក្នុងការវិលត្រឡប់ចូលស្រុកខ្មែរវិញនោះ មិនសំខាន់ សម្រាប់គណបក្សសង្គ្រោះជាតិទេ។
លោក អេង ឆៃអ៊ាង បានសរសេរដូច្នេះ នៅលើបណ្ដាញសង្គមថា៖ «រឿងដែលសំខាន់ បើលោកប្រធាន សម រង្សុី ចូលមក នាំឲ្យគណបក្សសង្គ្រោះជាតិ ទទួលជោគជ័យ ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ នោះលោកប្រធាន ដាច់ខាតត្រូវតែចូល ទោះជាប់គុក ឬបាត់បង់ជីវិតក៏ដោយ។ តែបើ[លោក សម រង្ស៊ី] ចូល ឬមិនទាន់ចូល នាំឲ្យគេយកលេស លើក[ពេល]ការបោះឆ្នោតជាតិ ឬរំលាយគណបក្សសង្គ្រោះជាតិ នោះដាច់ខាត មិនត្រូវចូលឡើយ។»៕